website_news:2020260611

កម្ពុជា បន្តសហការជាមួយម៉ាឡេស៊ី ជួយពលរដ្ឋខ្មែរ ដែលចង់ធ្វើមាតុភូមិនិវត្ត

https://www.thmeythmey.com/ 26, Jun 2020 , 1:50 pm

លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានចូលជួបពិភាក្សាការងារ ជាមួយលោក Hishammuddin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ឡេស៊ី សរសេរថា ជំនួបនេះ គឺផ្តោតលើការពង្រឹង ទំនាក់ទំនងទ្វេភាគី។ ភាគទីទាំងពីរ ក៏បានពិភាក្សាគ្នាដែរ ពីការបន្តកិច្ចសហការក្នុងការសម្របសម្រួលពលករ និងនិស្សិតខ្មែរ ដែលមានបំណងធ្វើមាតុភូមិនិវត្ត នាអំឡុងជើងហោះហើយ ពុំទាន់អាចដំណើរការជាប្រក្រតីឡើងវិញ ដោយសារជំងឺកូវីដ-១៩។

ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើង ភាគីកម្ពុជានិងភាគីម៉ាឡេស៊ី បានជួយសម្របសម្រួលឲ្យមានជើងហោះហើរពីរលើកហើយ ក្នុងការបញ្ជូនពលរដ្ឋខ្មែរ មកស្រុកវិញ។ លើកទីមួយ កាលពីថ្ងៃទី១៦ ខែមិថុនា ពលរដ្ឋខ្មែរជាង២០០នាក់នៅម៉ាឡេស៊ី ដែលភាគច្រើនជាពលករ បានមកដល់កម្ពុជាវិញ។ ក្នុងចំណោមជាង២០០នាក់នោះ មានម្នាក់ជាបុរសអាយុ២១ឆ្នាំ ផ្ទុកមេរោគកូវីដ-១៩ តែឥឡូវ បានជាសះស្បើយវិញហើយ។ លើកទីពីរ នៅព្រឹកថ្ងៃទី២៦ មិថុនានេះ និស្សិតនិងពលករខ្មែរជាង១០០នាក់ទៀត បានមកដល់កម្ពុជា។

ក្រៅពីម៉ាឡេស៊ី រដ្ឋាភិបាល ក៏ដូចជា ស្ថានទូតកម្ពុជានៅប្រទេស ក៏បានជួយសម្រួលនិងស្វែងរកជើងហោះហើរ ឲ្យពលរដ្ឋខ្មែរនៅប្រទេសផ្សេងទៀតដែរ ដូចជាកន្លង និស្សិតខ្មែរជាង៤០នាក់ នៅឥណ្ឌូណេស៊ី និងពលរដ្ឋខ្មែរប្រមាណ៦០នាក់នៅឥណ្ឌា បានធ្វើមាតុភូមិនិវត្ត។ យ៉ាងណា ការចំណាយលើថ្លៃធ្វើដំណើរ គឺជាបន្ទុកផ្ទាល់ខ្លួន៕

website_news/2020260611.txt · Last modified: 2020/06/26 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki