website_news:2020260311

ពលករកម្ពុជាដែលធ្វើការនៅខេត្តចាន់បុរី បង្ខំចិត្តបន្តឆ្លងព្រំដែនមកស្រុកវិញ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

http://www.cen.com.kh/ March 26, 2020

ប៉ៃលិន៖ បើតាមរបាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីដ-១៩ បានបង្ខំឲ្យពលករខ្មែរ ដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀតជាប់ព្រំដែនថៃត្រូវបានបិទមិនឱ្យចេញចូលទៅមកបានឡើយ។ បើតាមការរៀបរាប់របស់ពលករខ្មែរ ដែលឆ្លងដែនមក បានឱ្យដឹងឡើងថា នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំឲ្យពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍ ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ហើយជាក់ ស្តែង នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាក្សាជាមួយភាគីថៃដោយ អនុញ្ញាត ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ពលករខ្មែរដែលឆ្លងដែនត្រឡប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់ឲ្យនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យលំនៅដ្ឋានពិតប្រាកដត្រូវត្រឡប់ទៅវិញងាយស្រួលការការពារនិងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យឆែកកំដៅនិងពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ និងដងខ្លួនដោយសារធាតុសម្លាប់មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្ត រួចហើយទើបមានអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។

យោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងថា៖ ពលករកម្ពុជាដែលឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ គឺមានចំនួនសរុប ១០៣នាក់ ស្រី៥១នាក់ ហើយលទ្ធផលពិនិត្យសុខភាពបឋម គឺអវិជ្ជមានទាំងអស់៕ ដោយ៖ បញ្ញាស័ក្តិ

website_news/2020260311.txt · Last modified: 2020/03/26 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki