website_news:2020260201

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស

https://www.facebook.com/deputygovernoryousophear/ 25-02-2020

នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ សរ)បានរៀបចំប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តបរយុទ្ឋប្រឆាំង អំពើជួញដូរមនុស្សប្រចាំខែកុម្ភៈឆ្នាំ២០២០ក្រោមកិច្ចដឹកនាំប្រជុំពីសំណាក់ លោកស្រី យូ សុភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ និងក្រុមការងារបច្ចេកទេសទាំង៦(ក្រុមការងារទប់ស្កាត់ ក្រុមការងារអនុវត្តន៍ច្បាប់ ក្រុមការងារការពារជនរងគ្រោះ ក្រុមការងារកិច្ចការយុត្តិធម៌ ក្រុមការងារកិច្ចការអន្តរប្រវេសន៍ និង ការងារពង្រឹងកិច្ចសហប្រតិបត្តិការ ) តំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុបប្រមាណ ៥៦នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងបញ្ហាដែលនៅសេសសល់កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ និងពិនិត្យលើរបាយការណ៍និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ប្រចាំខែមករានិងខែកុម្ភៈឆ្នាំ២០២០ ព្រមទាំងបានពិនិត្យនិងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ និងការរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន។ ក្នុងរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ សរ)បានបង្ហាញអំពីស្ថានភាពទូទៅក្នុងខេត្តសៀមរាប ពាក់ព័ន្ឋទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ឋមនុស្សនិងការជួញដូរមនុស្សឆ្លងដែននៅតែមានភាពស្មុគ្រស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជា ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជា សេវាកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ធ្វើការងារតាមហាងបៀរហ្គាដិន រូបភាពភ្ជាប់ពាក្យឬអាពាហ៍ពិពាហ៍ នាំស្រីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរតែក្នុងគោលដៅរកគូរស្រករឬលក់កម្លាំងពលកម្ម កេងប្រវ័ញ្ចផ្លូវភេទឬសុំទាន ជាដើម។

លោកស្រីយូ សុភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្ត បានលើកឡើងពីចំណុចខ្លាំងនិងចំណុចខ្សោយជាច្រើនដែលក្រុមការងារបានអនុវត្តក្នុងរយៈពេលកន្លងមក ព្រមទាំងបានកំណត់ទិសដៅសម្រាប់អនុវត្តបន្តផងដែរ។លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា៖ អាជ្ញាធរខេត្តដោយមាន លេខាធិការដ្ឋាន គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទី ជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំងនឹងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ដោយទទួលបានកិច្ចសហការល្អជាមួយអង្គការដៃគូ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងអ្នកពាក់ព័ន្ឋ ក្នុងការជួយអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋអំពីលិខិតបទដ្ឋានគតិយុត្តិ ឧបាយកលជនល្មើស ការចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសកម្មភាពចេញអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចក្នុងការបង្រា្កបបទល្មើសពាក់ព័ន្ឋទៅនឹងអំពើជួញដូរមនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស មានភាពល្អប្រសើរនិងមានកិច្ចសហការល្អ ។ លោកស្រីបន្តថា៖យ៉ាងណាក្តីយើងនៅមានចំណុចសេសសល់និងបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់និងបន្តអនុវត្ត ដូចជា៖ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមិនស្របច្បាប់នៅមានច្រើនដដែល ។

មន្ទីរ-អង្គភាព ក្នុងក្រុមការងារមួយចំនួន នៅមានការប្រឈមលើបញ្ហាធនធានមនុស្ស ថវិកា សម្ភារៈ និងមធ្យោបាយសម្រាប់ការអនុវត្តភារៈកិច្ចឱ្យមានប្រសិទ្ឋិភាព ។ មន្ទីរ-អង្គភាព ពាក់ព័ន្ឋក្រុងស្រុក មួយចំនួន ផ្តល់របាយការណ៍មកក្រុមការងារ មានការយឺតយ៉ាវ មួយចំនួនមិនបានផ្តល់របាយការណ៍មកក្រុម គ.ខ.ប.ជ ខេត្ត។

ជាទិសដៅ យើងនឹងបន្តធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតឡើង ។បន្តតាមដាន និងត្រួតពិនិត្យ បទល្មើសជួញដូរធ្វើអាជីកម្មផ្លូវភេទ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត។ ត្រួតពិនិត្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកទៅធ្វើពលករ និងសហការជាមួយដៃគូ ផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ឋ និងការទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈវិទ្យុ និងនៅតាមមូលដ្ឋានផ្ទាល់។បន្ត ចុះជំរុញនិងតាមដានពលកម្មកុមារនៅតាមឡឥដ្ឋ ។ ធ្វើការទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងខេត្ត ដើម្បីសហការផ្តល់ព័ត៌មាន និងផ្តល់កន្លែងមានសុវត្ថិភាពជូនជនរងគ្រោះ និងបន្តពិនិត្យតាមដាន និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋចំណាកស្រុក ទាំងក្នុងនិងក្រៅប្រទេសឲ្យបានច្បាស់លាស់ និងបញ្ជូនរបាយការណ៍មកលេខាធិការដ្ឋាន ឲ្យបានទាន់ពេលវេលា។

website_news/2020260201.txt · Last modified: 2020/02/26 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki