website_news:2020260503

ប្រតិភូខេត្តសៀមរាប ចុះសួរសុខទុក្ខ និងណែនាំពីវិធានការបង្កា ការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋដែលទើបវិលត្រឡប់ពីក្រៅប្រទេស

https://grandnewsasia.com/ 25-05-2020

សៀមរាប៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ប្រតិភូខេត្តសៀមរាបដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣នាក់ ស្រី ៨នាក់នៅសាលាបឋមសិក្សាច្រនាង ភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនដោយឡែករយៈពេល១៤ ក្នុងការបង្ការការពារជំងឺកូវីដ១៩កុំមានការឆ្លងទៅអ្នកដទៃ និងសហគមន៍។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែសម្អាតអនាម័យ និងថែរក្សាសុខភាពរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពប្រទេសយើងមានការថមថយនូវជំងឺកូវីដក៏ដោយ យើងត្រូវតែបង្ការការ ទប់ស្កាត់កុំឱ្យរលកទី២កើតឡើងនៅក្នុងប្រទេសយើងទៀត។ ជាមួយគ្នានេះ ប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារចំនួន ៤៥កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលុច្ស សាប៊ូកក់សក់Clear សាប៊ូបោកខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និងស្បែកជើងផ្ទាត់ទាំង២៣នាក់ផងដែរ៕

website_news/2020260503.txt · Last modified: 2020/05/26 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki