website_news:2020251209

មេទ័ពថៃ ប្រាប់កម្ពុជា ឲ្យជឿជាក់លើអាជ្ញាធរថៃ ក្នុងការទប់ស្កាត់កូវីដ-១៩

https://thmeythmey.com/ 24, Dec 2020 , 10:29 pm ដោយ: សារព័ត៌មានថ្មីៗ

នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត (Chalermpol Srisawasdi) អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ អះអាងថា មកដល់ពេលនេះ ថៃមានវិធានការតឹងរ៉ឹង ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងទៅដល់ពលករកម្ពុជាឡើយ ដូច្នេះលោក ប្រាប់ឲ្យភាគីកម្ពុជា មានការជឿជាក់លើវិធានការរបស់អាជ្ញាធរថៃ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ការអះអាងរបស់នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត ធ្វើឡើងក្នុងជំនួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានដកស្រង់ទៅចុះផ្សាយក្នុងគេហទំព័រនៃក្រសួងការពារជាតិកម្ពុជា។ មេទ័ពថៃ ថ្លែងទៅកាន់មេទ័ពកម្ពុជាថា ក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរថែ នឹងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីការពារសុវត្ថិភាពក្នុងប្រទេសថៃ។ ក្រសួងការពារជាតិកម្ពុជា បានសរសេរពីសម្តីរបស់មេទ័ពថៃរូបនេះយ៉ាងដូច្នេះថា៖«…ប្រទេសថៃ បានកត់សម្គាល់ដល់ការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃ បានជួយសម្រួលឲ្យពលរដ្ឋកម្ពុជា ចូលមកព្យាបាលជំងឺ បើទោះជាមានការបិទព្រំដែនក៏ដោយ»។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ភាភីថៃ ដែលនៅតែជួយសម្រួលឲ្យពលរដ្ឋកម្ពុជា បានឆ្លងដែនចូលទៅព្យាបាលជំងឺ និងនៅតែទទួលយកពលករស្របច្បាប់របស់កម្ពុជា ឲ្យទៅបំពេញការងារនៅប្រទេសថៃវិញ បើទោះបីថៃ កំពុងស្ថិតក្នុងស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ក្តី។ ក្រសួងការពារជាតិកម្ពុជា បានស្រង់សម្តីរបស់មេទ័ពកម្ពុជារូបនេះ ទៅផ្សាយដូច្នេះថា៖«កងទ័ពប្រទេសទាំងពីរ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច និង ពង្រីកកិច្ចសហប្រតិបត្តិការ និងធ្វើលំហាត់សមយុទ្ធរួមគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេសលំហាត់ទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសង្គ្រោះគ្រោះមហន្តរាយ»។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខេត្តសាមុត សាខន នៃប្រទេសថៃ បានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាង៥០០ករណី។ បន្ទាប់មក រដ្ឋាភិបាលថៃ បានសម្រេចបិទខេត្តសាមុត សាខន រយៈពេលកន្លះខែ ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ខេត្តនេះ ស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូមែត្រពីកម្ពុជា។

កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចុះផ្សាយថា មកដល់ពេលនេះ ករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តសាមុត សាខន បានរាលដល់ទៅដល់២២ខេត្តហើយ ក្នុងប្រទេសថៃ។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃទី២៤ ខែធ្នូនេះ ថៃ មានអ្នកជំងឺកូវីដ-១៩ ជិត៦ពាន់នាក់ (៥៨២៩នាក់) ដោយក្នុងនោះ បានជាសះស្បើយវិញជាង៤ពាន់នាក់ (៤១១៦នាក់) និង ស្លាប់៦០នាក់។

ក្រោយថៃមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តសាមុត សាខន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខអំពាវនាវដល់ពលករខ្មែរនៅថៃ ឲ្យទុកចិត្តលើរដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដ្បិតថៃ ធ្លាប់មានបទពិសោធក្នុងការគ្រប់គ្រងបានល្អ លើការរាលជំងឺនេះរួចមកហើយ។ តាមរយៈសារជាសំឡេង ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មេដឹនាំកម្ពុជា ប្រាប់ទៅពលករខ្មែរដូច្នេះថា៖«មិនគួររត់ចាកចេញពីប្រទេសថៃ ក្នុងពេលដែលថៃ មានការលំបាក ដូចដែលខ្ញុំព្រះករុណា ខ្ញុំ ធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល បានណែនាំទៅអាជ្ញាធរកម្ពុជា ឲ្យពិភក្សាជាមួយអាជ្ញាធរថៃ ក្នុងការបិទច្រកព្រំដែននានាជាបណ្តោះអាសន្នសិន ដើម្បីការពារការរាលជំងឺកូវីដ-១៩ ដោយទុកតែ៣ប៉ុណ្ណោះ គឺច្រកព្រំដែនប៉ោយប៉ែត ច្រកព្រំដែនដួង និង ច្រកព្រំដែនអូរស្មាច់។ នៅកម្ពុជា មកដល់ថ្ងៃទី២៤ ខែធ្នូនេះ ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ-១៩ ៣៦៣នាក់ តែបានជាសះស្បើយវិញ៣៥១នាក់ហើយ៕

website_news/2020251209.txt · Last modified: 2020/12/25 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki