website_news:2020260314

ពលករខ្មែរនៅថៃខ្លះអត់ការធ្វើខណៈរដ្ឋាភិបាលថៃប្រកាសប្រើច្បាប់អាសន្នទប់ទល់ជំងឺកូវិដ១៩

https://www.rfa.org/khmer/ ដោយ ខែ សុណង 2020-03-25

ពលករខ្មែរមួយចំនួនធ្វើការងារនៅប្រទេសថៃចាប់ផ្ដើមត្អូញត្អែរអត់ការងារធ្វើបណ្ដើរៗ ហើយបន្ទាប់ពីថៅកែជនជាតិថៃបានផ្អាកធ្វើការរបស់ពួកគេមួយរយៈ ដោយសារផលប៉ះពាល់ពីជំងឺកូវិដ១៩។ ពលករខ្មែរទាំងនេះព្រួយបារម្ភខ្លាចស្ថានការណ៍អូសបន្លាយពេលយូរធ្វើឱ្យដាច់ស្បៀងស្របពេលដែលនាយករដ្ឋមន្ត្រីថៃ បានប្រកាសប្រើច្បាប់ប្រកាសអាសន្ន ថ្ងៃទី២៦ មីនា ដើម្បីទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមនេះ។

ពលករខ្មែរម្នាក់ធ្វើការក្នុងហាងលក់ម្ហូបអាហារនៅជាយទីក្រុងបាងកក ប្រទេសថៃ លោក កែវ សុផាត ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤មីនាថា ពួកគាត់ប្រមាណ ២០នាក់ត្រូវបានថៅកែថៃឱ្យផ្អាកការងារប្រមាណ៣ថ្ងៃហើយ។ ពលកររូបនេះបន្តថា អំឡុងពេលអត់ការងារ ពួកគេបានជួលបន្ទប់មួយស្នាក់នៅរួមគ្នា ៤នាក់ ដើម្បីសន្សំប្រាក់សម្រាប់ទិញស្បៀងអាហារដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកបញ្ជាក់ទៀតថា ចាប់ពីតាំងអត់ការងារធ្វើមក ដោយពួកគាត់យូរៗម្ដងទើបនាំគ្នាចេញទៅផ្សារទិញស្បៀងយកមកទុកហូប និងគ្មានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពនៅពេលខាងមុខនិង គ្មានប្រាក់ផ្ញើទៅឱ្យឪពុកម្ដាយនៅស្រុកកំណើតនោះឡើយ។ លោកបន្តថា សព្វថ្ងៃនៅសល់ប្រាក់ក្នុងខ្លួនប្រមាណ២ពាន់បាត ឬស្នើជាង៦០ដុល្លារអាមេរិកតែប៉ុណ្ណោះ ពីព្រោះប្រាក់ខែដែលលោកបានបើកពីថៅកែពាក់កណ្ដាលខែនោះបានផ្ញើទៅផ្ទះអស់ហើយ៖«ដេកហូបអត់មានលុយចាយថ្លៃបន្ទប់ យើងស្នាក់នៅ ព្រោះអត់មានការងារធ្វើ គេផ្អាកយូរមិនដឹងថ្ងៃណាគេបើឡើងវិញ។ខ្ញុំមានអារម្មណ៍លំបាកនៅក្នុងបន្ទប់ជួលហើយអត់មានលុយបង់ថ្លៃបន្ទប់ ហើយកូននៅផ្ទះក៏អត់មានអីហូបទៀត ដាច់បាយ ។ខ្ញុំមានត្រឹមតែលុយទិញអង្ករទុកហូប បើលុយផ្ញើទៅផ្ទះគ្មានទេ។ទៅមុខទៀតមិនដឹងយ៉ាងណាខ្ញុំបើការងារក៏អត់ហើយនៅព្រំដែនក៏គេបិទច្រកមិនឱ្យចេញទៅខ្មែរ»។

ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត លោក សារុន ជិន រៀបរាប់ថា លោកធ្វើការងារក្នុងហាងលក់អាហារនៅប្រទេសថៃជាង ៣ឆ្នាំហើយ គឺពុំដែលជួបប្រទះអត់ការងារដូចពេលនេះទេ។ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះបន្តថា កន្លងមកលោកតែងសន្សំប្រាក់ផ្ញើទៅស្រុកកំណើតយ៉ាងហោចណាស់ ៦ពាន់បាតឬស្នើប្រមាណ ២០០ដុល្លារអាមេរិកក្នុងមួយខែ ក៏ប៉ុន្តែលោកថា នៅពេលនេះលោកគ្មានប្រាក់ផ្ញើទៅឪពុកម្ដាយដូចពេលមុនៗ ឡើយ ពីព្រោះថៅកែបានផ្អាកការងាររបស់ខ្លួនចាប់ពីថ្ងៃទី២១ មីនា រហូតដល់ពាក់កណ្ដាលខែមេសា ឬរហូតដល់ស្ថានការណ៍រាលដាលជំងឺកូវិដ១៩ ដូចធម្មតា ទើបថៅកែថៃហៅឱ្យចូលធ្វើការវិញ។ ពលកររូបនេះ បន្តថា ថវិការបស់លោកអាចចាយវាយបានយ៉ាងយូរ ២សប្ដាហ៍ ទៅមុខទៀត ដូច្នេះនៅពេលអស់ប្រាក់ពីក្នុងហោប៉ៅ ពុំដឹងបានអ្វីហូបចុកនោះទេ៖«កន្លែងគេលក់ដូចរបស់អាំងអី គេខ្លាចឆ្លង ព្រោះអីប្រជាជនមកហូបច្រើន ដល់ហើយទៅគេបិទមិនដឹងថាទៅនៅណាទេ។ ខ្មែរយើងគេបិទច្រកអស់ហើយទៅមិនរួចទេឥឡូវ ។ខ្ញុំនៅតែក្នុងបន្ទប់មិនហ៊ានចេញទេខ្លាចវាឆ្លងព្រោះអីខ្លាចវាឆ្លង ព្រោះអីរោគនេះវាឆ្លងខ្លាំងណាស់ ខ្ញុំចេញមួយថ្ងៃ២ដងអីទេ ទិញទឹកកកយកមកហូប បើទៅផ្សារខ្ញុំមិនហ៊ានទៅទេ ព្រោះមានមនុស្សច្រើន ដល់ហើយទៅក៏នៅតែក្នុងបន្ទប់នេះឯង ខ្ញុំហូបត្រីខកំប៉ុងនិងមីកញ្ចប់»។

ចាប់តាំងពីថ្ងៃទី២១ មីនាមក គឺពលករខ្មែរធ្វើការនៅទីក្រុងបាងកកនិងនៅខេត្តចំនួន៥ជាប់ទីក្រុងបាងកកដែលធ្វើការនៅក្នុងផ្សារទំនើប និងហាងលក់អាហារធំៗ ភាគច្រើនបានផ្អាកការងារមួយរយៈ បន្ទាប់ពីមានបទបញ្ជាពីអាជ្ញាធរខេត្តទាំងនេះដោយសារខ្លាចឆ្លងជំងឺកូវិដ១៩។ ពលការិនីខ្មែរធ្វើការក្នុងហាងលក់ម្ហូបអាហារនៅខេត្តជាប់ទីក្រុងបាងកក លោកស្រី ម៉ន គឹមលី ថ្លែងថា ចាប់តាំងពីថៅកែផ្អាកលក់ម្ហូបអាហារមក គឺបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកស្រី។លោកស្រីបន្ថែមថា ក្រុមគ្រួសារនៅស្រុកខ្មែរពឹងផ្អែកទាំងស្រុកលើប្រាក់ចំណូលរបស់ខ្លួន ផ្ញើទៅឱ្យពួកគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពីព្រោះពួកគាត់ក្រីក្រ ហើយគ្មានរបរផ្សេងរកប្រាក់ចំណូលឡើយ៖ «បើថាដល់យូរថ្ងៃទៅមុខទៀតគិតអីមិនចេញទេ មុខតែងាប់អស់ហើយ ហើយម្ចាស់បន្ទប់គេមិនបានពន្យារឱ្យទេថ្លៃបន្ទប់គេនោះ ដល់ថ្ងៃដឹងតែគេមកទារប្រាក់ពីយើងហើយ សូម្បីតែថ្ងៃធម្មតាលើសតែ៥ថ្ងៃក៏គេគិត៥០បាតដែរ ហើយនៅនេះមានតែកន្លែងនេះឯងថោកជាងគេ។ខ្ញុំអន់ចិត្តណាស់ គេអ្នកមានអំណាចគេរស់នៅស្រួល តែអ្នកក្រដូចខ្ញុំធ្វើការរហេមរហាមនៅស្រុកថៃ ហើយនៅស្រុកខ្មែរអាជ្ញាធរដូចមិនសូវយកចិត្តទុកដាក់ដល់ពលរដ្ឋទេ ខុសពីប្រទេសថៃគេជួយពលរដ្ឋគេ»។ លោកស្រីបន្តថា សព្វថ្ងៃពួកគាត់ជួលបន្ទប់តម្លៃជាង ១ពាន់បាត ឬស្នើជាង ៣០ដុល្លារអាមេរិកស្នាក់នៅរួមគ្នាជាមួយពលករខ្មែរដទៃទៀតដែលអត់ការងារធ្វើដូចគ្នាដើម្បីសន្សំប្រាក់ចាយវាយឱ្យបានយូរថ្ងៃទៅមុខទៀត។ ក្រៅពីពលករអត់ការងារនេះហើយ មានពលករខ្មែរខ្លះទៀត ដែលទើបតែត្រឡប់មកពីពន្យារសុពលភាពទិដ្ឋាការស្នាក់នៅប្រទេសថៃ ដោយពួកគេបានឆ្លងដែនទៅកម្ពុជានោះ ក៏ត្រូវបានថៅកែថៃឱ្យផ្អាកធ្វើការងារមួយរយៈដែរ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺ រាតត្បាតនេះ។

ពលករខ្មែរធ្វើការរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅខេត្តអយុធ្យា (Ayuthtaya) លោក ជា សេងអនុជ ឱ្យដឹងថា នៅកន្លែងលោកធ្វើការមានពលករខ្មែរប្រមាណ១០រួមទាំងលោកផង ត្រូវបានថៅកែដាក់ឱ្យក្នុងបន្ទប់ដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាព៖ «គេឱ្យយើងនៅក្នុងបន្ទប់ដែលយើងធ្លាប់នៅបន្ទប់ជួល គេប្រាក់ថាឱ្យខ្ញុំនៅក្នុងបន្ទប់កុំឱ្យដើរចេញក្រៅ ហើយជំនួយការខ្មែរយើងគេតាមខ្ញុំរាល់ថ្ងៃ។ខ្ញុំអត់ខកចិត្តទេព្រោះរឿងការពារទាំងអស់គ្នា ព្រោះយើងមើលអត់ឃើញមិនដឹងអ្នកណាឆ្លងជំងឺនេះ អីចឹងយើងត្រូវឱ្យគេធ្វើអីចឹងទៅ»។ នៅរសៀលថ្ងៃទី២៤ មីនា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូរឆា (Prayut Chan-o-cha) បានប្រកាសថា រដ្ឋាភិបាលថៃនឹងប្រើច្បាប់ប្រកាសអាសន្ន នៅថ្ងៃទី២៦ មីនា ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩។ ចំណុចសំខាន់ៗ នៃច្បាប់នេះ គឺមានដូចជា តម្រូវឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះមួយរយៈ ឬក៏កំណត់ផ្ទៃដីក្នុងការធ្វើដំណើររបស់ពលរដ្ឋ ហើយប្រសិនបើជនណាល្មើសនឹងត្រូវរងពិន័យ តាមច្បាប់។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ទទួលបន្ទុកផ្នែកពលករ លោក គឹម ចំរើន និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

ទោះជាយ៉ាងណា លោក គឹម ចំរើន បានអំពាវនាវដល់ពលករខ្មែរធ្វើការនៅប្រទេសថៃឱ្យអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលថៃ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត១៩។ មន្ត្រីរូបនេះបានប្រកាសនៅក្នុងហ្វេសប៊ុកស្ថានទូតខ្មែរនៅទីក្រុងបាងកក កាលពីថ្ងៃទី២៣ មីនាទៀតថា នៅអំឡុងពេលនេះ ប្រសិនបើពលករណាអស់សុពលភាពទិដ្ឋាការស្នាក់នៅប្រទេសថៃ គឺអាចស្នាក់នៅបន្តបានរហូតដល់ស្ថានការណ៍ប្រក្រតីឡើងវិញ ដោយពុំមានការចាប់ចងនោះទេ។ប្រភពដដែលបន្ថែមថា ខាងស្ថានទូតនឹងផ្ដល់ព័ត៌មានជូនដល់ពលករទៀតប្រសិនបើមានការដំណឹងថ្មីពីរដ្ឋាភិបាលថៃ។ ប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោកឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរដែលអត់ការងារធ្វើនៅក្នុងប្រទេសថៃទាំងនោះ អាចប្រឈមនឹងដាច់ស្បៀង ហើយភាគច្រើនជាពលករទៅធ្វើការដោយខ្លួន គឺមិនមែនអ្នកទៅធ្វើការតាមរយៈ អនុស្សរណៈយោគយល់ អិមអូយូ (MOU) រវាងរដ្ឋាភិបាលកម្ពុជានិងថៃ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួននាំពលករធ្វើការក្នុងប្រទេសមួយនេះ។លោកបន្ថែមថា ពលករដែលទៅធ្វើការតាមរយៈ អឹមអូយូ (MOU) នេះនឹងទទួលបានប្រាក់ខែ ៥០ភាគរយពីខាងក្រុមហ៊ុន ប្រសិនបើពួកគេត្រូវបានផ្អាកពីការងារដោយសារជំងឺកូវិដ១៩៖ «ហើយប្រសិនបើពលករថៃទទួលបាន ៥០ភាគរយនៃពលករដែលអត់មានការងារធ្វើហ្នឹងពលករខ្មែរក៏ត្រូវទទួលបាន៥០ភាគរយដែរ។មួយទៀតត្រូវធានាបាននូវអ្នកដែលធ្វើការងារក្រៅប្រព័ន្ធហ្នឹងឱ្យទទួលបានប្រាក់ចំណូលដូចប្រទេសថៃដែរ ព្រោះកន្លងមកគាត់ក៏ធ្វើការដែរ ប៉ុន្តែគ្រាន់តែថៅកែមួយចំនួនអត់បានធ្វើប័ណ្ណប.ស.សផ្អាក អីចឹងគាត់អត់ទទួលសិទ្ធិទទួលបាន ៥០ភាគរយហ្នឹងទេ ករណីថាបើត្រូវបញ្ឈប់ពីការងារឬអត់មានការងារធ្វើហ្នឹង»។

ទោះជាយ៉ាងណាលោកថា ករណីនេះប្រសិនបើស្ថានការណ៍អូសបន្លាយយូរ គឺរដ្ឋាភិបាលកម្ពុជាគួរតែត្រៀមស្បៀង ដើម្បីផ្គត់ផ្គង់ដល់ពលករទាំងនោះ សម្រាប់ហូបចុកក្នុងពេលដាច់ស្បៀងនៅពេលខាងមុខ។មន្ត្រីសង្គមស៊ីវិលរូបនេះព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយរឿងនេះទេ អាចនឹងមានពលករមួយចំនួនធំនាំគ្នាត្រឡប់ទៅផ្ទះវិញ ហើយបណ្ដាលឱ្យកកស្ទះនៅតំបន់ព្រំដែនកម្ពុជាថៃជាមិនខាន។

របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរកំពុងធ្វើការប្រទេសថៃមានជាង ១លាន ១ សែននាក់ (១.១០០.០០០)។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ ឱ្យដឹងថាមានពលករខ្មែរស្របច្បាប់និងខុសច្បាប់ប្រមាណ ២លាននាក់ (២.០០០.០០០) កំពុងធ្វើនៅប្រទេសថៃ៕

website_news/2020260314.txt · Last modified: 2020/03/26 16:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki