website_news:2020250801

អភិបាលខេត្តកំពង់ចាម៖ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ត្រូវរួមគ្នាទប់ស្កាត់

https://dap-news.com/national/ ByKD102 Posted on August 25, 2020

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត លោក អ៊ុន ចាន់ដា បានចាត់ទុក អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបង្កើនការទប់ស្កាត់ និងបង្ក្រាបកាន់តែម៉ឺងម៉ាត់បំផុត។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ក្នុងសិក្ខាសាលាស្ដីអំពី កិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ស្ថិតក្នុងឱកាសនោះ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង ខេត្តកំពង់ចាមលោក វង្ស ប៊ុនវិសុទ្ធ បានថ្លែងថា បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនមែនជាបញ្ហាផ្តាច់មុខ របស់ស្ថាប័នអយ្យការ ឬស្ថាប័នអនុវត្តច្បាប់ ស្នងការដ្ឋាន បញ្ជាការដ្ឋានគណៈកម្មា ធិការ ឬរដ្ឋបាលខេត្តតែឯងនោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយវាទាមទារការចូលរួម ឱ្យកាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅការពារប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់យើង ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារដែលពួក គេជាជនដែលងាយរងគ្រោះ និងងាយធ្លាក់ក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ លោកព្រះរាជអាជ្ញាបន្តថា ត្បិតបញ្ហានេះ ជាបញ្ហារួម ប៉ុន្តែទ័ពជួរមុខដែលមានមុខងារ សំខាន់ជាងគេក្នុងវិធានការបង្ក្រាបនោះ គឺកងកម្លាំងរបស់យើងទាំងពីរ ស្នងការដ្ឋាន និងបញ្ជាការដ្ឋាន។ «ហេតុនេះហើយទើប ក្នុងនាមខ្ញុំជាព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចក្នុងការផ្តួចផ្តើមរៀបចំ សិក្ខាសាលានេះឡើងដើម្បីបំពាក់បំប៉ន ទាំងបច្ចេកទេសផ្នែកច្បាប់ និងស្មារតី ដល់កងកម្លាំងរបស់យើងដែល ជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមុននេះខ្ញុំហៅពួកគាក់ថា ជា កងទ័ពជូរមុខ» ។ ជាមួយគ្នានោះដែរ លោកព្រះរាជអាជ្ញាបាន គូសបញ្ជាក់ថា សំណុំរឿងនៃករណីជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទភាគច្រើន គឺជនរងគ្រោះ និងជនសង្ស័យជាបុគ្គល ដែលជាប់ខ្សែស្រឡាយគ្នា ឬជាអ្នករស់នៅភូមិ ឃុំជាមួយគ្នា ហើយស្រុកចំនួន ៣ ដែលតែងតែប្រឈមនឹងករណីជួញដូរនេះ គឺស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត បានថ្លែងប្រកាន់ជំហរដាច់ខាត ដោយសហការជាមួយ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងក្រុមការងារជំនាញ នៃលេខាធិការដ្ឋានប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឱ្យជនល្មើស អន្តរការី (មេខ្យល់)​ទាំងឡាយ​ណា មានឪកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក សូមមេត្តាអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរ នៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរង គ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែ ភ្នែករបស់អាជ្ញាធរយើង។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា «អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវ កម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀត គឺការបាត់បង់អាយុជីវិតតែម្តង» ៕

website_news/2020250801.txt · Last modified: 2020/08/25 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki