website_news:2020260803

ទាហានថៃបាញ់យុវជនម្នាក់បណ្តាលឱ្យរបួសធ្ងន់ខណចូលកាប់ឈើខុសច្បាប់ក្នុងដីថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 25/08/2020

បាត់ដំបង ៖ ក្រុមទាហានថៃបានបាញ់យុវជនម្នាក់ដែលជាពលរដ្ឋខ្មែរ ឲ្យរងរបួសលើដៃស្តាំម្ខាង ខណដែលរូបគេចូលកាប់ឈើក្នុងទឹកដីថៃ។ តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរូបនេះ រួមទាំងបក្ខពួកប្រមាណ២៩នាក់ បានលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើម្បីរកកាប់ឈើលក់ឲ្យមេឈ្មួញស្រី ដែលឈរជើងចាំទទួលទិញប្រចាំតំបន់នេះ។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចអូរដើមខ្នុរ ( លើទឹកដីថៃ ) ទល់មុខនឹងច្រកពាមតា ត្រង់ចំណុច ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពនៅតំបន់នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋប្រមាណ២៩នាក់ ដែលជាកូនចៅរកស៊ីកាប់ឈើលក់ទៅឲ្យមេឈ្មួញដ៏ធំប្រចាំតំបន់នេះ ដោយពួកគេបាននាំគ្នាលបឆ្លងដែន ចូលទៅក្នុងទឹកដីថៃ ដើម្បីរកកាប់ឈើដូចសព្វមួយដង។ តាមប្រភពខាងលើបានបន្តថា នៅពេលនោះផងដែរកម្លាំងយោធាថៃប្រចាំខ្សែបន្ទាត់ព្រំដែន ក៏បានធ្វើការបាញ់រះជាច្រើនគ្រាប់មកលើពួកគេ បណ្តាលឲ្យចំដៃស្តាំម្នាក់ឈ្មោះ ចាន់ ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត គឺមុខរបួសមានសភាពរយះយ៉ាងធ្ងន់ធ្ងរ ហើយក៏បាននាំគ្នារត់គេចរៀងៗខ្លួន ត្រឡប់មកកាន់ទឹកដីខ្មែរវិញ ដោយឡែកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងផងដែរ៕

website_news/2020260803.txt · Last modified: 2020/08/26 12:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki