website_news:2020260502

ឃាត់ខ្លួនជនបរទេសម្នាក់ ករណីការទិញពេស្យាចារកុមារ

http://kampucheathmey.com/ 25/5/2020 8:15 Pm

សៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តសៀមរាប បានចាប់ឃាត់ ខ្លួនជនបរទេសម្នាក់ ករណីទិញពេស្យាចារកុមារ។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានឲ្យដឹងថា ការចាប់ខ្លួនជនខាងលើបានធ្វើឡើង កាលពីម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លោកបន្តថា ជនសង្ស័យមានឈ្មោះ TRILESSKY RAN អាយុ៤៣ឆ្នាំ ភេទប្រុសជនជាតិអ៊ីស្រាអែល កាន់លិខិតឆ្លងដែនថតចម្លងលេខ 23293412។ ជននេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនសាលក្រមលេខ 263 (គ) ចុះថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩។

លោកនាយការិយាល័យបន្តថា តាមសេចក្តីរាយការណ៍ ជនបរទេសម្នាក់នេះ កាលពីចុងខែមេសាឆ្នាំ២០២០ បានជិះម៉ូតូដើររកកុមារីនៅតាមភូមិសុំធ្វើជាកូនធម៌។ បន្ទាប់មកជនបរទេសនោះ បានចូលមកផ្ទះជួលរបស់ឈ្មោះ យ៉ា ម៉ៃសារី ហើយបានទាក់ទងកូនគាត់ម្នាក់ ឈ្មោះ លី ហ្វីហ្សាស់ ភេទស្រី អាយុ១១ឆ្នាំ។ លោកបន្ថែមថា ក្រោយពេល ធ្វើការជាមួយជនរងគ្រោះភ្លាម ឈ្មោះ លី ហ្វីហ្សាស់ និងម្ដាយបានឆ្លើយថា ជនបរទេសនេះបានទៅដល់ផ្ទះរបស់គាត់នៅអំឡុងចុងខែ មេសា ឆ្នាំ ២០២០ចំនួន ២ដង ហើយបានចាប់កូនស្រីរបស់គាត់ឈ្មោះ លី ហ្វីហ្សាស់ ទៅដេកអោបក្នុងផ្ទះរបស់គាត់ ដោយដេកអោបថើបបឺតមាត់ និងស្ទាបអង្អែលប្រដាប់ភេទលេង ហើយកូនស្រីរបស់គាត់ខ្លាចក៏រត់ចេញ ជនបរទេសនោះក៏បានលួងលោមឲ្យប្រាក់ ៥ម៉ឺនរៀល។

ក្រោយមកជនបរទេសនោះបានទៅរកកូនស្រីគាត់ម្តង ទៀតតែគាត់មិនឲ្យចូលផ្ទះ។ លុះយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០នេះ ជននេះទៅម្តងទៀត ទើបគាត់រាយការណ៍ជូនប្រជាការពារភូមិឲ្យជួយតែម្ដង។ ករណីនេះមានជនរងគ្រោះ ៤នាក់ ហើយ ត្រូវបានអាណាព្យាបាលប្តឹង ទាំង៤នាក់។ លោកជា ហេង បញ្ជាក់ទៀតថា តាមការ សាកសួរជនសង្ស័យមិនសារភាពទេ ព្រមទាំងមានចរិតច្រងេងច្រងាងដាក់សមត្ថកិច្ចថែមទៀត។ ជននេះ ត្រូវឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចាត់ការតាមនីតិវិធី៕ កុសល

website_news/2020260502.txt · Last modified: 2020/05/26 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki