website_news:2020260306

សម្ដេច ស ខេង បញ្ជាអាជ្ញាធរព្រំដែន ត្រូវកត់ត្រាអត្តសញ្ញាណពលរដ្ឋខ្មែរ មកពីបរទេសវិញ

https://dap-news.com/national/ BySS107 Posted on March 25, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យ អាជ្ញាធរច្រកទ្វារព្រំដែន ត្រូវកត់ត្រាបានច្បាស់ នូវអត្តសញ្ញាណប្រជាពលរដ្ឋដែល វិលចូលមកប្រទេសវិញ ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ។ ក្នុងជំនួបសំណេះសំណាលជាមួយ មន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថាពលរដ្ឋខ្មែរទំនេរពីការងារនៅថៃ ចាប់ផ្ដើមសម្រុកនាំគ្នាវិលត្រឡប់មកកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាក ក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។ សម្ដេចបន្ដថា ដោយសារពួកគាត់ធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីណែនាំអាជ្ញាធរខេត្ត ក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឲ្យបាន និងស្នើឲ្យពួកគាត់នៅដោយឡែក ១៤ថ្ងៃសិន ។

សម្ដេច ស ខេង មានប្រសាសន៍ថា “ណែនាំឲ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឲ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋ ដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះ ត្រូវខិតខំពិភាក្សាជាមួយភាគីថៃ ដើម្បីចៀសវាងការអនុញ្ញាត្តឲ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឲ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ យើង”។ សម្ដេចបន្ថែមថា “ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ”។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ៕ ដោយ អេង ប៊ូឆេង

website_news/2020260306.txt · Last modified: 2020/03/26 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki