website_news:2020250312

អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលពលករនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

https://grandnewsasia.com/ 24-03-2020

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច បានសហការជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរយើង ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ប្រមាណជិត ១០០០នាក់ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ក្នុងប្រតិបត្តិការជួយដល់បងប្អូនខ្មែរយើងពេញ១ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមវិធានការរឹតបន្តឹងការពិនិត្យសុខភាព និងអប់រំផ្សព្វផ្សាយដល់ពួកគាត់ទាំងអស់ នៅមណ្ឌលសំចត និងស្ថានីយ៍រថភ្លើង ក្នុងក្រុងប៉ោយប៉ែត មុននឹងមានការអនុញ្ញាត្តឲ្យចេញទៅមូលដ្ឋានភូមិ ឃុំ ខេត្តរៀងៗខ្លួន ធ្វើការត្រួតពិនិត្យបន្តដើម្បីរួមចំណែកទប់ស្កាត់ វីរុសកូវីដ១៩ (COVID-19) ។ លោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ និងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យ មានករណីជំងឺកូវីដ ១៩ កើតឡើង ចំនួន០២ នាក់ ម្នាក់ឆ្លងមកពីប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតឆ្លងមកពីប្រទេសថៃ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងលាងដៃជាមួយទឹកសាប៊ូឱ្យបានញឹកញាប់៕

website_news/2020250312.txt · Last modified: 2020/03/25 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki