website_news:2020251204

ពលករខ្មែរមកពីប្រទេសថៃចំនួន ១៩៧ នាក់ បានធ្វើចត្តាឡីស័កនៅស្រុកកំរៀង និង ស្រុកសំពៅលូន ខេត្តបាត់ដំបង

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា

បាត់ដំបង៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែធ្នូ ឆ្នាំ ២០២០ មានពលករខ្មែរមកពីប្រទេសថៃ ចំនួន ១៩៧ នាក់បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ។ ក្នុងនោះ ពលករខ្មែរចំនួន ១៤៧ នាក់ បានធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទី១ ក្នុងវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា និងមណ្ឌលចត្តាឡីស័កទី២ ក្នុងមណ្ឌលសុខភាពត្រាង ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ហើយក្នុងស្រុកសំពៅលូន មានពលករ ៥០ នាក់ នៅមណ្ឌលចត្តាឡីស័ក ក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីម៉ា ។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានជំរុញដល់ក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឱ្យជួយ ណែនាំដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បើមិនមានកិច្ចការចាំបាច់ទេ សូមកុំមក ហើយបន្តធ្វើការងារ នៅទីនោះ រកប្រាក់ចំណូលសិន ចាំស្ងប់ព្រឹត្តិការណ៍សហគមន៍កូវីដ- ១៩ សិនចាំមក ។ ឯកឧត្តមបានដាក់ចេញនូវវិធានការមួយចំនួន ដល់រដ្ឋបាលស្រុកដែលនៅជាប់ព្រំដែនថៃ និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវមានវិធានការម៉ឺងម៉ាត់ ដោយមិនត្រូវលើកលែងឱ្យពលករណាម្នាក់ត្រឡប់ទៅគេហដ្ឋានឬភូមិស្រុកឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និងត្រូវធ្វើតេស្តយកសំណាក ឱ្យបានត្រឹមត្រូវផងដែរ។ មិនតែប៉ុណ្ណោះ ត្រូវមានវិធានការណ៍ ជួយទប់ស្កាត់ពលករខ្មែរចំណាកស្រុក កុំឱ្យឆ្លងដែនខុសច្បាប់ ដោយត្រូវពិភាក្សា ជាមួយភាគីថៃ ក្នុងការរៀបចំឱ្យពលករបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតែមួយ សម្រាប់ខេត្តបាត់ដំបង ដែលរដ្ឋបាលខេត្តបានកំណត់ ។

ការធ្វើបែបនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង រៀបចំឱ្យបងប្អូនពលករខ្មែរទាំងនោះបាន ធ្វើចត្តាឡីស័ក ដោយអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យមេរោគកូវីដ-១៩ រីករាលដាលចូលក្នុងសហគមន៍ ដោយត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តវិធានការណ៍បន្ថែមរបស់ក្រសួងសុខាភិបាលនូវ កុំ ៣ ÷ ១- កុំជុំគ្នា , ២- កុំនៅកន្លែងបិទជិត , ៣- កុំប៉ះពាល់គ្នា ( កុំចាប់ដៃគ្នា ) ។មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានរកឃើញនូវពលករ ចំណាកស្រុក ចំនួន ២ នាក់ ដែលបានមកពីខេត្តសាមុត សាខន ប្រទេសថៃ ឆ្លងកាត់តាមច្រកអូរស្មាច់ ខេត្តបន្ទាយមានជ័យ ដែលមានទីលំនៅ នៅក្នុងស្រុកថ្មគោល ហើយបច្ចុប្បន្ន ត្រូវបានរដ្ឋបាលស្រុកថ្មគោល ដាក់ឱ្យអ្នកទាំង ២ ធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ៕ កែវ ណារ៉េត មន្ទីរព័ត៌មានខេត្តបាត់ដំបង

website_news/2020251204.txt · Last modified: 2020/12/25 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki