website_news:2020260607

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជើញចូលរួមពិធីប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០

http://cambodiapolice.com/policekh/ 11:18 am 26 មិថុនា 2020

សៀមរាប៖ នៅថ្ងៃសុក្រ ០៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ អធិការរងក្រុង/ស្រុកទាំង១២។ ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ឯក សឿន សេន ស្នងការរងទទួលផែនការងារសេនាធិការបានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបស្តីអំពី លទ្ធផលការងារក្នុងកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ដែលកងកម្លាំងតាមបណ្តាការិយាល័យ និងអធិការក្រុង/ស្រុក ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអនុវត្តកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានមតិសំណេះសំណាល វាយតម្លៃលទ្ធផលការងារតាមរយៈការប្រៀបធៀបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ ប្រៀបធៀបជាមួយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ ដែលកងកម្លាំងអនុវត្តកន្លងមក បានសង្កេតឃើញថាករណីព្រហ្មទណ្ឌកើនឡើងចំនួន០១លើក ករណីគ្រោះអគ្គិភ័យកើនឡើងចំនួន១៩លើក ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរអោយកត់សម្គាល់។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការក៏ផ្តល់អនុសាសន៍មួយចំនួនដល់កងកម្លាំងទាំងអស់ត្រូវកែសម្រួល និងអនុវត្តបន្ត៖

១. បង្កើនការក្តាប់សភាពការណ៍ទូទៅក្នុងខេត្ត ពិសេសសភាពការណ៍ការងារសន្តិសុខផ្ទៃក្នុង និងការងារភេរវកម្មដែលបង្កឡើងដោយពួកអមិត្ត និងពួកប្រឆាំង។

២. ចាត់វិធានការបើកកិច្ចប្រតិបត្តការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទអោយបានព្រមៗគ្នាបទល្មើសព្រហ្មទណ្ឌ បទល្មើសផ្លូវភេទ ការជួញដូរស្ត្រី និងកុមារ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង ល្បែងស៊ីសង បន្តអនុវត្តដីការចាប់ខ្លួនដែលនៅសេសសល់នៅក្នុងភូមិសាស្ត្រខេត្ត។

៣. ត្រួតពិនិត្យការចុះបញ្ជីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងសៀមរាប តាមតំបន់ស្មុគស្មាញ និងតាមបណ្តាស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទូទាំងខេត្ត។

៤. ពង្រឹងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តអោយបានល្អប្រសើរសណ្តាប់ធ្នាប់អ្នកលក់ដូរតាមដងផ្លូវទីប្រជុំជនសំខាន់ៗ សណ្តាប់ធ្នាប់កំពង់ផែ និងសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសាធារណៈក្នុងខេត្ត។

៥. បង្កើនកិច្ចប្រតិបត្តិការល្បាត ពួនស្ទាក់ ២៤/២៤ម៉ោង និងត្រៀមអន្តរាគមន៍ទាន់ពេលវេលា។

៦. បង្កើនការសាមគ្គីភាពផ្ទៃក្នុងអោយរឹងមាំ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រមូលផ្តុំកម្លាំងរក្សាសន្តិសុខ ចូលរួមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរដែលមកទស្សនកិច្ចក្នុងខេត្ត។

៧. ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរ។

៨. បន្តចុះពង្រឹងការងារតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសុវត្ថិភាពសហគមន៍តាមផែនការរបស់អគ្គស្នងការនគរបាលជាតិ។

៩. ជំរុញអនុវត្តតាមខ្លឹមសារសេចក្តីណែនាំ០០២សណន របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការបន្ទាន់សម្រាប់បង្ការ និងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ-១៩ ពិសេសមានវិធានការ ទប់ស្កាត់ ការរាតត្បាតនៃជំងឺ កូវីដ ១៩ ក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

website_news/2020260607.txt · Last modified: 2020/06/26 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki