website_news:2020251210

អាជ្ញាធរថៃ ឃាត់ខ្លួនពលករឡាវ ៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ខណៈថៃកំពុងផ្ទុះកូវីដ-១៩ខ្លាំង

http://nokorwatnews.com/ 24-12-2020

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយសារព័ត៌មាន បាងកកប៉ុស្តិ៍ បាននិយាយថា អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនពលករឡាវ ចំនួន៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី២២ ខែធ្នូថ្មីៗនេះ ខណៈថៃកំពុងផ្ទុះកូវីដ១៩ខ្លាំង។ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានបន្តទៀតថា ខណៈពលរដ្ឋឡាវទាំង ៣២នាក់នេះ បានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដោយពួកគេបានជិះរថយន្តក្រុងអស់រយៈពេល ២ម៉ោង ទើបមកដល់ចំណុចព្រំដែនម៉ាឡេស៊ី–ថៃ។ បន្ទាប់មកទៀតពួកគេបានជិះទូកកាត់ទន្លេ Sungai Kolok ហើយបានមកដល់ទឹកដីថៃនៅវេលាម៉ោង ៤ព្រឹក និងបន្តដំណើរដោយថ្មើរជើង ២គីឡូម៉ែត្រទៀតចូលនៅក្នុងសហគមន៍មួយ ដែលមានប្រជាពលរដ្ឋថៃរស់នៅដើម្បីសុំជំនួយ។

សូមជម្រាបដែរថា ពលរដ្ឋឡាវទាំងនេះ គឺធ្លាប់ធ្វើការជាកម្មករនេសាទសមុទ្រនៅក្នុងប្រទេសម៉ាឡេស៊ី និងមានបំណងចង់ត្រលប់ទៅស្រុកកំណើតវិញហើយដោយពួកគេមិនអាចសុំឈប់ពីកន្លែងធ្វើការងារ និងត្រលប់ទៅប្រទេសកំណើតដោយត្រឹមត្រូវនោះទេ។ ទើបពួកគេសម្រេចប្រថុយឆ្លងដែនដោយខុសច្បាប់តាមប្រទេសថៃតែម្តង។

ប៉ុន្តែបើទោះជាយ៉ាងណា អាជ្ញាធរថៃ ចាំបាច់ត្រូវអនុវត្តច្បាប់ចំពោះពួកគេជាមុនសិន គឺចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ មុននឹងទំនាក់ទំនងទៅកាន់រដ្ឋាភិបាលឡាវ ឬស្ថានទូតឡាវប្រចាំនៅប្រទេសថៃ ដើម្បីធ្វើអន្តរាគមន៍ចំពោះពួកគេ៕

website_news/2020251210.txt · Last modified: 2020/12/25 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki