website_news:2020250304

កម្លាំងអាវុធហត្ថប្រើរថយន្ត៤គ្រឿងជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់ពីថៃទៅស្រុកកំណើតវិញ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 24/03/2020

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត៤គ្រឿងនិង កម្លាំងអាវុធហត្ថចំនួន៣០នាក់បានជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃទៅស្រុកកំណើតវិញ ដោយសុវត្តិភាពដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមេបញ្ជាការងនៅព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក បោន ប៊ិន បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃទៅស្រុកកំណើតវិញដោយសុវត្តិភាពនោះដោយគោរពតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជាដល់កំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ យករថយន្តរបស់អង្គភាពអាវុធមានទាំងប៉ុន្មានយកទៅដឹកពលរដ្ឋដែលបុកមកពីប្រទេសថៃរាប់ពាន់នាក់កកកុញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកទៅស្រុកកំណើរវិញដោយសុវត្តិភាពដែលអាចធ្វើទៅបាន។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យដឹងទៀតថានៅយប់ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នោះមានពលករខ្មែរចំនួន៥.០០០នាក់ ត្រូវបានភាគីថៃអនុញ្ញាតឲ្យធ្វើដំណើរមកស្រុកកំណើតវិញ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះពួកពលករទាំង៥.០០០នេះអាជ្ញាធរកម្ពុជា តម្រូវឲ្យទៅនៅមណ្ឌលសំចតមួយរយៈ ដើម្បីត្រួតពិនិត្យសុខភាព បើរកឃើញលើបុគ្គលណាមួយសង្ស័យថាមានផ្ទុកមេរោគ គឺគេទុកឲ្យពួកគាត់នៅទីនោះរយៈពេល១៤ថ្ងៃដើម្បីព្យាបាលបើរកអត់ឃើញសង្ស័យថា មានមេរោគនោះទេ ពួកគាត់ នឹងត្រូវអនុញ្ញាតឲ្យទៅតាមលំនៅឋានរៀងៗខ្លួនវិញ ក្រោមការតាមដានពីអាជ្ញាធរមូលដ្ឋានបន្តទៀត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាកន្លែងសំចតមានចំនួន២កន្លែងទី១ នៅភូមិដីថ្មី ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ទី២ ស្ថិតក្នុងចំណតរ៉ារថភ្លើង ហើយពេលនេះពលករទាំងអស់ស្ថិតក្រោមការយកចិត្តទុកពីអាជ្ញាធរកម្ពុជាយ៉ាងខ្លាំង។ប្រជាពលរដ្ឋខ្មែរដែលវិលមកស្រុកកំណើតវិញនោះភាគច្រើន នៅតាមព្រំដែនកម្ពុជាថៃ ជាពិសេសនៅខេត្តស្រះកែវប្រទេសថៃ ដើម្បីឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ដោយខានមិនបាន ដែលចំនួនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅស្រុកកំណើតវិញនោះ គឺមានចំនួនជាង៥ពាន់នាក់ឯណោះ ហើយការធ្វើដំណើរគឺចាប់ពីព្រឹកម៉ោង៧រហូតដល់ម៉ោង ១២យប់ឯណោះ ទើបមានការបិទច្រកទ្វារតែម្ដង។

ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ពលរដ្ឋខ្មែរ ដែលដែលមកពីប្រទេសថៃនោះអាជ្ញាធរខេត្តបានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយរយៈដើម្បីរង់ចាំត្រួតពិនិត្យសុខភាពពីសំណាក់លោកគ្រូពេទ្យសិនមិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ព្រោះខ្លាចពួកគាត់ផ្ទុកនូវមេរោគកូវីដ១៩ យកទៅចម្លងដល់ក្រុមគ្រួសារ ដែលនៅឯស្រុកកំណើតរបស់ខ្លួន។ដូច្នេះត្រូវតែដាក់ពួកគាត់នៅដោយឡែកមួយរយៈ រង់ចាំឲ្យគ្រូពេទ្យពិនិត្យសុខភាពរបស់ពួកគាត់បើសិនជាជនណាសង្ស័យមានផ្ទុកមេរោគ កូវីដ១៩ គឺគេនឹងយកទៅព្យាបាលទៅតាមនីតិវិធីរបស់ពេទ្យ ហើយបើសិនជាជនណា អត់មានផ្ទុកនូវមេរោគនេះ នោះទេ នឹងគេឲ្យត្រឡប់ទៅស្រុកកំណើតវិញនាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

website_news/2020250304.txt · Last modified: 2020/03/25 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki