website_news:2020250903

កម្ពុជា និងបណ្តាប្រទេសជាដៃគូសន្យារួមគ្នាបន្ថែមទៀត ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

http://btv.com.kh/ 24/09/2020

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងបណ្តាប្រទេសជាដៃគូក្នុងតំបន់អាស៊ាន និងពិភពលោក បានសន្យារួមគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ខណៈបទឧក្រិដ្ឋ មួយនេះ ពុំមានប្រទេសណាមួយជាឯកឯងអាចទប់ស្កាត់បាននោះទេ ប្រសិនបើគ្មានកិច្ចសហការនោះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន លើកទី២០ តាម រយៈវីដេអូ ខនហ្វើរិន ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូនេះ ភាគីពាក់ព័ន្ធបាននិយាយគ្នាជាច្រើនទាក់ទង នឹងអំពើភេរវកម្ម ការសារាចរឧសថក្លែងក្លាយ គ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មជាច្រើនទៀត ដែលកំពុងបន្តកើតមានឡើងនៅក្នុងតំបន់ និងពិភពលោក។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងទៀតថា បទឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបញ្ហាមួយដែលប្រទេសនៅក្នុងតំបន់ក៏ដូចជាពិភពលោកកំពុងព្រួយបារម្ភនៅឡើយ ហើយភាគីទាំងអស់សន្យាប្ដេជ្ញារួមគ្នាបន្ថែមទៀតក្នុងការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីសន្តិសុខសង្គម តំបន់ និងពិភពលោកទាំងមូលនោះ។បើតាម ឯកឧត្តម មៀច សុផាន់ណា ដដែល ក៏បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ខនហ្វើរិននេះ ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបន្ថែមទៀត ក្នុងកិច្ចការពារ នឹងទប់ស្កាត់នូវបទល្មើសមួយនេះ ហើយមួយវិញទៀត នឹងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកដោយឆាប់រហ័សបំផុត បន្ទាប់ពីមានតម្រុយណាមួយទាក់ទង នឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសទាក់ទង នឹងផលិតផលក្លែងក្លាយជាដើមនោះ៕

website_news/2020250903.txt · Last modified: 2020/09/25 14:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki