website_news:2020251207

ថៃចាប់ពលករខ្មែរ ចំនួន ៥២ នាក់ ដែលបានលបបោះជំរំនៅក្នុងព្រៃ

https://kampucheathmey.com/local-news/ December 25, 2020 By Bo Do

ពលករខ្មែរប្រុស ស្រី រួមទាំងក្មេងតូចៗ សរុបចំនួន ៥២ នាក់ ត្រូវបានកម្លាំងយោធា ការពារព្រំដែនថៃលេខ ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្ត ស្រះកែវ ឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ពលករខ្មែរទាំងអស់នេះ បានលបឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត ហើយបាននាំគ្នាបោះជំរំនៅក្នុងព្រៃក្បែរខ្សែបន្ទាត់ព្រំដែន ។ ការឃាត់ខ្លួនពលករខ្មែរទាំងនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្ត គឺលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាល នៃមេរោគ កូវីដ-១៩ ដែលកំពុងយាយីខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះ បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកខ្យូង ខេត្តស្រះកែវ ដើម្បីពិនិត្យមើល ។ ជាក់ស្ដែងនៅពេលកម្លាំងចម្រុះចុះទៅដល់ព្រៃ ដែលជាតំបន់ឧទ្យានជាតិ ប៉ាស្ងួន ក៏បានប្រទះឃើញពលករខ្មែរជាច្រើននាក់ បានបោះជំរំ និងបានសាងសង់ផ្ទះតូចៗ ស្ទើរក្លាយជាកូនភូមិមួយទៅហើយ គឺសរុបមានចំនួន ៥២ នាក់ ក្នុងនោះស្រី ២៤ ប្រុស ២១ និងក្មេងតូចៗ ចំនួន ៧ នាក់ ហើយភ្លាមៗនោះដែរ ក្រុមមន្ត្រីសុខាភិបាលស្រុក បានចុះពិនិត្យ និងវាស់កម្ដៅ តែគ្មាននរណាម្នាក់ មានកម្ដៅខ្ពស់គួរឱ្យព្រួយបារម្ភឡើយ ។

បន្ទាប់ពីបានសាកសួរ ពួកគេបានសារភាពថា គឺមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលបឆ្លងដែនចូលតាមច្រករបៀង ព្រមទាំងបានតែងតាំងមនុស្សម្នាក់ដែលជាពលករខ្មែរដូចគ្នាឱ្យធ្វើជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងបញ្ជូនពួកគេចូលទៅធ្វើការការងារកសិកម្ម នៅក្នុងស្រុកគោកខ្យូង និងស្រុកក្បែខាង ដោយបានកម្រៃក្នុង ១ ថ្ងៃ ចាប់ពី ២០០ ទៅ ៣០០ បាត ក្នុងមនុស្សម្នាក់ ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ ។ បច្ចុប្បន្នពលករខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរនៅក្នុងតំបន់ ប្រគល់ទៅឱ្យកម្លាំងការិយាល័យ អន្តោប្រវេសន៍ ខេត្តស្រះកែវ ដើម្បីអនុវត្តតាមនីតិវិធី ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2020251207.txt · Last modified: 2020/12/25 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki