website_news:2020260602

កិច្ចប្រជុំពិភាក្សាពង្រឹងប្រសិទ្ធភាពនៃប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://grandnewsasia.com/ 26-06-2020

សៀមរាប៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប ៦០នាក់ ស្រី ៣៨នាក់។

ក្រោមការដឹកនាំផ្ទាល់ពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ក្រុមការងារលេខាធិការដ្ឋាន បានអនុវត្តសកម្មភាព និងសម្រេចលទ្ធផលជាច្រើនលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ផ្អែកទៅតាមបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន ៖ ពិនិត្យលើបញ្ហានៃការប្រមូលផ្តុំជនអនាថា កុមារអនាថា និងការយកកុមារទៅដើរសុំទាននៅទីកន្លែងសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កុមារ ពិនិត្យទៅការផ្តល់សេវាជូនជនរងគ្រោះ ពិនិត្យការផ្តល់ជំនាញវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ពិសេសបងប្អូនក្រីក្រីដែលទើបត្រឡប់ពីក្រៅប្រទេស ហើយមានតម្រូវការជំនាញ និងបានជំរុញលើការពន្លឿនរឿងក្តីលើមេខ្យល់នាំពលរដ្ឋឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស និងជំរុញលើការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រី យូ សុភា ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ដែលបានសម្របសម្រូលជូនបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីការចំណាកស្រុកនៅប្រទេសថៃ ដែលយើងមានក្រុមការងារប្រចាំការនៅតាមច្រកជាប់ព្រំដែន និងមានក្រុមការងារសម្របសម្រួលនៅក្នុងខេត្ត និងនៅតាមមូលដ្ឋានផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

website_news/2020260602.txt · Last modified: 2020/06/26 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki