website_news:2020260804

កជកៈ កុមារប្រើទូរស័ព្ទ អាចក្លាយជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 25 August 2020 | 14:49 ICT

ភ្នំពេញៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) រកឃើញ ថាកុមារកម្ពុជាមួយចំនួនដែលកំពុងប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាតអាចក្លាយជាជនងាយរងគ្រោះនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ មានដូចជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា។

លោកស្រី ញេប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ Online child sexual exploitation (OCSE) គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិលជាដើម ចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និង ការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ។ លោកស្រីបន្ដថា កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទបានបន្សល់នូវផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត។ កុមាររងគ្រោះភាគច្រើនមានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាចជាដើម។ លោកស្រីបញ្ជាក់ថា៖ «អំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺជាការព្រួយបារម្ភថ្មីមួយបានកើតឡើងគ្រប់រូបភាព ដែលយើងមិនអាចមើលដឹងព្រោះតែការវិវត្តជឿនលឿននៃបច្ចេកវិទ្យា»។ លោកស្រីថ្លែងថា ក.ជ.ក. មានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ ដូច្នេះ ក.ជ.ក កំពុងជំរុញ និងសម្របសម្រួលដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ការពារ និងទប់ស្កាត់ ការរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ។ លោកស្រី សុភាព ឱ្យដឹងថា កន្លងមកកុមារកម្ពុជាក៏ធ្លាប់ជួបប្រទះចំពោះអំពើហិង្សាលើប្រព័ន្ធអនឡាញនេះដែរក្នុងនោះក្រសួងមហាផ្ទៃមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាសេនាធិការកំពុងបន្តចាត់វិធានការ នានាក្នុងការទប់ស្កាត់បញ្ហានេះ។

សេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ ការពារ និងទប់ស្កាត់ ការរំលោភបំពាន លើកុមារតាមប្រព័ន្ធអនឡាញ» អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ របស់ ក.ជ.ក ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែសីហា បង្ហាញថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញគឺជាទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ដែលកំពុងកើតមានឡើងលើប្រព័ន្ធអនឡាញដោយពួកគេប្រើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា។ សេចក្ដីប្រកាសនេះបន្ថែមថា នៅកម្ពុជា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតកើតមានឡើងគួរឱ្យព្រួយបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ មុនពេលវាកើតឡើងបន្ថែមទៀត។ «ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន និងការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាតមានការពេញនិយមនោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារការរំលោភបំពាននេះ។ កុមារកម្ពុជាមួយចំនួនកំពុងប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាតអាចក្លាយជាជនងាយរងគ្រោះនៃការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ»។

លោកស្រី ម៉ែន វណ្ណាវី មន្ដ្រីសម្របសម្រួលគម្រោងប្រចាំប្រទេសកម្ពុជានៃអង្គការដែនដីមនុស្សហូឡង់ (Terre des Hommes-NL) បានថ្លែងថា តាមរយៈការវិភាគស្ថានភាពដំបូងដែលជាចំណុចចាប់ផ្តើមនៃដំណើរការដើម្បីរៀបចំផែនការសកម្មភាពជាតិលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញកុមារ ៨០% ក្នុងចំណោមកុមារប្រឈមបញ្ហាជិត ១ ០០០ នាក់បានរាយការណ៍ថា ពួកគេមិនមានអារម្មណ៍សុវត្ថិភាពទាំងស្រុងនៅលើប្រព័ន្ធអនឡាញឡើយ។ «អង្គការដែនដីមនុស្សហូឡង់មានមោទនភាពក្នុងការជួយគាំទ្រដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ក្នុងការវិភាគស្ថានភាពដំបូង នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជានេះ»។ លោកស្រីឱ្យដឹងថា ក.ជ.ក បាននិងកំពុងរៀបចំសេចក្តីព្រាងផែនការសកម្មភាពឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងការផ្សព្វផ្សាយនៅគ្រប់កម្រិតក្នុងឆ្នាំ ២០២០។ «កិច្ចខិតខំប្រឹងប្រែង ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺទទួលបានផ្លែផ្កាល្អដែលវាចាំបាច់ត្រូវមាននិរន្តរភាពដើម្បីការពារ និងឆ្លើយតបទៅនឹងការរីករាលដាលនៃបញ្ហានេះ»៕

website_news/2020260804.txt · Last modified: 2020/08/26 12:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki