website_news:2020251208

ពលករខ្មែរប្រមាណជិត១០០០នាក់ ត្រូវបានអាជ្ញាធរថៃដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 24/12/2020 - 07:58

ពលករចំណាកស្រុកខ្មែរកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១០០០នាក់ ត្រូវបានអាជ្ញាធរថៃហាមមិនឲ្យចាកចេញពីខេត្តខនកេន ទៅកាន់ខេត្តណាមួយផ្សេងឡើយ។ ការហាមឃាត់នេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះជាសហគមន៍និងរាលដាលដល់២៥ខេត្តនៅប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃទី២៣ធ្នូម្សិលមិញ។ ពលករខ្មែរចំនួន ៨៣៨នាក់ ក្នុងចំណោមពលករដែលបានចុះឈ្មោះធ្វើការដោយស្របច្បាប់សរុប៧១៤០នាក់នឹងត្រូវដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន ពីសំណាក់អាជ្ញាធរថៃ បន្ទាប់ពីមានករណីផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅខេត្តសាមុតសាខន ចម្ងាយ៤០០គីឡូម៉ែតពីខេត្តខនកេន។ ក្នុងចំណោមពលករទាំងអស់ ពលករចំណាកស្រុករបស់ប្រទេសមីយ៉ាន់ម៉ា មានចំនួន ៣៨៣៤នាក់ និងពលករឡាវ ២៤៦៨នាក់ ក៏កំពុងធ្វើការនៅខេត្តខនកេនដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Penwadee Rattakul ប្រធានផ្នែកការងារប្រចាំខេត្តខនកេន។

លោកស្រី Penwadee Rattakul បន្ថែមថា ការដាក់បម្រាមមិនឲ្យធ្វើការចល័តចេញពីខេត្តខនកេន គឺដើម្បីធានាបាននូវការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ក្រៅពីការហាមឃាត់មិនឲ្យមានការចល័តពលករចេញពីខេត្តមួយទៅខេត្តមួយនេះ អាជ្ញាធរថៃក៏បានហាមដាច់ខាតមិនឲ្យថៅកែរោងចក្រក្នុងខេត្តខនកេន ធ្វើការជួលពលករមកធ្វើការដោយខុសច្បាប់ ព្រោះថាវាជាការប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមបាងកកប៉ុស្ត៍។អាជ្ញាធរថៃក៏បាននិងកំពុងធ្វើការយ៉ាងជិតដិតជាមួយក្រុមពលករ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៍ជំងឺកូវីដ១៩អាចគ្រប់គ្រងបាន ហើយសម្រាប់យន្តការបន្ត អាជ្ញាធរថៃនឹងបញ្ជូនមន្រ្តីជំនាញទៅធ្វើការត្រួតពិនិត្យចំពោះសហគ្រាសតូចៗ និងការដ្ឋានសំណង់នានា ដើម្បីឲ្យពួកគេចូលរួមទប់ស្កាត់ការចម្លង។ នេះបើតាមប្រធានផ្នែកការងារប្រចាំខេត្តខនកេន លោកស្រី Penwadee Rattakul។

សូមជម្រាបជូន ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ជាសហគមន៍ នៅឯផ្សារលក់បង្គា ឈ្មោះថា Mahachai នៅឯខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូមក ខេត្តចំនួន២៥ផ្សេងទៀត ក៏ដូចជាខេត្តខនកេន កំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ននៃការរាតត្បាតជំងឺកូវីដ១៩ពីហេតុការណ៍នេះ។ តែយ៉ាងណាខេត្តខនកេន មិនទាន់រកឃើញករណីវិជ្ជមានពីហេតុការណ៍សហគមន៍នៅប្រទេសថៃនេះនៅឡើយទេ ក្រៅពីមួយករណីវិជ្ជមានដែលរកឃើញកាលពីថ្ងៃទី១៧មីនាកន្លងទៅ។ នេះបើតាមកាសែតអនឡាញក្នុងស្រុករបស់ថៃ The Nation។សូមសរុបជូនថា គិតមកដល់ថ្ងៃទី២៤ធ្នូ ករណីវិជ្ជមានកូវីដ១៩នៅប្រទេសថៃមានចំនួន ៥៧៦២នាក់ ស្លាប់៦០នាក់ និងព្យាបាលជាសះស្បើយចំនួន ៤០៩៥នាក់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ១៩ថៃ ថ្លែងថា ក្រៅពីហេតុការណ៍សហគមន៍នៅខេត្តសាមុតសាខនពីថ្ងៃទី១៧ធ្នូមក អាជ្ញាធរថៃបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩នាក់ នៅឯខេត្តផ្សេងៗទៀត៕

website_news/2020251208.txt · Last modified: 2020/12/25 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki