website_news:2020250803

ក្រសួងអនុញ្ញាតឲ្យសហគ្រាស ស្នើសុំប្រើកម្មករបរទេស លើសពី ១០%

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 24 August 2020 | 09:11 ICT

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យសហគ្រាស ដែលស្ថិតក្រោមវិសាលភាពនៃច្បាប់ការងារអាចស្នើសុំប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណពិសេសលើសពី ១០ ភាគរយនៃចំនួនកម្មករខ្មែរសរុបក្នុងករណីដែលមិនអាចស្វែងរក ឬមិនមានកម្មករនិយោជិតខ្មែរគ្រប់គ្រាន់។ ប្រកាសចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីពាក់កណ្តាលខែសីហាឲ្យដឹងថា ម្ចាស់ ឬសហគ្រាសទាំងឡាយដែលស្ថិតនៅក្រោមវិសាលភាពមាត្រា ១ នៃច្បាប់ស្តីការងារ ដែលមានតម្រូវការប្រើប្រាស់កម្លាំងពលកម្មគឺអាចស្នើសុំប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណពិសេសលើសពី ១០ ភាគរយនៃចំនួនសរុបកម្មករនិយោជិតខ្មែរ។ ប្រកាសបន្តថា ក្នុងករណីដែលអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនេះ លុះត្រាតែសហគ្រាសទាំងនោះមិនអាចស្វែងរក ឬមិនមានកម្មករនិយោជិតខ្មែរគ្រប់គ្រាន់ សម្រាប់ចូលបម្រើការងារនៅកន្លែងណាមួយ ឬប្រភេទណាមួយ ឬតាមវេនការងារណាមួយ។ ប្រកាសរបស់ក្រសួងបញ្ជាក់ថា៖ «ដើម្បីប្រើប្រាស់កម្មករនិយោជិតបរទេសនេះ គឺម្ចាស់ ឬនាយកសហគ្រាសត្រូវធ្វើលិខិតសុំការអនុញ្ញាតដោយភ្ជាប់មកជាមួយនូវកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សររបស់ជនបរទេសនីមួយៗ។ ម្ចាស់ ឬនាយកសហគ្រាស ឬជនទាំងឡាយ ដែលប្រព្រឹត្តល្មើសនឹងបញ្ញតិទាំងឡាយនៃប្រកាសនេះត្រូវផ្តន្ទាទោសតាមជំពូកទី ១៦ នៃច្បាប់ស្តីពីការងារ»។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការសម្រេចរបស់ក្រសួងបែបនេះគឺដើម្បីបំពេញតម្រូវការចង្វាក់ផលិតកម្មពេញ ២៤ ម៉ោង លើ ២៤ ម៉ោងខណៈដែលតម្រូវការកម្លាំងពលកម្មក្នុងវិស័យមួយចំនួនដូចជាការងារវេនយប់ កសិកម្ម និងសំណង់គឺនៅមានការខ្វះខាតនៅឡើយ។ បន្ថែមពីនេះលោក បញ្ជាក់ថា ករណីដែលក្រសួង អនុញ្ញាតឲ្យសហគ្រាសអាចស្នើប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនេះគឺលុះត្រាតែការងារទាំងនោះមិនអាចស្វែងរកកម្លាំងកម្មករខ្មែរបាន។ លោកបញ្ជាក់ថា៖ «បើគ្រប់លក្ខខណ្ឌក្នុងប្រការ ១ នៃប្រកាសថ្មីនេះគឺមិនកំណត់កូតាទេ។ បើរកមិនបាន ឬពិបាករក (កម្លាំងពលកម្ម) គឺសហគ្រាសអាចរើសបាន។ យើងត្រូវការចង្វាក់ផលិតកម្ម ២៤ ម៉ោងលើ ២៤ ម៉ោង។ បើមានការងារ តែពិបាករកកម្លាំងគឺយើងត្រូវបើកចំហ»។

យោងតាមប្រកាសស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេសរបស់ក្រសួងការងារកាលពីខែសីហា ឆ្នាំ ២០១៤ បានចែងថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយនៅពេលត្រូវការជ្រើសរើសកម្មករនិយោជិតត្រូវធ្វើការជ្រើសប្រជាពលរដ្ឋខ្មែរជាអាទិភាព។ ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនឲ្យលើសពី ១០ ភាគរយនៃចំនួនកម្មករនិយោជិតខ្មែរសរុបទេ ដោយអត្រាកំណត់អតិបរមា ១០ ភាគរយនេះត្រូវកំណត់បែងចែកនិយោជិតបរទេស ដែលធ្វើការក្នុងការិយាល័យចំនួន ៣ ភាគរយ និយោជិត ឬកម្មករឯកទេស ៦ ភាគរយ និងនិយោជិត ឬកម្មករគ្មានឯកទេស ១ ភាគរយ។

លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានសម្តែងភាពភ្ញាក់ផ្អើលដែលក្រសួងការងារសម្រេចឲ្យសហគ្រាសអាចប្រើប្រាស់កម្មករបរទេសលើសពី ១០ ភាគរយ។ លោកបន្តថា ស្ថិតក្នុងដំណាក់កាលនេះ ក្រសួងមិនគួរណាសម្រេចដូច្នេះនោះទេ ព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរដែលបានវិលត្រឡប់ពីបរទេសកំពុងតែប្រឈមការគ្មានការងារធ្វើ។ លោកថា៖ «របាយការណ៍របស់ក្រសួងមហាផ្ទៃបញ្ជាក់ហើយថា ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញហ្នឹងមិនតិចជាង ១៣ ម៉ឺននាក់ទេ។ អ៊ីចឹង មនុស្ស ១២ ទៅ ១៣ ម៉ឺននាក់ហ្នឹង តើពួកគាត់មានការងារធ្វើឬទេ? ខណៈដែលរឿងសំខាន់របស់ពួកគាត់ គឺរឿងបំណុល។ ខ្ញុំគិតថា ការឲ្យពលរដ្ឋបរទេសមានសិទ្ធិធ្វើការលើសពី ១០ ភាគរយនេះគឺហាក់បើកឱកាសឲ្យមានការប្រកួតប្រជែងគ្នារវាងកម្មករបរទេស និងកម្មករខ្មែរ»។ ម្យ៉ាងទៀតលោកសង្កេតឃើញថា បើទោះបីជាកម្ពុជាមិនទាន់មានច្បាប់ដែលអនុញ្ញាតឲ្យសហគ្រាសអាចប្រើប្រាស់កម្មករបរទេសលើសពី ១០ ភាគរយក៏កន្លងទៅមានសហគ្រាសមួយចំនួន ជាពិសេសក្នុងវិស័យកសិកម្មបានប្រើប្រាស់កម្លាំងពលកម្មបរទេស ច្រើនលើសលប់រួចទៅហើយ ហើយចំពោះការសម្រេចបើកឱកាសតាមផ្លូវច្បាប់បែបនេះ លោក បារម្ភថាកម្ពុជាអាចនឹងក្លាយទៅជាគោលដៅនៃការជួញដូរមនុស្ស៕

website_news/2020250803.txt · Last modified: 2020/08/25 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki