website_news:2020250301

សម្តេចតេជោ ដាក់បញ្ជាតាមរក ពលករខ្មែរមកពីថៃ ដើម្បីពិនិត្យសុខភាព ចៀសវាងការចម្លង ជំងឺកូវីដ តាមភូមិ ស្រុក

https://dap-news.com/national/ ByDR103 Posted on March 25, 2020

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាតាមរកពលករខ្មែរ ដែលមកពីថៃ ដើម្បីយកមកពិនិត្យសុខភាព ចៀសវាងការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងភូមិ ឃុំ ស្រុក។ ការលើកឡើង របស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីពលករខ្មែរធ្វើការនៅប្រទេសថៃ បានសម្រុកចូល មកស្រុកកំណើតវិញ ប្រមាណជាង១ម៉ឺន៥ពាន់នាក់ កាលពីពេលកន្លងមកនេះ។ ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចបានលើកឡើងថា ដំណាក់កាលនេះ ដល់ពេលមានការ មិនទុកចិត្តគ្នាហើយ ប៉ុន្តែគួរដឹងខ្លួនថា បើសង្ស័យគួរ នៅឆ្ងាយពីគេ ។ សម្តេចបន្តថា “ជំងឺបាត់បង់ការជឿទុកចិត្តគ្នា គឺកើតមានហើយ ហើយខ្ញុំចង់រុញ ទូកបណ្តោយទឹក គឺកុំប៉ះពាល់គ្នា។ ប៉ុន្តែខ្ញុំប្រែក្លាយចំណុចនេះ ដោយមកធ្វើលើក ដៃសំពះ ជំនួសការចាប់ដៃគ្នា ហើយចំពោះការមិនទុកចិត្តគ្នា រវាងអ្នកនៅក្បែរគ្នា គឺនៅក្នុងផ្ទះខ្លួនឯង ទៅដូច្នេះវាក៏កាត់បន្ថយ ការឆ្លងបានផងដែរ”។

ចំពោះការរីករាលដាល ជំងឺនេះក្នុងស្រុកភូមិមួយចំនួន ដែលពលករខ្មែរមកពីថៃ នោះត្រូវបានសម្តេចតេជោ បញ្ជាក់ទៅកំលាំងទាំងអស់ ចុះតាមមូលដ្ឋាន ធ្វើសកម្មភាពអប់រំ ដើម្បីប្រែក្លាយការភ័យខ្លាច ការសង្ស័យគ្នាទៅវិញទៅមក ឲ្យទៅជាចលនាការពារខ្លួន ទៅវិញ។ សម្តេចបានបញ្ជាក់ថា៖«ដំណាក់កាលការពារការឆ្លង ពីខាងក្រៅបានឆ្លងផុតហើយ ប៉ុន្តែយើងមិនឈប់ការពារនោះទេ។ យើងការពារពីខាងក្រៅផង និងការការពារខាងក្នុង និងការព្យាបាល អ្នកមានជំងឺឲ្យជា»។ សម្តេចបានលើកឡើងថា ជំងឺនេះ គឺជាជំងឺនាំចូលទាំងអស់ មិនមែនកម្ពុជាយើងទៅ ចម្លងឲ្យគេនោះទេ ។ សម្តេចសង្កត់ធ្ងន់ថា៖« ត្រូវគ្រប់គ្រងបន្ទាន់នូវពលករដែលមកពីថៃ ដែលបានចូលរួចមកហើយ ត្រូវតាមគ្រប់គ្រង អ្នកនឹងដែលការងារនេះ ត្រូវប្រគល់ឲ្យអាជ្ញាធរខេត្ត រៀបចំបណ្តាញចុះ ដើម្បីដាក់ឲ្យនៅដោយឡែក នៅតាមផ្ទះ។ ក្នុងប៉ុន្មាននេះ ខ្ញុំលើកទឹកចិត្តគ្រប់មធ្យោបាយ បានធ្វើការឃោសនា នៅតាមភូមិ»។

សម្តេចបន្ថែមថា ដើម្បីកុំឲ្យពលករមកពីថៃ មានការភ័យខ្លាច ដោយកុំធ្វើការដើរទៅណា ដោយដាក់នៅឲ្យដាច់ដោយឡែកពីគេ១៤ថ្ងៃ។ ប៉ុន្តែនៅពេលដែលរកកម្តៅ ឃើញត្រូវយកមកដាក់ នៅកន្លែងដែលរៀបចំរួចហើយ ។សម្តេចបញ្ជាក់ថា «ត្រូវធ្វើកិច្ចការងារនេះឲ្យបាន ហើយត្រូវផ្អាកការបញ្ជូនមន្ត្រីទៅចូលរួមកិច្ចប្រជុំ នៅខាងក្រៅ ហើយលុបការប្រជុំអន្តរជាតិ ទាំងអស់នៅកម្ពុជា ។ ខ្ញុំបញ្ជាដាច់ខាត មិនឲ្យមន្ត្រីទៅប្រជុំ នៅខាងក្រៅប្រទេសនោះទេ »។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា ជំងឺនេះមិនងាយចប់ទេ ហើយកិច្ចប្រជុំធំៗទាំងអស់ ត្រូវបានលុបចោល៕ ដោយ៖ ស សំណាង

website_news/2020250301.txt · Last modified: 2020/03/25 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki