website_news:2020250311

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ពលករខ្មែរទាំងអស់នៅប្រទេសថៃ កុំចាញ់បោកមេខ្យល់ដែលធានាថាជូនមកដល់កម្ពុជា និងត្រូវអនុវត្តតាមអាជ្ញាធរថៃ

https://grandnewsasia.com/ 24-03-2020

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពលករយើងទាំងអស់នៅប្រទេសថៃ កុំចាញ់បោកមេខ្យល់ ដែលថាអាចនាំចូលឆ្លងមកប្រទេសកម្ពុជាយើង ដូចជាតាមច្រករបៀង ច្រកតំបន់ជាដើមបាន។ លោកបានថ្លែងដូចនេះក្នុងឱកាសជួប និងណែនាំផ្សព្វផ្សាយវិធានការទប់ស្កាត់កូវីត១៩ ជាមួយពលករខ្មែរប្រមាណជាង៨០នាក់ នៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកដល់ព្រំដែន ហើយខាងកម្ពុជាសហការសម្របសម្រួលបានចេញមកកម្ពុជា)។ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមផ្តាំផ្ញើប្រាប់បន្តទៅបងប្អូនសាច់ញាតិនៅក្នុងប្រទេសថៃ កុំឲ្យបន្តជឿ និងចាញ់បោកមេខ្យល់ទៀត នាំឲ្យប៉ះពាល់សុខភាព ខាតបង់ប្រាក់ជាដើម។ ផ្ទុយទៅវិញសូមរក្សាការស់នៅ និងធ្វើការនៅក្នុងប្រទេសថៃស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃសិនដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលជម្ងឺកូវីត១៩ និងសុខភាព សុវត្ថិភាពខ្លួន។

គួរបញ្ជាក់ថា យោងតាមព័ត៌មានសួរនាំជាមួយបងប្អូនពលករខ្មែរនៅប្រទេសថៃ បានឱ្យដឹងថាពួកគាត់បានមកដល់កម្ពុជាត្រូវបានមេខ្យល់យកលុយប្រមាណ ៥០០បាត ទៅ១៥០០បាត ហើយនាំចេញពីប្រទេសថៃមក បើទោះមានការប្រកាសជូនដំណឹងយ៉ាងច្បាស់ហើយពីអាជ្ញាធរថៃ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បិទច្រក១៤ថ្ងៃ នៅព្រំដែនទាំងអស់ជាមួយកម្ពុជាក៏ដោយ៕

website_news/2020250311.txt · Last modified: 2020/03/25 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki