website_news:2020250805

ពលករខ្មែរធ្វើការនៅលើទូកនេសាទថៃម្នាក់រៀបរាប់ពីទុក្ខលំបាកពេលគ្រោះថ្នាក់លិចទូកនៅកណ្ដាលសមុទ្រថៃ

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2020-08-24

ពលករខ្មែរធ្វើការនៅលើទូកនេសាទថៃជាង ១០ឆ្នាំម្នាក់ ដែលផ្ទុះធុងហ្គ្រាសលិចទូកស្ទើរស្លាប់នៅកណ្ដាលសមុទ្រកាលពីថ្ងៃទីចុងខែកក្កដា បានសម្រេចចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយឈប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ។ ពលកររូបនេះបញ្ជាក់ថា មូលហេតុដែលលោកត្រឡប់ទៅផ្ទះវិញ គឺដោយសារស្ថានភាពរបួសធ្ងន់ធ្ងរមិនទាន់ជាសះស្បើយ មិនអាចការងារបាន និងការភ័យតក់ស្លុតក្នុងហេតុការណ៍គ្រោះថ្នាក់ពេលធ្វើការនៅក្រៅប្រទេស។ តើពលករខ្មែររូបនេះជួបគ្រោះថ្នាក់បែបណាបានជាលោកសម្រេចបោះបង់ចោលការងារនៅប្រទេសថៃ?បុរសសម្បុរស្រអែម មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង គឺលោក វ៉ាន់ ឡុន រៀបរាប់ថា លោកបានរួចផុតពីការស្លាប់ គឺជាសំណាងមួយដ៏ធំនៅក្នុងជីវិត ពីព្រោះលោកបានឆ្លងកាត់ស្ថានភាពដ៏អាក្រក់នៅកណ្ដាលទឹកសមុទ្រតែម្នាក់ឯងចំនួន ៤ថ្ងៃ ដោយពុំមានអាហារហូបចុកឡើយ។ លោកឱ្យដឹងថា កាលពីចុងខែកក្កដា លោកជួបគ្រោះថ្នាក់ដោយផ្ទុះធុងហ្គ្រាសដាំបាយ បណ្ដាលឱ្យឆេះទូកលិចនៅកណ្ដាលសមុទ្រតែម្នាក់ឯង នៅក្នុងខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ ដោយពុំមានអ្នកណាម្នាក់បានដឹងឡើយ ព្រោះទូកនេសាទនោះលោកធ្វើដំណើរម្នាក់ឯង ដឹកឧបករណ៍បំភ្លឺភ្លើងសម្រាប់នេសាទត្រីយកទៅឱ្យក្រុមការងាររបស់លោក ដែលកំពុងនេសាទនៅកណ្ដាលសមុទ្រប្រទេសថៃ។ លោកបន្ថែមថា នៅមុនពេលទូកលិចប្រមាណ ១០នាទី លោកប្រមូលបានទូរស័ព្ទមួយគ្រឿង និងលិខិតឆ្លងដែនមួយក្បាលច្រកថង់ ដោយចងជាប់នឹងគម្របធុងទឹកកក ទំហំទទឹងជាងកន្លះម៉ែត្រ និងបណ្ដោយប្រហែល ១ម៉ែត្រ សម្រាប់តោងហែល ដើម្បីកុំលង់ទឹកស្លាប់។ លោកបន្តថា នៅពេលនោះលោកបានថតវីដេឃ្លិបប្រមាណ ១០នាទី ទុកនៅក្នុងទូរស័ព្ទរបស់លោក ដើម្បីឱ្យសាច់ញាតិមើលនៅដង្ហើមចុងក្រោយ ដែលលោកជួបគ្រោះថ្នាក់នៅលើទឹកសមុទ្រ។ បុរសវ័យ ២៥ឆ្នាំរូបនេះឱ្យដឹងថា នៅពេលនោះលោកមិនសង្ឃឹមថានឹងមានជីវិតបានត្រឡប់ទៅជួបប្រពន្ធកូននៅស្រុកខ្មែរវិញទេ ពីព្រោះចំងាយប្រមាណ ៥០គីឡូម៉ែត្រនៅជុំវិញលោកពុំមានទូកឬអ្នកនេសាទណាម្នាក់ឡើយ៖ «និយាយទៅឈឺចុកចាប់ពេញខ្លួន ត្រូវទឹកព្រៃក៏វាក្រហាយដូចគេយកម្ទេសមកប្រឡាក់ខ្លួនអីចឹង។គិតថា ខ្លួនឯងដូចសាកសពមួយអណ្ដែតទឹកហើយ ព្រោះយើងឆេះខ្លួនលែងយល់ មានកូនត្រីតូចវាមកចឹកស៊ី ព្រោះយើងឆេះពេញខ្លួន ពេលយប់យើងមើលមិនវាឃើញវាមកកាន់តែ វាស៊ីដំបៅក្រហូងសាច់អស់ហើយ។ពេលខ្លះយើងដឹងទៅក៏យើងបង្អើលៗវាចេញទៅ ពេលខ្លះអត់ដឹងវាមកស៊ីតាមចិត្តភាគច្រើនជើង ព្រោះជើងយើងនៅក្នុងទឹករហូត»។

នៅក្នុងវីដេអូឃ្លិបដែលលោកបានចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បុរសម្នាក់នេះត្រូវភ្លើងឆេះរោលពេញមុខ និងដងខ្លួន ដែលលោកបានរៀបរាប់ទាំងទឹកភ្នែកហៅគេឯងឱ្យទៅជួយសង្គ្រោះជីវិតលោកនៅកណ្ដាលសមុទ្រថៃ។ លោក វ៉ាន់ ឡុន ប្រាប់ថា ទីតាំងដែលទូករបស់លោកលិចនោះចំងាយពីដីគោកក្នុងខេត្តរ៉ាក់យ៉ង (Rayong) ប្រមាណ ២០០គីឡូម៉ែត្រ ដែលលោកផឹកទឹកសមុទ្រចំនួន ៤ថ្ងៃដោយពុំបានហូបអាហារអ្វីឡើយ។ លោកថា នៅពេលមានខ្យល់បក់ខ្លាំងម្ដងៗ រលកទឹកសមុទ្របានរុញច្រានលោករបូតដៃចេញពីគម្របធុងទឹកកក ដែលលោកតោងហែលទឹក ចំងាយប្រមាណ ៥ម៉ែត្រ ក៏ប៉ុន្តែលោកថា លោកខំប្រឹងហែលទឹកតាមរកគម្របធុងទឹកកកមកវិញ ដើម្បីតោងកុំឱ្យលង់ទឹកស្លាប់៖ «យើងមិនសូវមានកម្លាំងទេ យើងចេះតែប្រឹងអោបខ្លាចវារបូតទៅយើងអត់មានអីតោង បើយើងមានគម្របទូទឹកកកយើងអាចជួយបណ្ដែតខ្លួនបានខ្លះ ដល់ពេលមានរលកធំៗមកវាយក្រឡាប់គម្របធុងទឹកកកហ្នឹង ក៏យើងប្រឹងហែលដេញចាប់មកវិញខ្លាចយើងអត់មានអីតោង។ជីវិតខ្ញុំធ្លាប់អស់សង្ឃឹមថាយើងលែងមានជីវិតមកវិញ ដល់ពេលគេរកឃើញខ្ញុំសប្បាយចិត្តណាស់ ថង់ខ្ញុំច្រកទូរស័ព្ទហ្នឹងខ្ញុំគ្រវីទៅគេឃើញក៏គេបើកកាណូតមក។ ពេលខ្លះយើងអស់សង្ឃឹមខ្លាចគេរកមិនឃើញលែងបានជួបមុខប្រពន្ធកូន និងគ្រួសារ តែពេលខ្លះយើងឱ្យកម្លាំងចិត្តខ្លួនយើងនៅមានសង្ឃឹមខ្លះអាចមកជួបគ្រួសារវិញ»។

លោកឱ្យដឹងទៀតថា នៅកន្លែងលោកធ្វើការនោះ មានពលករខ្មែរប្រមាណ ៤០នាក់ ក៏ប៉ុន្តែពួកគេពុំបានដឹងថា លោកលិចទឹកទូកនោះទេ ដោយពួកគេដឹងនៅពេលដែលលោកបាត់ការទាក់ទងចំនួន ២ថ្ងៃ ក៏បាននាំគ្នាបើកកាណូតតាមរកលោក។ ទោះយ៉ាងណា ពលកររូបនេះត្រូវបានអ្នកនេសាទថៃប្រទះឃើញ និងស្រង់លោកឡើងពីទឹកសមុទ្រ បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងខេត្តរ៉ាក់យ៉ងចំនួន ៣ថ្ងៃ ក៏ចេញពីមន្ទីរពេទ្យ កាលពីដើមខែសីហា។ ពលករមានស្រុកកំណើតខេត្តកំពង់ឆ្នាំងរូបនេះ ថ្លែងថា ក្រោយពេលលោកចេញពីមន្ទីរពេទ្យបាន ២ថ្ងៃ មានមន្ត្រីស្ថានទូតខ្មែរប្រមាណ ៦នាក់បានចុះទៅសួរសុខទុក្ខលោក និងជួយប្រាក់ចំនួន ១ម៉ឺនបាត (១០.០០០) ឬប្រមាណ ៣០០ដុល្លារអាមេរិក។ ចំណែកថៅកែនៅកន្លែងធ្វើការធ្វើរបស់លោកជួយចេញថ្លៃព្យាបាលរបួស និងឱ្យប្រាក់លោកចំនួន ៥ពាន់បាត (៥.០០០) ឬប្រមាណ ១៦៥ដុល្លារ ដើម្បីឱ្យលោកធ្វើសោហ៊ុយត្រឡប់ទៅផ្ទះវិញ។

ប្រពន្ធជនរងគ្រោះ លោកស្រីហឹម គឹមហៀង ប្រាប់អាស៊ីសេរីថា លោកស្រីស្លុតចិត្តយ៉ាងខ្លាំងនៅពេលឃើញវីដេអូឃ្លិប ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុក ដែលប្ដីរបស់លោកស្រីត្រូវភ្លើងឆេះដោយលិចទូកនៅកណ្ដាលសមុទ្រថៃនោះ។លោកស្រីបញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកស្រីឈប់ឱ្យប្ដីរបស់គាត់ទៅធ្វើការលើទូកនេសាទនៅប្រទេសថៃទៀតហើយ ព្រោះការងារដែលប្ដីធ្វើនេះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត៖ «ខ្ញុំឃើញរូបភាពប្ដីខ្ញុំតក់ស្លុត ហើយស្រែកយំ នឹកឃើញអាណិតប្ដី ជីវិតប្ដីខ្ញុំដូចកើតម្ដងទៀតខ្ញុំសប្បាយចិត្តណាស់ មិនមែនអ្វីមកផ្ទឹមបានទេ រឿងលុយមិនសំខាន់ដល់ប្ដីទេ។នៅស្រុកខ្មែរមានការងារមានប្រាក់ខែតិចតួចយើងចេះតែធ្វើទៅ ដើម្បីដោះស្រាយជីវភាពបានមួយពេលៗ។ ខ្ញុំសូមផ្ដាំផ្ញើបងៗ ទាំងឡាយដែលគាត់ទៅធ្វើការលើទូកនេសាទនៅប្រទេសថៃ សូមឱ្យប្រយ័ត្នប្រយែងកុំឱ្យមានគ្រោះថ្នាក់ដូចប្ដីខ្ញុំ»។ ពលករខ្មែររូបនេះធ្វើការនៅលើទូកនេសាទថៃជាង ១០ឆ្នាំតាំងពីនៅវ័យកុមារ ដោយ ៦ឆ្នាំមុនលោកធ្វើការនៅប៉ាតានី (Pattani) នៅភាគខាងត្បូងទីក្រុងបាងកក ចំងាយប្រមាណ ១ពាន់ (១.០០០)គីឡូម៉ែត្រ និងធ្វើការនៅខេត្តរ៉ាក់យ៉ង ចំនួន ៥ឆ្នាំ ដោយបានប្រាក់ឈ្នួល ប្រមាណ១៣.០០០ពាន់បាត ឬប្រហែល ៤៣០ដុល្លារអាមេរិក ក្នុងមួយខែ។ ប្ដីប្រពន្ធមួយគួរនេះនិយាយដូចគ្នាថា ប្រាក់ខែទាំងនេះមិនបានជួយឱ្យជីវភាពគ្រួសាររបស់គាត់ធូរធារឡើយ។ ពលកររូបនេះ បានត្រឡប់ទៅស្រុកកំណើតវិញ កាលពីថ្ងៃទី២០ សីហា ដោយសាររបួសដែលបណ្ដាលមកពីភ្លើងឆេះរាងកាយមិនទាន់ជាសះស្បើយនៅឡើយ ហើយលោកមិនអាចធ្វើការងារបាននោះទេ។

មន្ត្រីអង្គការសង់ត្រាស់(Central)ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា កត់សំគាល់ថា ពលករខ្មែរធ្វើការនៅលើទូកនេសាទថៃ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតជាងគេ ហើយត្រូវថៅកែបោកប្រាស់កម្លាំងពលកម្ម ដោយបង្ខំឱ្យធ្វើការច្រើនម៉ោងបានប្រាក់កម្រៃតិចតួចជាដើម។ លោកបន្ថែមថា មានពលកររាប់រយនាក់ ដែលអង្គការរបស់លោក និងរដ្ឋាភិបាលបានជួយសង្គ្រោះក្នុងអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២៤ សីហានេះ ពួកគេនៅតែមិនទាន់ទទួលបានសំណងនៅឡើយ។៖ «ការងារចុះទូកនេះជាប្រភេទការងារគ្រោះថ្នាក់ បើថាគេចពីផ្ទះទៅធ្វើការស្រុកគេសូមជ្រើសរើសការងារ តាមរោងចក្រ ការងារណាដែលមិនប្រឈមគ្រោះថ្នាក់។ចំពោះការងារដែលគួរប្រយ័ត្នប្រយែងហ្នឹងការងារចុះទូក ការងារសំណង់ ដែលជាប្រភេទការងារខ្វះការការពារ។ អីចឹងរដ្ឋាភិបាលប្រទេសបញ្ជូនក៏ដោយប្រទេសទទួលក៏ដោយធ្វើយ៉ាងម៉េចធានានូវ ដំណើរភាពមានប្រព័ន្ធការធានាសុវត្ថិភាព»។

កាលពីខែមិថុនាឆ្នាំ២០១៩ មានពលករខ្មែរចំនួន ២នាក់បានលិចទូកស្លាប់ម្ដងរួចមកហើយ ក្នុងពេលដែលពួកគេធ្វើការនៅលើទូកនេសាទថៃ នៅខេត្តត្រាត ប្រទេសថៃ។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ ២លាននាក់ធ្វើការនៅប្រទេសថៃ ក្នុងនោះពលករប្រមាណ ១ម៉ឺននាក់ ធ្វើការនៅលើទូកនេសាទ៕

website_news/2020250805.txt · Last modified: 2020/08/25 12:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki