website_news:2020250202

បុរសខ្មែរម្នាក់ និងស្ត្រីថៃម្នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃ ពីបទជួញដូរកុមារ និងធ្វើពលកម្មលើកុមារ

https://khmerpress.news/ cily sok February 24, 2020 at 3:59 pm

បុរសខ្មែរម្នាក់ និងស្ត្រីថៃម្នាក់ ត្រូវបានឃាត់ខ្លួន ខណៈអនីតិជនចំនួន ១៧នាក់ ដែលត្រូវបានគេជឿជាក់ថា ជាជនជាតិខ្មែរ និងវៀតណាមត្រូវបានគេជួយសង្គ្រោះ នៅក្នុងការវាយឆ្មក់ប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឡើងនៅទីតាំងចំនួន ៤ ក្នុងតំបន់ផាតុង (Patong) នៃស្រុកក្រធូ (Krathu) កាលពីថ្ងៃអាទិត្យ។ បុរសនោះឈ្មោះថា ងូ ស៊ុន (Ngo Sun) អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ និងឈ្មោះ ស៊ូផាតត្រា ចារឺនស៊ុក អាយុ ២២ឆ្នាំ ជាជនជាតិថៃ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស និងធ្វើពលកម្មលើកុមារដោយបង្ខំ។ ប្រភពបាននិយាយថា អនីតិជនត្រូវបានគេនាំយកទៅភូកេត ហើយអាជ្ញាធរនឹងត្រួតពិនិត្យពួកគេ ដើម្បីកំណត់ថាតើអ្នកណាដែលបានស្ម័គ្រចិត្តធ្វើចំណាកស្រុកខុសច្បាប់ និងអ្នកដែលត្រូវបានគេជួញដូរចូលមក។

លោកវរសេនីយ៍ទោ Jaruwat Waisaya ជំនួយការអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា ការវាយឆ្មក់នេះបានកើតឡើង បន្ទាប់ពីជនរងគ្រោះ បានរត់គេចខ្លួនទៅកាន់ទីក្រុងបាងកកកាលពីប៉ុន្មានខែមុន ហើយបានស្វែងរកជំនួយពីអង្គភាពប្រឆាំងការជួញដូរមនុស្ស។ យោងតាមសម្តីរបស់ឧត្តមសេនីយ៍ឯក Jaruwat ជនរងគ្រោះខ្លះត្រូវបានបង្ខំឱ្យធ្វើពលកម្មនៅភូកេត ខណៈដែលមួយចំនួនទៀតបានធ្វើការដោយស្ម័គ្រចិត្តជាមួយក្រុមក្មេងទំនើងជួញដូរមនុស្ស ដែលមានគ្នាយ៉ាងតិចចំនួន ៤នាក់ ដែលបានបញ្ជាពួកគេឱ្យដើរសុំលុយពីភ្ញៀវទេសចរ ឬលក់វ៉ែនតា ឬភួងផ្កានៅតាមផ្លូវ។ លោកនិយាយថា៖ «ក្មេងៗទាំងនេះ ដែលខ្លះមានអាយុតិចជាង ១៥ឆ្នាំ ត្រូវបានបង្ខំឱ្យធ្វើការតាំងពីពេលថ្ងៃត្រង់រហូតដល់ពាក់កណ្តាលអធ្រាត្រ ជារាល់ថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាកទេ»។ លោកបន្ដថា៖ «ពួកគេមួយចំនួនមិនបានទទួលប្រាក់ឈ្នួលទាល់តែសោះ ហើយអ្វីទាំងអស់ដែលពួកគេទទួលបានគឺអាហារ និងកន្លែងសម្រាប់គេងនៅក្នុងផ្ទះជួល។ អ្នកដែលខកខានមិនអាចរកប្រាក់បានចំនួន ៣,០០០បាត/ក្នុងមួយថ្ងៃ ត្រូវបានគេវាយដំ ឬវាយនឹងស្នួខោអាវ»។

យោងតាមអ្នកស៊ើបអង្កេតឱ្យដឹងថា ឪពុកម្តាយរបស់កុមារបានទទួលលុយដោយពួកឈ្មួញ ដែលពួកនោះ «បានទិញសិទ្ធិ» ដើម្បីជួលកុមារធ្វើជាអ្នករែកលក់អីវ៉ាន់នៅភូកេត។ មនុស្សជាច្រើនត្រូវបានគេប្រាប់ថា កូនៗរបស់ពួកគេនឹងមានការងារងាយស្រួលនៅក្នុងប្រទេសថៃ ដែលត្រូវចំណាយប្រហែល ៥,០០០បាត/ខែ។ ប៉ូលីសបាននិយាយថា ក្រុមអ្នកជួញដូរទាំងនេះបាននាំកុមារទាំងនោះចូលទៅក្នុងប្រទេសថៃ តាមច្រកព្រំដែនដែលមិនមានឈ្មោះច្បាស់លាស់៕ ប្រភព៖ Khmer Note

website_news/2020250202.txt · Last modified: 2020/02/25 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki