website_news:2020250508

ប៉ូលិសថៃចាប់ពលករខ្មែរ១២នាក់ដែលលួចឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2020-05-22

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរចំនួន ១២នាក់ លួចឆ្លងដែនទៅរកការងារនៅប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២១ ឧសភា។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករខ្មែរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រថុយនឹងគ្រោះថ្នាក់ច្រើនជាងពេលមុនៗ។ ប៉ូលិសអន្តោប្រវេសន៍ថៃចាប់ពលករខ្មែរចំនួន ១២នាក់ នៅស្រុកតាផាក់យ៉ា (Taphaya) ខេត្តស្រះកែវ(Srakao) ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២១ ឧសភា។ កាសែតថៃ ចុះផ្សាយនៅថ្ងៃទី២២ឧសភាថា ពលករខ្មែរដែលប៉ូលិសថៃចាប់ខ្លួននោះមានស្រី៧នាក់ និងប្រុស៥នាក់ មានអាយុចន្លោះពី២០ឆ្នាំទៅ៣៤ឆ្នាំ និងមានស្រុកកំណើតនៅខេត្តឧត្ដរមានជ័យ ៤នាក់ និង ៨នាក់មកពីខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបន្ថែមថា ពលករខ្មែរទាំងនោះឆ្លងដែនចូលប្រទេសថៃ តាមរយៈមេខ្យល់ជនជាតិខ្មែរ ដើម្បីទៅស្វែងរកការងារធ្វើនៅទីក្រុងបាងកក(Bangkok ) និងនៅខេត្តរ៉ាក់យ៉ង(Rayong)។

កាលពីថ្ងៃទី២០ ឧសភា កន្លងទៅ ប៉ូលិសថៃក៏បានចាប់ខ្លួនពលករខ្មែរចំនួន ១២នាក់ដែរ នៅពេលដែលពួកគេឆ្លងដែនខុសច្បាប់នៅស្រុកវាំងណាំយ៉េន (Vangnamyan) ខេត្តស្រះកែវ ហើយអាជ្ញាធរថៃបានបញ្ជូនពួកគេទៅដោះស្រាយតាមច្បាប់។ ទាក់ទងនឹងបញ្ហានេះប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ពេជ្រ វណ្ណា ប្រាប់អាស៊ីសេរីថា ចាប់តាំងពីរាតត្បាតជំងីកូវីដ១៩ មកមានពលករខ្មែរជាង២០០នាក់ហើយ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅខេត្តស្រះកែវដោយសារពួកគេឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ទោះជាយ៉ាងណាលោកថា ពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញអស់ហើយ។ ចំណែកពលករខ្មែរចំនួន ១២នាក់ដែលទើបចាប់ខ្លួននោះលោកថា អាជ្ញាធរថៃក៏បានបញ្ជូនមកកម្ពុជាវិញដែរ នៅរសៀលថ្ងៃទី២១ ឧសភាដដែលនោះ៖ «បាទ! ឥឡូវនេះរដ្ឋាភិបាលឱ្យទប់ស្កាត់កុំឱ្យមានការលួចចូល ឬចាញ់បោកមេខ្យល់ចូលទៅតាមច្រករបៀង នាំគេធ្វើបានគេចាប់គេអីបញ្ជូនមកវិញដដែល។ អីចឹងរដ្ឋាភិបាលកម្ពុជាមានផែនការក៏ដូចជាមានបទបញ្ជាឱ្យកម្លាំងតាមព្រំដែនហ្នឹងឱ្យទប់ស្កាត់»។ លោកបន្ថែមថា រដ្ឋាភិបាលថៃអាចបន្តបិទច្រកទ្វារព្រំដែនរហូតដល់ដើមខែកក្កដា ខាងមុខ ប្រសិនបើស្ថានការណ៍ជំងឺកូវីដ១៩ មិនបានធូរស្រាល។

ពលករខ្មែរម្នាក់នៅខេត្តកំពង់ធំ លោក ជា ខន ថ្លែងថា លោកត្រឡប់ទៅដល់ផ្ទះបានជាង ១ខែហើយ ដោយមិនទាន់ហ៊ានវិលទៅប្រទេសថៃវិញនៅឡើយទេ ព្រោះខ្លាចអាជ្ញាធរថៃចាប់ដាក់គុក។ លោកបញ្ជាក់ថា នៅក្នុងភូមិរបស់លោក មានពលករខ្មែរ ២នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីសប្ដាហ៍កន្លងទៅនេះ ដោយសារតែពួកគេឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ក៏ប៉ុន្តែក្រោយមកអាជ្ញាធរថៃបានបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ៖ «ខ្ញុំចាំមើលគេបើកច្រកខ្ញុំសម្រេចទៅមែនទែនហើយ ព្រោះពេលគេបិទច្រកចេះខ្លាចគេចាប់ដាក់គុកដូចអ្នកធ្លាប់ទៅមុនខ្ញុំ។ បើគេបិទច្រកអីចឹងខ្ញុំសម្រេចចិត្តថា នៅផ្ទះមួយរយៈសិននៅជុំប្រពន្ធជុំកូនចាំមើលពេលណា គេបើកច្រកយើងអាចចូលទៅវិញបាន។ បើអត់ហូបមានហូបយ៉ាងណានាំគ្នាតេះ (ហូប) អំបិលរកខ្យងក្ដាមខ្លះទៅ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា យល់ថា មូលហេតុដែលពលរដ្ឋឆ្លងដែនទៅប្រទេសថៃនេះ ដោយសារពួកគាត់មានជីវភាពខ្វះខាត និងគ្មានការងារធ្វើនៅក្នុងស្រុក។ លោកបញ្ជាក់ថា ការលូចឆ្លងដែនទៅប្រទេសថៃ នៅពេលនេះប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលធ្វើដំណើរតាមផ្លូវ ហើយប្រឈមនឹងទាហានថៃចាប់ដាក់គុកពីព្រោះរដ្ឋាភិបាលថៃបានដាក់ប្រទេសក្នុងគ្រាអាសន្ន៖ «មនុស្សដែលអត់ស៊ីអត់ចុកលំបាកហើយ គ្នាប្រថុយនេះគឺជាជំងឺរបស់រដ្ឋាភិបាលដែលនាំឱ្យពលរដ្ឋទាំងអស់គ្នានោះគាត់ឈឺ។ អីចឹងគាត់ឈឺដើម្បីឱ្យគាត់ជាលុះត្រាតែឱ្យគាត់មានស៊ីមានចុក មានបានគ្រប់គ្រាន់ទៅរស់នៅដោយស្រួលគឺគាត់មិនមានពលរដ្ឋទៅធ្វើចំណាកស្រុកទៀតហើយ»។

រដ្ឋាភិបាលថៃបានដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយហាមឃាត់ពលរដ្ឋធ្វើដំណើរចាប់ពីម៉ោង១១យប់ដល់ម៉ោង ៤ទៀបភ្លឺ ហើយប្រសិនបើជនណាល្មើសនឹងបម្រាមនេះ មានទោសជាប់គុក ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ម៉ឺនបាត ឬប្រហែល១.៣០០ដុល្លារអាមេរិក។ ជាមួយគ្នានេះស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកក៏បានចេញសេចក្ដីប្រកាសជាបន្តបន្ទាប់អំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលស្នាក់នៅប្រទេសថៃឱ្យសហការជាមួយរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩៕

website_news/2020250508.txt · Last modified: 2020/05/25 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki