website_news:2020260313

ខេត្តកំពង់ស្ពឺ មានពលករវិលពីបរទេស២៤៦នាក់ ត្រូវបានណែនាំនៅដាច់ដោយឡែកពីញាតិរបស់ខ្លួន១៤ថ្ងៃ

http://kampucheathmey.com/ 26/3/2020 8:20 Am

កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកចំណូលស្រុកថា បងប្អូន ត្រូវរក្សាខ្លួនឲ្យនៅដាច់ដោយឡែកសាច់ញាតិ បងប្អូន និងកុំជួបជុំក្នុងកម្មវិធីផ្សេងៗ ដើម្បីការពាររោគឆ្លង(COVID-19) ដែលជាជំងឺឆ្លងរាតត្បាតជាសកល។ ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ពលករចំណូលស្រុក គិតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានវិលមកកាន់ស្រុកកំណើតមានចំនួន២៤៦នាក់ ក្នុងចំណោម ៧ ១៩៣ នាក់ ដែលបានចេញចំណាកស្រុកទៅធ្វើការនៅបរទេស។ លោកអភិបាលបន្តថា អាជ្ញាធរខេត្ត មានទិន្នន័យច្បាស់លាស់ចំពោះបងប្អូនចំណូលស្រុកមកវិញ ដូច្នេះអាជ្ញាធរមូលដ្ឋាន មានមេភូមិ មេប៉ុស្តិ៍ នគរបាល លោកមេឃុំ ត្រូវតែបន្តតាមដាន និងអប់រំពួកគាត់ឲ្យបានយល់ដឹងអំពី ការបង្ការ នៃជំងឺឆ្លង(COVID-19)គ្រប់គ្នាៗ។ ជាពិសេសនៅតាមអង្គភាព មន្ទីររបស់រដ្ឋ ត្រូវសម្អាតអនាម័យ ប្រើប្រាស់មធ្យោបាយឃោសនានៅតាមភូមិ-ឃុំ វត្តអារាម រោងចក្រ សហគ្រាស ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីបញ្ហាការឆ្លងជាសកលនូវជំងឺ(COVID-19)នេះឲ្យពួកគាត់បានថែរក្សាសុខភាពខ្ពស់។

លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ពលករចំណូលស្រុកដែលវិលមកវិញពីបរទេស គឺអនុញ្ញាតឲ្យពួកគាត់រស់នៅតាមផ្ទះរៀងៗខ្លួន តែត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវបានតាមដានជាប្រចាំពីមន្ត្រីសុខាភិបាលនៅមូលដ្ឋានដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់សុខាភិបាលជាចម្បង៕

website_news/2020260313.txt · Last modified: 2020/03/26 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki