website_news:2020261002

លោកតាស៊ុច អង្វរកកូនចៅពលករនៅស្រុកសិនទៅ ខ្មែរនៅមានកង្កែប ក្តាម គ្រាន់រកស៊ីមិនអត់ងាប់ទេ កុំចាញ់បោកមេខ្យល់ ចូលមកត្រូវថៃចាប់ដាក់គុក ព្រោះថា

https://www.cen.com.kh/ October 23, 2020

ជឿជាក់ថា បងប្អូនប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម បានស្គាល់ហើយលោកតា ស៊ុច ដែលពលរដ្ឋខ្មែរនិងពលរដ្ឋថៃ ស្គាល់លោកតាតាមរយៈថ្វីមាត់ទេសនាដ៏ប៉ិនប្រសប់ប្រកបដោយពាក្យកំប្លុកកំប្លែង ដែលតែងធ្វើឲ្យយាយៗតាៗសើចហៀរទឹកភ្នែកមិនដឹងខ្លួន។ យ៉ាងណាមិញ កាលពីប៉ុន្មានខែកន្លងទៅនេះ ចៅអធិការវត្តនៅខេត្តសុរិន្ទប្រទេសថៃអង្គនេះ ក៏បានធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ព្រះអង្គ ដោយព្រោះតែក្តីអាណិតអាសូរ បានប្រកាសតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផ្តល់ទីកន្លែងស្នាក់នៅក្នុងវត្ត និងសូម្បីធានាបាយទឹក ទៅដល់ពលករខ្មែរប្រមាណជា៣០០នាក់ ដែលបានជាប់គាំង ខណៈថៃបានបិទព្រំដែនដោយសារហេតុផលជំងឺកូវីដ១៩ ដែលកំពុងវាយលុកជាសាកលនៅពេលនោះ។

ដោយឡែក ថ្មីៗនេះ លោកតា ស៊ុច ក៏បានចេញវីដេអូទូន្មានដ៏គួរឲ្យចាប់អារម្មណ៍ជាថ្មីម្តងទៀត ដោយព្រះអង្គបានសំណូមពរឲ្យកូនចៅខ្មែរ ដែលជាពលករ ប្រសិនបើអាចផ្អាកចូលទឹកដីថៃសិនទៅ កុំចាញ់បោកមេខ្យល់អស់លុយកាក់ដោយអ្នកខ្លះអស់ ១០០ ដុល្លារ និងខ្លះទៀតក៏អស់ជាង ១០០ ដុល្លារ ហើយទីបំផុតចូលមកត្រូវអាជ្ញាធរថៃចាប់ខ្លួនដាក់គុកទៀត។ ព្រះអង្គបានលើកឡើងបែបនេះ គឺដោយសារព្រះអង្គបានដឹងច្បាស់ថា ពេលនេះថៃគេមិនទាន់បើកព្រំដែនឲ្យចូលប្រទេសស្របច្បាប់នោះទេ។ តាមរយៈការសំណូមពរពីចម្ងាយនេះផងដែរ លោកតា ស៊ុច ក៏បានមានសង្ឃដីកាលើកឡើងនូវហេតុផលមួយចំនួនថា៖ «វាមិនអត់ងាប់ទេ ប្រទេសខ្មែរមានកង្កែប ក្តាម គ្រាន់រកស៊ី ប្រទេសថៃមិនមែនទេ កង្កែប ក្តាម ទេឥឡូវនេះនោះ គេបាញ់គីមីងាប់អស់ហើយ ដើមម្អមក៏មិនមែន ម្លក់ចង្វារទូកក៏មិនមែន ម្លក់ធុងត្រីមិនមែន ម្លក់បាត់ប្តីក៏អស់ នៅតែត្រកូនទេសព្វថ្ងៃនោះ»។ ព្រះអង្គក៏បានបញ្ចាក់ និងសួរទៅពលរដ្ឋខ្មែរយ៉ាងដូចឆោតថា «នៅថៃកូនកង្កែប កូនក្អាត់ ងាប់អស់ហើយញោម គេបាញ់គីមីងាប់អស់ហើយ ខ្មែរមិនទាន់មានគីមីច្រើនដូចថៃទេ នៅតែរកស៊ីបានតើ ចុះកាលពីថៃមិនទាន់បើកឲ្យចូល ហេតុអីយើងនៅអាចរកស៊ីបាន? ដល់ពេលផ្ទុះកូវីដ១៩ តាំងធ្វើឯងណាសម្រុកចូលមក ដោយម្នាក់ៗចង់ណាស់មកថៃ។ ហេតុនេះ ព្រះអង្គក៏សូមអង្វរកកូនចៅខ្មែរជាពលករ សូមនៅស្រុកស្រែយើង នៅឲ្យសុខសប្បាយសិនទៅ កុំមកឲ្យគេចាប់ខ្លួន ហើយត្រូវខាតបង់លុយម្នាក់១០០, ១៣០ ឬ ១៥០ ដុល្លារ ឥតប្រយោជន៍ទៀត។

គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ មានពលករខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជារឿយៗ ខណៈព្យាយាមលួចចូលទឹកដីថៃតាមតំបន់ព្រៃ ឬ ច្រករបៀង តាមរយៈមេខ្យល់ ដែលយករួចតែខ្លួន និងលុយដែលធានាថាអាចរកការងារឲ្យធ្វើបាននៅថៃ៕ ដោយ៖ លឹម ហុង

website_news/2020261002.txt · Last modified: 2020/10/26 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki