website_news:2020250901

ខាងថៃចាប់បានរហូត តែខាងខ្មែរគ្មានអ្នកចេញមុខទទួលខុសត្រូវ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១០:៥៣ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ករណីឆ្លងដែនខុសច្បាប់ទាំងមនុស្ស ទាំងទំនិញកើតមានមិនឈប់ឈរ ខណៈខាងថៃចាប់បានរហូត តែខាងកម្ពុជាហាក់គ្មានអ្នកទទួលខុសត្រូវ ពោលបានត្រឹមទទួលពេលគេបញ្ជូនត្រឡប់មកវិញតាមច្រកកិច្ចព្រមព្រៀងឬច្រកអន្តរជាតិប៉ោយប៉ែតនិងច្រកតំបន់។ ជាក់ស្តែងកន្លងមកក៍ដូចជាបច្ចុប្បន្ន ភាគីថៃចាប់បានទំនិញចោទថានាំចូលមកដីគេខុសច្បាប់និងរំលោភកម្មសិទ្ធិបញ្ញា និងចាប់ពលករជាបន្តបន្ទាប់ក្រោយឆ្លងព្រំដែននិងពេលខ្លះកំពុងជិះរថយន្តនៅលើទឹកដីរបស់គេ។ ពលករ១៣នាក់ ក្នុងនោះប្រុស៨នាក់ ស្រី៥នាក់ មានទាំងកុមារ២នាក់ផង ត្រូវសមត្ថកិច្ចថៃធ្វើកាឃាត់ខ្លួនលើដងផ្លូវមួយក្នុងឃុំណងសាំង ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ ខណៈពួកគេកំពុងជិះរថយន្តម៉ាកតួរីស១គ្រឿងបើកបរដោយជនជាតិថៃ ។

ឈ្មោះឃឿក ភេទប្រុស អាយុ៤៣ឆ្នាំ អះអាងថាមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យបំរុងធ្វើដំណើទៅធ្វើការជាមួយថៅកែចាស់នៅក្នុងស្រុកថាន់បូរី ខេត្តប៉ាក់ធុមថានី ដោយចំណាយប្រាក់ថ្លៃផ្លូវចំនួន៣០០០បាត ប៉ុន្តែមិនទាន់ដល់គោលដៅផង ក៏ត្រូវគេចាប់តែម្តង។ ទោះយ៉ាងណាក៍ដោយ ករណីនេះសមត្ថកិច្ចថៃមិនត្រឹមតែឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ទេ ថែមទាំងឃាត់ខ្លួនជនជាតិថៃ២នាក់ម្នាក់ជាអ្នកបើកបររថយន្ត និងម្នាក់ជាប់ចោទមេខ្យល់ ប្រគល់ឲ្យសមត្ថកិច្ចជំនាញនៅស្រុកអារញ្ញដើម្បីយកទៅសាកសួររួមគ្នានិងចាត់ការបន្តតាមនិតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020250901.txt · Last modified: 2020/09/25 14:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki