website_news:2020250315

ពលករខ្លះ ជាប់នៅព្រំដែនប្រទេសថៃ ដោយសារចូលកម្ពុជាមិនទាន់ការកំណត់បិទព្រំដែន

https://www.rfa.org/khmer/ ដោយ អូន ភាព 2020-03-24

ពលករខ្លះ ត្រូវបានរាយការណ៍ថា កំពុងជាប់នៅព្រំដែន ក្នុងប្រទេសថៃ ដោយសារតែ ពួកគាត់វិលចូលប្រទេសកម្ពុជាមិនទាន់ការកំណត់បិទព្រំដែនរបស់អាជ្ញាធរថៃ។ ព្រះសង្ឃថៃ ជាប់សែស្រឡាយខ្មែរ គង់នៅខេត្តបុរីរម្យ (Buriram) អំពាវនាវឲ្យពលករខ្មែរ គ្មានទីសម្នាក់ ទៅស្នាក់នៅវត្តបណ្ដោះអាសន្នសិន។ ព្រះសង្ឃសញ្ជាតិថៃ ជាប់សែស្រឡាយខ្មែរ ដែលគេស្គាល់ថា លោកតា ស៊ុច បានអំពាវនាវឲ្យពលករខ្មែរ កំពុងជាប់គាំង នៅច្រកព្រំដែនប្រទេសថៃ ទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងវត្តព្រះអង្គ។ ព្រះអង្គប្រាប់អាស៊ីសេរីថា ពលករខ្មែរបានសុំព្រះអង្គស្នាក់នៅក្នុងវត្តជាបន្តបន្ទាប់ ក្នុងខេត្តបុរីរម្យ ហើយព្រះអង្គ បានជួយរកការងារវត្តឲ្យធ្វើក្នុងពេលស្នាក់នៅ ដោយទទួលបានកម្រៃម្នាក់ បីរយបាត (៣០០) ឬ ១០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ ព្រះអង្គថា មានពលករខ្មែរ ចំនួន ៥នាក់ កំពុងស្នាក់នៅក្នុងវត្តបានមួយយប់ហើយ គឺមកកាលពីថ្ងៃទី២២ មីនា។ ឯនៅថ្ងៃទី២៣ មីនា ព្រះអង្គ ឲ្យដឹងថា ពលករខ្មែរមួយក្រុមធំ បានទូរស័ព្ទ មកសុំព្រះអង្គស្នាក់នៅ។

ព្រះអង្គឲ្យដឹងថា ទីធ្លាវត្តរបស់ព្រះអង្គ អាចឲ្យពលករខ្មែរស្នាក់នៅបានច្រើនរយនាក់ ហើយព្រះអង្គ ពេញព្រះទ័យនឹងជួយអស់លទ្ធភាព។ ព្រះអង្គប្រាប់ថា ពលករ ដែលគ្មានលទ្ធភាពសូម្បីលុយ ជិះឡានពីព្រំដែន ទៅវត្តក៏មិនបាច់បារម្ភដែរ គឺព្រះអង្គ នឹងចេញថ្លៃឡានឈ្នួលឲ្យ នៅពេលទៅដល់វត្ត។ ព្រះអង្គបន្តថា នៅវត្តមានបាយអង្ករគ្រប់គ្រាន់ឲ្យពលករខ្មែរ ច្រើនរយនាក់បរិភោគ ឯម្ហូបអាហារអាចរកបាននៅតាមស្រែ៖ «មកដល់តាំងពីម្សិលមិញ ឲ្យធ្វើការឲ្យមួយថ្ងៃ ១០ដុល្លារ ម្នាក់ៗ ព្រោះថា នៅ (ថៃ) ក៏មិនបានលុយ ទៅខ្មែរក៏មិនបានលុយ ឲ្យនៅវត្តទៅ។ ១ថ្ងៃ ១០ដុល្លារ ធ្វើការវត្ត ហូបបាយវត្តទៅ។ មួយក្រុមធំ (ទូរស័ព្ទ) គេសួរថា វត្តទទួលបានប៉ុន្មានរយនាក់ ត្មាប្រាប់ថា ពីរ បីរយ ក៏បានឲ្យតែមកក៏មាន។ វត្តប៉ុណ្ណាណី រីករាយ អង្ករមានដាំទៅ រកកង្កែប រកក្ដាម ស៊ីទៅ»។

ព្រះអង្គ បន្តថា ការជួយពលរដ្ឋខ្មែរ ក្នុងគ្រាអាសន្ននេះ ដោយសារ ព្រះអង្គជំពាក់គុណ ពលរដ្ឋខ្មែរច្រើន ព្រោះច្រើនឆ្នាំមកនេះ ពលរដ្ឋខ្មែរ តែងនិមន្តព្រះអង្គ ទៅទេសនានៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក។ ព្រះអង្គ ក៏មិនខ្លាចនឹងការឆ្លងជំងឺ ដោយសារជួយពលករដែរ៖ «ត្មា ជាប់គុណខ្មែរច្រើន។ ត្មា បានទៅទេសនាប្រទេសខ្មែរ បានលុយ យកមកកសាងវត្ត គឺដោយសារមកពីខ្មែរហ្នឹង។ ទី២ ត្មា បានទៅអាមេរិកា សុទ្ធតែអ្នកខ្មែរដូចគ្នា និមន្ត។ អ៊ីចឹងណា ហើយឥឡូវត្មា នឹងកសាងវត្តខ្មែរ ប្រហែលជា៣កន្លែងទៀត នៅតែចាំច្បាប់គេឲ្យ។ ចំនួន៥ឆ្នាំមុននេះ ត្មាជួយខ្មែររហូត មិនថា ជាអង្ករ ខោអាវមនុស្សចាស់ ស្បង់ ក្រមា ទៀនចូលវស្សា ធ្វើបុណ្យរាល់ឆ្នាំ។ តែត្មា មិនធ្លាប់បានថតរូបបង្ហាញគេ ចង់ឲ្យគេឃើញទេ។ អាយុប៉ិនហ្នឹងហើយ បួសមកជាសង្ឃ សិក្សាធម៌ វិន័យ អនិច្ចំ ទុក្ខំ អនត្តា ស្លាប់ថ្ងៃណា ក៏ស្លាប់ទៅ។ បើយើងខ្លាចតែជាប់រោគ ជាប់អ្វី អ៊ីចឹង យើងនឹងជួយពុទ្ធបរិស័ទណាបាន។ ព្រះសង្ឃ ជាទីពឹងពុទ្ធបរិស័ទ បើពឹងមិនបានហើយ បួសធ្វើអ្វី បួសមិនឲ្យគេពឹង»។

មកដល់ពេលនេះ អាជ្ញាធរកម្ពុជា មិនទាន់បង្ហាញរបាយការណ៍តួលេខពលករខ្មែរ ដែលសម្រុកចូលប្រទេសកម្ពុជា កាលពីថ្ងៃទី២២ មីនា និងរបាយការណ៍ ថា បានត្រួតពិនិត្យសុខភាពរបស់ពលករទាំងនោះ ឬអត់ ជាផ្លូវការទេ។ ពលករ សម្រុកចូលប្រទេសកម្ពុជាវិញ ភ្លាមៗ ដោយសារ អាជ្ញាធរថៃ កំណត់ពេលបិទព្រំដែន ទាំងអស់ ចាប់ពីថ្ងៃទី២៣ មីនា ដល់ថ្ងៃទី៥ មេសា ដើម្បីបង្ការហានិភ័យការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្សព្វផ្សាយតាមហ្វេសប៊ុក(facebook) បង្ហាញថា គ្រប់ច្រកទ្វារអន្តរជាតិកម្ពុជា ថៃទាំងអស់ បានបិទអស់ហើយ នៅថ្ងៃទី២៣ មីនា។ អភិបាលខេត្តខ្លះ បានចុះទៅត្រួតពិនិត្យ នៅច្រកទ្វារអន្តរជាតិ នៅថ្ងៃពេលបិទព្រំដែន និងទៅទទួលយកពលរដ្ឋខ្មែរ ដែលចូលមកកម្ពុជា មិនទាន់ការកំណត់។ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញថា អាជ្ញាធរខេត្ត បានទៅទទួលយកពលរដ្ឋខ្មែរ ដែលជាប់ក្នុងទឹកដីថៃ មកវិញ។ នៅម៉ោងប្រមាណ១២ ថ្ងៃត្រង់ អាជ្ញាធរនៅប៉ោយប៉ែតបានចែកនំប៉័ង ទឹកសុទ្ធ ដល់ពលរដ្ឋទាំងនោះ ព្រមទាំងអះអាង ថា បានត្រួតពិនិត្យសុខភាពទៀតផង។

ចំណែកនៅច្រកដូង ច្រកអូរចាន់គិរី ខេត្តបាត់ដំបង អាជ្ញាធរស្រុកកំរៀង បានយករថយន្ត ទៅដឹកយកពលករទាំងអស់ ទៅដាក់នៅវិទ្យាល័យកំរៀង ដើម្បីត្រួតពិនិត្យសុខភាព និងវាស់កម្ដៅ។ នៅច្រកចាំយាម ខេត្តកោះកុង អភិបាលខេត្ត លោកស្រី មិថុនា ភូថង បានចុះទៅពិនិត្យ និងនៅច្រកទ្វារជាំ អាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត (Sisaket) បន្តអនុញ្ញាតឲ្យពលរដ្ឋខ្មែរ និងថៃ ត្រលប់ចូលប្រទេសរៀងៗ ខ្លួនវិញ តែមិនឲ្យបរទេសចូលទឹកដីខ្លួនឡើយ។ គ្រប់ច្រកទាំងព្រំដែនខ្មែរ ថៃ ទាំងអស់ អាជ្ញាធរបង្ហាញថា នៅតែដោះដូរទំនិញជាមួយគ្នា បានជាធម្មតា តែមិនអនុញ្ញាតឲ្យពលរដ្ឋបរទេសចេញចូលឡើយ។ ចំពោះពលរដ្ឋខ្មែរ មានជំងឺធ្ងន់ធ្ងរ អាចចូលទៅព្យាបាលជំងឺនៅប្រទេសថៃបាន តែត្រូវត្រួតពិនិត្យរកជំងឺកូវីដ១៩ សិន។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់ ពីអាជ្ញាធរថា ពលរដ្ឋខ្មែរ នៅជាប់ក្នុងដីថៃមានទៀត ឬអស់នៅឡើយទេ ដោយសារតែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងពីរនាក់ មិនទទួលទូរស័ព្ទ។ ឯអភិបាលខេត្តបាត់ដំបង និងកោះកុង ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ក៏មិនទទួលទូរស័ព្ទដែរ នៅថ្ងៃទី២៣ មីនា។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ឲ្យដឹងថា ពលករខ្លះ ពិតជាកំពុងជាប់ក្នុងដីថៃមែន ហើយការមកយឺតរបស់ពួកគេ ដោយសារតែថៃ ជូនដំណឹងលឿនពេក ដោយទុកពេលមួយថ្ងៃ ដើម្បីបិទច្រកព្រំដែន។ ដូច្នេះ ពលករខ្លះ ចូលមកមិនទាន់។ លោក ឌិន ពុទ្ធិ បន្តថា ពលរដ្ឋខ្មែរ ដែលសម្រុកចូល កាលពីថ្ងៃទី២២ មីនា ភាគច្រើន ជាអាជីវករលក់ដូរនៅក្នុងផ្សាររុងក្លឿ អ្នករកស៊ីនៅម្ដុំព្រំដែន និងពលករធ្វើការនៅខេត្តជាប់ៗព្រំដែន ដូច្នេះពួកគាត់ ដឹងដំណឹងលឿន ថា ថៃបិទផ្សារ និងព្រំដែន ហើយត្រលប់ចូលមកទាន់ពេលវេលា។ ឯពលករខ្មែរ ធ្វើការនៅទីឆ្ងាយពីព្រំដែន ខ្លះចូលមិនទាន់ និងខ្លះទៀត មិនបានចាកចេញពីប្រទេសថៃទេ៖ «ទុកពេលតែមួយថ្ងៃហ្នឹង ដែលប្រជាពលរដ្ឋត្រូវសម្រុកចេញណា។ អ្នកខ្លះ ចេញអត់ទាន់ទេ ចេញអត់ទាន់។ និយាយទៅ បើមានបញ្ហាអ៊ីចឹងមែន ចង់ឲ្យរដ្ឋាភិបាល ក៏ដូចជាកុងស៊ុល មេត្តាជួយតាមដាន ជួយការពារពួកគាត់ ព្រោះដោយសារពួកគាត់ចេញមកអត់ទាន់ មិនមែនដោយសារពួកគាត់ទេ ដោយសារការជូនដំណឹងហ្នឹង វាលឿនពេក»។

ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា នៅតែព្រួយបារម្ភ ពីជំងឺកូវីដ១៩ អាចស្ថិតក្នុងខ្លួនរបស់ពលរដ្ឋខ្មែរ ដែលសម្រុកចូលប្រទេសកម្ពុជា ដោយមិនដឹងខ្លួន ព្រោះមន្ត្រីសុខាភិបាល ក៏មិនបានបង្ហាញវិធានការត្រួតពិនិត្យសុខភាពរបស់ពួកគាត់ នៅព្រំដែនខ្មែរ ថៃដែរ ខណៈពលរដ្ឋទាំងនោះ ធ្វើដំណើរទៅស្រុកកំណើតរៀងៗ ខ្លួន៕

website_news/2020250315.txt · Last modified: 2020/03/25 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki