website_news:2020250306

អភិបាលរងខេត្ត ណែនាំឲ្យអាជ្ញាធរស្រុក ស្រង់ស្ថិតិពលរដ្ឋ វិលត្រឡប់មកពីក្រៅប្រទេសឲ្យបានច្បាស់លាស់ ដើម្បីបង្ការនៃការឆ្លងវីរុសកូវីដ-១៩

http://bayontv.com.kh/ 24/03/2020

កណ្តាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃផ្សេងទៀត ឲ្យបានច្បាស់លាស់ ដើម្បីបង្ការនៃការឆ្លងវីរុសកូវីដ–១៩។ ឯកឧត្ដម នៃ ចារី បានបញ្ជាក់ថា ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយ នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។ ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់។ ថ្លែងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកថវិកា ចំនួន២៩លានរៀល ឧបត្ថម្ភដល់ស្រុកកណ្ដាលស្ទឹង ដើម្បីចុះអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ចេញក្រៅពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងការបង្ការនៃការឆ្លងវីរុសកូវីដ–១៩។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរង បន្ថែមថា ការចុះយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងណែនាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺអនុវត្តតាមការគោលការណ៍ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្ដីពីវិធានការណ៍បង្ការ ទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជា។

សម្រាប់ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានបងប្អូនពលករដែលមកពីប្រទេសថៃ ចំនួន១៨នាក់ ហើយស្រុកបានអោយគាត់ពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព ឬ ពេទ្យបង្អែក មិនមានអ្នកផ្ទុកជំងឺកូវីដ–១៩ឡើយ ទើបអនុញ្ញាត អោយគាត់ទៅក្នុងសហគមន៍វិញ ព្រមចាត់មន្ត្រីជំនាញចុះពិនិត្យតាមដានសុខភាពជាប្រចាំនៅលំនៅឋាន ហើយបានណែនាំពួកគាត់ អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ការការឆ្លងទៅក្រុមគ្រួសារ និងអ្នកជិតខាង៕

website_news/2020250306.txt · Last modified: 2020/03/25 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki