website_news:2020250905

ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃជួបការលំបាកអំឡុងមានវិបត្តិជំងឺកូវីដ-១៩

https://www.rfa.org/khmer/ ដោយ សុជីវី 2020-09-23

ពលករខ្មែរមួយចំនួន ដែលធ្វើការងារនៅប្រទេសថៃ (Thailand) ត្អូញត្អែរថា ពួកគេជួបការលំបាករឿងបំពេញឯកសារស្នាក់នៅ និងមានជីវភាពខ្វះខាតដោយសារធ្វើការងារមិនបានទៀតទាត់ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩។ ពលករខ្លះនៅតែបន្តខាំស្មៅយ៉ាងលំបាកលំបិននៅប្រទេសថៃដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។

ក្រុមពលករខ្មែរមួយចំនួនដែលធ្វើការងារនៅប្រទេសថៃ លើកឡើងស្រដៀងគ្នាថា ការរាតត្បាតជំងឺកូវីដ១៩ នៅតែបន្តផលប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពួកគេដដែល ដោយមិនទាន់បានប្រសើរឡើងវិញ នៅឡើយទេ។ ពលករខ្លះបានសម្រេចចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែពួកគេអត់ការងារធ្វើ ហើយគ្មានប្រាក់ចាយវាយក្នុងពេលស្នាក់នៅប្រទេសថៃ។ ចំណែកពលករខ្លះទៀតបន្តស្នាក់នៅប្រទេសថៃ ដោយសារជីវភាពក្រីក្រ ហើយនៅស្រុកខ្មែរគ្មានការងារធ្វើរកប្រាក់ចំណូល។

ពលការិនីធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់នៅទីក្រុងបាងកក លោកស្រី យ៉ាត កញ្ញា ថ្លែងថា លោកស្រីមកធ្វើការនៅប្រទេសថៃប្រមាណ ៦ឆ្នាំហើយ ដោយពុំធ្លាប់ពិបាករកប្រាក់ដូចឆ្នាំនេះឡើយ។ ពលករវ័យ ៣១ឆ្នាំរូបនេះ ឱ្យដឹងថា ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ មក លោកស្រីធ្វើការមិនបានទៀងទាត់នោះទេ គឺធ្វើការពីរប្ដីរបស់លោកស្រីបានប្រាក់ប្រមាណ ១ម៉ឺន ៥ពាន់បាតស្នើប្រហែល ៥០០ដុល្លារអាមេរិក (១៥.០០០) ក្នុងមួយខែ ដោយខុសពីពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ១៩ ដែលលោកស្រីមានការងារទៀតទាត់រកប្រាក់ចំណូលបានជាង ២ម៉ឺនបាត (២០.០០០) ក្នុងមួយខែ។ ពលករមានស្រុកកំណើតនៅបាត់ដំបងរូបនេះបន្ថែមថា ប្រាក់ចំណូលលោកស្រីធ្វើការងារបានសព្វថ្ងៃ សម្រាប់តែចាយវាយនៅក្នុងប្រទេសថៃ ដោយពុំបានប្រាក់ផ្ញើទៅឱ្យពុកម្ដាយនៅស្រុកកំណើតឡើយ៖ «ដូចថាការងារមិនសូវមានអីចឹងទៅ ហើយសេដ្ឋកិច្ចប្រទេសថៃកាន់តែធ្លាក់ចុះ ការងារពិបាករក ពេលខ្លះក៏មានធ្វើពេលខ្លះក៏អត់ធ្វើ ហើយដល់ពេលបន្ទប់ក៏ជួលគេអីចឹងទៅខ្វះខាតខ្លាំងណាស់ ហើយបើចុះទៅផ្ទះក៏ចុះទៅអត់បាន។ ខ្ញុំមិនមានលុយផ្ញើទៅផ្ទះទេរកតែលុយហូបមិនចង់បានផង ហើយយើងមានកូនតូច ត្រូវចំណាយថ្លៃទឹកដោះគោកូន»។

លោកស្រីឱ្យដឹងទៀតថា ក្រៅពីនេះលោកស្រីជួបការលំបាកបញ្ហាការអស់សុពលភាពលិខិតឆ្លងដែន។ លោកស្រីបន្តថា នៅតំបន់លោកស្រីធ្វើការមានពលករខ្មែរប្រមាណ ២០នាក់ ដែលមានលិខិតឆ្លងដែន អស់សុពលភាពនៅចុងឆ្នាំ២០២០ នេះ ហើយថ្មីៗ នេះពួកលោកស្រីបានរកអន្តរាគមន៍ពីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីឱ្យជួយពន្យារសុពលភាពលិខិតឆ្លងដែនដែរ ក៏ប៉ុន្តែមន្ត្រីស្ថានទូតមិនបានជួយអ្វីដល់ពួកលោកស្រីឡើយ៖ «អ្នកខ្លះក៏អស់ខែ១០ នេះ អ្នកខ្លះក៏អស់សុពលភាពខែ១២ អីចឹងទៅហើយយើងចុះទៅផ្ទះអត់បានអីចឹងទៅយើងរត់ទៅសុំគាត់ជួយអីចឹងនៅស្ថានទូតខ្មែរ។ គាត់ឆ្លើយមកតែមួយម៉ាត់ថា តសុពលភាពក៏អត់បានហើយចុះទៅផ្ទះក៏អត់បានដែរ បានន័យថាគាត់អត់ខ្វល់ខ្វាយពីប្រជាជនខ្មែរយើងដែលនៅប្រទេសថៃតែម្ដង។ដូចថាគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគេអត់គិតប្រយោជន៍រួមអីចឹងដល់ពេលយើងធ្វើប៉ាស្ទ័រផងអស់ច្រើនណាស់គ្រាន់តែមួយភ្លេចតវីសាផង តប៉ាស្ទ័រតកាតធ្វើការផងអស់ច្រើនណាស់»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៣ កញ្ញា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែគេហទំព័រស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃចុះផ្សាយ កាលពីថ្ងៃទី២២ កញ្ញាថា ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងបាងកកលោក អ៊ូក សោភ័ណ មានប្រសាសន៍ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករខ្មែរប្រមាណ ៥០នាក់ នៅក្នុងស្ថានទូតថា ស្ថានទូតបានផ្ដល់សេវាបញ្ជាក់ឯកសារផ្សេងៗ ជូនពលករខ្មែរមួយថ្ងៃរួចរាល់ ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើររបស់ពលករ។ មន្ត្រីស្ថានទូតបន្ថែមថា ប្រសិនបើពលករមានបញ្ហាក្នុងពេលធ្វើការនៅប្រទេសថៃ អាចទាក់ទងស្ថានទូតធ្វើលិខិតស្នាមផ្សេងៗ បាន។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បន្ថែមទៀត ក៏ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

ចំណែកពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកកលោក ប៊ុន វីរៈ វិញ ថ្លែងថា ចាប់ពីខែមីនាមក លោកមិនបានផ្ញើប្រាក់ទៅឱ្យឪពុកម្ដាយនៅស្រុកកំណើតនោះទេ ដោយសារនៅប្រទេសថៃមិនសូវមានការងារធ្វើ។ លោកបន្ថែមថា បច្ចុប្បន្នលោកធ្វើការងារបានប្រាក់ប្រមាណ ៧ពាន់បាត (៧.០០០) ស្នើប្រមាណ ២៣០ដុល្លារ ក្នុងមួយខែ គឺថយចុះប្រហែល ៥០ភាគរយ បើធៀបកាលពីមិនទាន់មានការរាតត្បាតជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ប្រាក់ដែលរកបានលោកចាយវាយយ៉ាងត្បិតត្បៀតបំផុត និងនៅពេលលោកទំនេរពីការងារលោកតែងតែដើរដាក់មងតាមដងអូរ និងបេះត្រកួនព្រមទាំងផ្កាស្នោយកម្ហូប ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃក៏មានដែរ៖ «ក្នុងពេលមានជំងឺកូវីដនេះអ្នកណាក៏ដូចអ្នកណាដែរ បើខ្ញុំវិញអត់មានលុយផ្ញើទៅផ្ទះបណ្ដោយបង ទី១ អត់ការងារធ្វើពេញថ្ងៃ ថ្ងៃណាទៅគេបិទទៅគេអត់ឱ្យធ្វើ ថ្ងៃណាគេនេះគេក៏បើកឱ្យធ្វើទៅ ហើយធ្វើការបន្ថែមម៉ោងក៏អត់សូវមាន។ ប្រាក់ចំណូលកាល ដែលមិនទាន់ជំងឺកូវីដ យើងបានធ្វើការពេញថ្ងៃ យើងបានប្រាក់បន្ថែមម៉ោងជួយ។ ពេលយើងអត់មានប្រាក់ចាយយើងខ្ចីប្រាក់ពីថៅកែបាន ដល់ពេលយើងធ្វើការបានយើងសង់គេវិញ។ វាលំបាកដែរទីមួយយើងអត់មានប្រាក់ផ្ញើទៅស្រុក យើងបានតែម៉ាស៊ីៗ»។ ក្រុមពលករទាំងនេះឱ្យដឹងថា នៅកន្លែងខ្លះដោយពលករគ្មានការងារធ្វើនោះទេ ហើយពលករមួយចំនួនបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ដោយសារគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលនិងប្រាក់ទិញអាហារហូបចុកប្រចាំថ្ងៃ។

មន្ត្រីអង្គការសិទ្ធិការងារសង់ត្រាល់ (Central ) ទទួលបន្ទុលផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់នៅតែបន្តអត់ការងារធ្វើ និងមួយចំនួនធ្វើការមិនបានពេញលេញ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ លោកបន្ថែមថា ប្រមាណ ៣ខែចុងក្រោយនេះយ៉ាងហោចណាស់មានពលករខ្មែរជិត ១ពាន់ ២០០នាក់ (១.១៨៨) ហើយត្រូវបានប៉ូលិសថៃចាប់ខ្លួន ដោយសារតែពួកគេលួចធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ និងប្ដូរកន្លែងធ្វើការងារដោយបានបំពេញឯកសារត្រឹមត្រូវជាដើម។ លោកបន្តថា ក្នុងចំណោមពលករទាំងនោះ មានពលករប្រមាណ ៥០ភាគរយជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសថៃ និង ៥០ភាគរយទៀតបានបញ្ជូនត្រឡប់ទៅកម្ពុជាវិញ៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយរដ្ឋាភិបាលថៃ ធ្វើយ៉ាងណាចរចាឱ្យគេអនុគ្រោះដល់ពលករខ្មែរ ដែលត្រឡប់ទៅប្រទេសក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ កុំឱ្យមានការដាក់ទោស ដូចជាដាក់ពន្ធនាគារ និងពិន័យជាប្រាក់អីជាដើមអីចឹង។ បើចាប់បានហើយសូមបញ្ជូនត្រឡប់ទៅខ្មែរវិញចុះ។ ទី២ ត្រូវតែផ្ដល់ការគាំពារសង្គមដល់ពលករ ដែលគាត់ត្រឡប់មកពីថៃវិញ ធ្វើយ៉ាងណាឱ្យពួកគាត់អាចរស់បាន»។

លោក ឌី ថេហូយ៉ាង ឱ្យដឹងថា ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ មកមានពលករខ្មែរ ប្រមាណ ១៤ម៉ឺននាក់ (១៤០.០០០) ហើយ ដែលបានត្រឡប់ទៅកម្ពុជាវិញ ដោយសារអត់ការងារធ្វើក្នុងនោះពលករប្រមាណ ៩០ភាគរយបានត្រឡប់ទៅធ្វើការនៅប្រទេសវិញ ដោយសារតែពួកគេចាញ់បោកមេខ្យល់ ស្របពេលដែលនៅស្រុកកំណើតអត់ការងារធ្វើ ដែលគ្មានប្រាក់សង់ធនាគារ និងប្រាក់ដោះស្រាយជីវភាពគ្រួសារ។ របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ២លាននាក់(២.០០០.០០០) កំពុងធ្វើការងារនៅប្រទេសថៃ៕

website_news/2020250905.txt · Last modified: 2020/09/25 15:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki