website_news:2020250305

អាជ្ញាធរខេត្តបាត់ដំបង រៀបចំកន្លែងស្នាក់នៅសម្រាប់ពលករមកពីថៃ ដើម្បីធ្វើតេស្តរកកូវីដ១៩

http://bayontv.com.kh/ 24/03/2020

បាត់ដំបង ៖ អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានរៀបចំកន្លែងស្នាក់នៅ និងដាក់នៅដាច់ដោយឡែកនូវពល ករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ដើម្បីពិនិត្យធ្វើតេស្តរកវីរុសកូវីដ១៩ រួមទាំងត្រៀមនូវគ្រឿងឧបភោគបរិភោគ សម្រាប់ពួកគេ ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីនេះផងដែរ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង នៅថ្ងៃទី២៤ ខែមីនា នេះ បានឲ្យដឹងថា បើតាមតួលេខ បណ្តោះអាសន្ន យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ និងពីតំបន់ផ្សេងៗ ចំនួនប្រមាណជិត២០០នាក់ មកដល់ក្រុងបាត់ដំបង ហើយសាលាក្រុង កំពុងជំរុញដល់មន្ត្រីតាមភូមិ សង្កាត់ ចុះស្រង់ស្ថិតិពីការវិលត្រឡប់របស់ពលរដ្ឋទាំងនោះ ដើម្បីមានវិធានការឆ្លើយតប ការពារការចម្លង និងជំរុញឲ្យពួកគេមកធ្វើតេស្តរកកូវីដ–១៩។ លោកបានឱ្យដឹងថា សម្រាប់ក្រុងបាត់ដំបង បានរៀបចំនូវអគារក្នុងសាលាបឋមសិក្សាសាលាបាឡាត់ នៅក្នុងសង្កាត់អូរម៉ាល់ ហើយបច្ចុប្បន្នមន្ត្រីកំពុងរៀបចំបោសសម្អាត រៀបចំបណ្ដាញទឹកភ្លើង បង្គន់ អនាម័យឲ្យបានល្អ សម្រាប់ជាទីស្នាក់នៅបណ្ដោះអាសន្ន របស់ពលករខ្មែរទាំងអស់នេះ ថែមទាំងមាន ការផ្គត់ផ្គង់នូវអាហារផងដែរ។

ក្នុងឱកាសនាំយកគ្រឿងឧបភោគបរិភោគ សម្រាប់ជួយឧបត្ថម្ភដល់សាលាក្រុង ក្នុងការផ្គត់ផ្គង់ ដល់ពលករ ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងបាត់ដំបង បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការទប់ ស្កាត់នូវជំងឺកូវីដ១៩ ទាំងថវិកា ទាំងកម្លាំងកាយ តាមរយៈការជួយផ្សព្វផ្សាយ ពីការថែទាំអនាម័យ ការមិន បំផុស បំផុលនូវព័ត៌មានមិនពិត ជាដើម។ ក្នុងការងារទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវអគារ វិទ្យាល័យព្រះមុនីវង្ស និងអគាររបស់សណ្ឋាគារ សរុបចំនួន១៨០បន្ទប់ ដើម្បីត្រៀមសម្រាប់ការស្នាក់នៅ របស់ពលរដ្ឋនៅក្នុងខេត្ត ដែលមកធ្វើតេស្តរកជំងឺកូវីដ១៩។ ក្រៅពីនោះ នៅមានរដ្ឋបាលស្រុកមួយចំនួន កំពុងរៀបចំនូវអគារស្នាក់នៅរបស់ពលរដ្ឋ ក្នុងការងារនេះផងដែរ៕

website_news/2020250305.txt · Last modified: 2020/03/25 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki