website_news:2020251206

ស្ថានទូតខ្មែរប្រចាំនៅថៃប្រកាសលេខទូរសព្ទ Hotline សម្រាប់ឲ្យពលករខ្មែរទំនាក់ទំនងពេលមានបញ្ហាខណៈថៃកំពុងផ្ទុះជំងឺកូវីដ

https://kampucheathmey.com/ December 24, 2020 By Kang Tola

ខណៈពេលដែលប្រទេសថៃ កំពុងមានការផ្ទុះជំងឺកូវីដ១៩នោះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានណែនាំដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃត្រូវប្រញាប់ទំនាក់ទំនងមកកាន់ស្ថានទូត ឬ កុងស៊ុលនៅពេលមានបញ្ហាតាមរយៈលេខទូរសព្ទលេខ ០៩២៨០៥០៥៦១ និង០៩៤០៩២៥៩០៥ និងលេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងសម្រាប់ពលករបរទេស១៤២២ ភ្ជាប់ទៅលេខ៨១សម្រាប់ភាសាខ្មែរ។ ការប្រកាសលេខទូរស័ព្ទនេះបន្ទាប់ពីប្រទេសថៃកំពុងមានផ្ទុះជំងឺកូវីដ១៩នៅខេត្តសាមុតសាខននិងកំពុងរាលដាល់នៅតាមបណ្តាខេត្តមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថា ដើម្បីគ្រប់គ្រងនិងការពារមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ទៅលើពលករបរទេសទាំងអស់ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋក្រសួងការងារថៃ បានស្នើឲ្យមានការកិច្ចសហការពីនិយោជករោងចក្រសហគ្រាសនិងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលក្រសួងការងារថៃបានហាមចល័តពលករបរទេសចេញចូលតំបន់ ដែលមានការរីករាលដាលកូវីដ១៩ ហើយគ្រប់រោងចក្រសហគ្រាសត្រូវមានវិធានការ និងត្រួតពិនិត្យវាស់កំដៅដល់ពលករបរទេស បើមានកំដៅលើស ឬមានអាការៈខុសប្រក្រតីផ្សេងៗ ដូចជាក្អកពិបាកដកដង្ហើមគួរឱ្យពលករនោះសម្រាកពីការងារនឹងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។ លើសពីនេះ ត្រូវរៀបចំអាកុលសម្រាប់លាងដៃនៅតាមកន្លែងធ្វើការច្រកទ្វារចេញចូលនិងតាមបន្ទប់ទឹកនិងតម្រូវឲ្យពលករបរទេសពពាក់ម៉ាសពាក់ស្រោមដៃនឹងរក្សាគំលាតពីមួយម៉ែត្រទៅពីរម៉ែត្រក្នុងកំឡុងពេលបំពេញការងារព្រមទាំងថែរក្សា និងសំអាតឧបករណ៍ដែលបានប្រើប្រាស់ជាប្រចាំ និងផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឲ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ១៩ ដោយខ្លួនឯង។

ស្ថានទូតខ្មែរប្រចាំនៅថៃ អំពារនាវដល់បងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាចូលរួមសហការ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួនមានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ស្ថានទូតបានបន្តថា ក្នុងករណីបងប្អូនមានបញ្ហាសូមទំនាក់ទំនងមកកាន់ស្ថានទូត ឬ កុងស៊ុលតាមរយៈលេខទូរសព្ទ០៩២៨០ ៥០៥៦១ និង០៩៤០៩២៥៩០៥ និងលេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងសម្រាប់ពលករបរទេស១៤២២ ភ្ជាប់ទៅលេខ៨១ សម្រាប់ភាសាខ្មែរ៕ ដោយ ៖ សំអឿន

website_news/2020251206.txt · Last modified: 2020/12/25 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki