website_news:2020250504

អំពាវនាវដល់ពលរដ្ឋ កុំចាញ់បោកមេខ្យល់ នាំឆ្លងដែនខុសច្បាប់ ត្រូវបន្តចូលរួមទប់ស្កាត់ពីការឆ្លង និងការចម្លងមេរោគកូវីដ-១៩

https://www.cen.com.kh/ May 25, 2020

បាត់ដំបង៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកកំរៀង បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ ចូលទៅក្នុងប្រទេសថៃ ក្នុងគោលបំណងបំផុសស្វែងរកការងារ ខណៈដែលប្រទេសថៃ ត្រូវបានបន្តដាក់ប្រទេសគេ ឲ្យស្ថិតក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាស ដែលក្រុមការងារចុះជួយស្រុកកំរៀង នាំយកអំណោយជាស្បៀង និងគ្រឿងឧបភោគ បរិភោគមួយចំនួនរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអង្ករជាអំណោយ ចូលរួមពីសប្បុរសជនជប៉ុន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែជួបការលំបាក ចំនួន២៧០ គ្រួសារ ដែលមកពីភូមិទាំង៨ក្នុងឃុំ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១ម៉ឺនរៀល។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុក ជាប់នឹងព្រំដែនកម្ពុជា ថៃ មួយចំនួនតូច បានចាញ់ឧបាយកលញុះញង់ ពីពួកមេខ្យល់ ដែលពួកគេបានប្រើល្បិច ឃោសនាអូសទាញ ឲ្យបងប្អូនឆ្លងដែនខុសច្បាប់ តាមច្រករបៀងនានា នៅក្នុងភូមិសាស្ត្រស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង។ មានបងប្អូននៅតាមបណ្តាខេត្តផ្សេងៗ និងរាជធានីផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចតម្រួតថៃ នៅតាមបន្ទាត់ព្រំដែន ចាប់បញ្ជូនឲ្យវិលត្រឡប់ មកស្រុកកំណើតខ្លួនវិញជាច្រើនលើកច្រើនសារកន្លងមកនេះ។ នេះគឺជាប្រការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្អូនក្នុងគ្រាដែលប្រទេសថៃ ហាមឃាត់មិនឲ្យឆ្លងចូលទៅក្នុងប្រទេសគេ ដោយខុសច្បាប់ ដោយសារតែវិបត្តិកូវីដ-១៩ វាបានឆ្លងរាតត្បាតរីករាលដាល នៅពាសពេញពិភពលោក។ កម្ពុជាក៏មានការឆ្លង និងចម្លងដែលបាននាំចូលពីក្រៅប្រទេស ធ្វើឲ្យកម្ពុជាយើង ជួបនូវវិបត្តិពីកូវីដ-១៩ផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទទួលអំណោយស្បៀងអាហារថា បច្ចុប្បន្ន បញ្ហាការរាតត្បាតពីកូវីដ-១៩ នៅតែជាបញ្ហាប្រឈមចំពោះមុខ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស៎បងប្អូន។ ដូច្នេះបងប្អូនត្រូវបន្តចូលរួម និងទប់ស្កាត់ពីការឆ្លង និងពីការចម្លងឲ្យបានជាដាច់ខាត។ប្រសិនបើបងប្អូនមានកូនចៅ ដែលបានវិលត្រឡប់ពីប្រទេសជិតខាង ត្រូវតែរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានរបស់ខ្លួន បានដឹង ហើយប្រការសំខាន់ទៀតនោះ ត្រូវឲ្យបងប្អូនកូនចៅ ដែលទើបតែវិលត្រឡប់ មកពីប្រទេសជិតខាង ត្រូវធ្វើចត្តាឡីស័ក ដោយរស់នៅដាច់ដោយឡែកមួយរយៈ ពីក្រុមគ្រួសាររបស់ខ្លួន។ ក្នុងករណីមានអាការ មិនស្រួល ត្រូវប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់ខ្លួន។

លោក សឿម ប៊ុនរិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅស្អាតប្រកបដោយអនាម័យ និងការធ្វើអនាម័យជាប្រចាំ ក្នុងការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្អាតដៃ មុននិងកាន់អ្វីឬធ្វើអ្វី ដើម្បីការពារនូវសុខភាពអាយុជីវិតផ្ទាល់ខ្លួនយើងម្នាក់ៗ និងដើម្បីបញ្ចៀសឲ្យបានពីការឆ្លង និងការចម្លង និងកុំឲ្យផ្ទុះសាជាថ្មីឡើងវិញមេរោគកូវីដ-១៩ នៅក្នុងសហគមន៍យើងឲ្យបានដាច់ខាត។ ដោយ មើលឃើញពីបញ្ហាផលប៉ះពាល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូននៅទីនេះ និងដោយមានការណែនាំផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានចាត់តាំងក្រុមការងារដើម្បីចុះសួរសុខទុក្ខ ពីជីវភាពផ្ទាល់របស់បងប្អូន នៅតាមខ្នងផ្ទះ និងបានគិតគូរនាំយកនូវអំណោយជាស្បៀងបន្តិចបន្តួច ដើម្បីជួយរំលែកនិងសម្រាលពីការលំបាក ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន បានមួយរយៈផងដែរ៕ អ៊ុងសារុំ

website_news/2020250504.txt · Last modified: 2020/05/25 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki