website_news:2020250605

លោកជំទាវអភិបាលរងខេត្តសៀមរាប ទៅទទួលយកពលរដ្ឋរបស់ខ្លួន ដែលឆ្លងដែនខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2020

AKP សៀមរាប ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការទទួលបន្ទុកប្រជាពលករមកពីក្រៅប្រទេស បានដឹកនាំមន្រ្តីរបស់ខ្លួន ទៅទទួលយកបងប្អូនប្រជាពលរដ្ឋចំនួន២២នាក់ ដែលបានឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ ដែលស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ពលករទាំង២២នាក់នោះ ត្រូវបានដឹកជញ្ជូនមកដល់ខេត្តសៀមរាបអស់ហើយ ដោយក្រុមមន្រ្តីបានរៀបចំទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យខេត្ត ដើមី្បធ្វើការត្រួតពិនិត្យសុខភាព និង ដាក់ឱ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ មុននឹងចូលទៅដល់លំនៅដ្ឋានជួបជុំក្រុមគ្រួសារខ្លួនវិញ។

នៅក្នុងពិធីទទួលយកពលករដែលជាពលរដ្ឋរបស់ខ្លួននោះ លោកជំទាវ យូ សុភា បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកអូរជ្រៅ និងកម្លាំងសមត្ថកិច្ចប្រចាំច្រកអូរបីជាន់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាព សន្តិសុខ និងផ្គត់ផ្គង់អាហារដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេសនេះ ដោយក្នុងពេលនោះ លោកអភិ បាលស្រុកអូរជ្រៅ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូន កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកអូរបីជាន់រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ២លានរៀល។ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលករទាំងអស់ ដែលបានចាញ់បោកមេខ្យល់ ឱ្យចូលទៅធ្វើការងារនៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងគ្រាដែលប្រទេសជិតខាងយើង បានដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ម៉្យាងទៀតការធ្វើចំណាកស្រុករបស់បងប្អូនទៅដោយប្រថុយប្រថាន មិនបានគិតពីសុវត្ថិភាព សន្តិសុខរបស់ខ្លួននេះ វាក៏ជាអំពើជួញដូរមនុស្សទៀតផង។

នៅរសៀលថ្ងៃដដែលនោះដែរលោកជំទាវ យូ សុភា ក៏បានបន្តដំណើរទៅទទួលបងប្អូននិសិ្សតចំនួន ១៦នាក់ ដែលបានវិលត្រឡប់មកពីការធ្វើកម្មសិក្សានៅតាមរោងចក្រ របស់ក្រុមហ៊ុនមួយចំនួន នៃព្រះរាជាណាចក្រថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយក្នុងឱកាសនោះ លោកនាយករងនៃសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប បានឱ្យដឹងថា ក្រុមនិសិ្សតទាំង១៦នាក់នេះ បានទៅធ្វើកម្មសិក្សានៅតាមរោងចក្រ នៃប្រទេសថៃ តាមរយៈក្រុមហ៊ុន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយដល់ពេលផ្ទុះនូវវិបត្តិជំងឺកូវីដ-១៩ ត្រូវបានប្រទេសថៃប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បានធ្វើឱ្យខកខានដល់ក្រុមនិសិ្សតទាំងនោះ មិនអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបានឡើយ។

ក្រុមនិសិ្សត ទាំង១៦នាក់នេះ ក៏ត្រូវបានរៀបចំឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត ដើមី្បធ្វើការត្រួតពិនិត្យសុខភាព និងដាក់ឱ្យនៅដាច់ដោយឡែកក្នុង រយៈពេល១៤ថ្ងៃ ដូចបងប្អូនពលរដ្ឋឆ្លងដែនខុសច្បាប់ដែរ មុននឹងចូលទៅដល់លំនៅឋានជួបជុំក្រុមគ្រួសារខ្លួន៕ ដោយ៖ហង្ស សៀក

website_news/2020250605.txt · Last modified: 2020/06/25 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki