website_news:2020270102

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការរៀបចំសិក្ខាសាលាជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន

https://www.facebook.com/ General Department of Labour January 25 at 9:26 AM •

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការរៀបចំសិក្ខាសាលាជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន និងអង្គការបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស (OTIT) នៃប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយគោលការណ៍ថ្មីៗនៃការអនុវត្តគម្រោងបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស-ពលករជំនាញទៅប្រទេសជប៉ុន។

សិក្ខាសាលា ត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងលោក ARIGA Yasuo អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម មន្រ្តីទទួលបន្ទុកនៃអង្គការ OTIT តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សមាគមបញ្ជូនពលករទៅក្រៅប្រទេស និងតំណាងទីភ្នាក់ជ្រើសរើសឯកជនកម្ពុជា ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០ នាក់។

នៅក្នុងកម្មវិធីសិក្ខាសាលានេះ តំណាងរដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្សព្វផ្សាយ និងណែនាំទៅដល់ក្រុមហ៊ុនបញ្ជូននូវគោលការណ៍ច្បាប់ និងបទប្បញ្ញតិ្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ របស់កម្មសិក្សាការី-ពលករជំនាញ នៅអំឡុងពេលបំពេញការងារ ទៅដល់ទីភ្នាក់ងារជ្រើសឯកជនកម្ពុជា។ ជាមួយគ្នានេះដែរ តំណាងរដ្ឋាភិបាលនៃប្រទេសជប៉ុន បានអរគុណនូវការខិតខំប្រឹងប្រែងដោយមានកិច្ចសហការខ្ពស់ក្នុងការអនុវត្តគម្រោងពីគ្រប់ភាគីទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសកម្ពុជា សមាគម ឬស្ថាប័នទទួលនៃប្រទេសជប៉ុន និងកម្មសិក្សាការី-ពលករជំនាញជាដើម ដែលធ្វើឱ្យគម្រោងកម្មសិក្សាការី-ពលករជំនាញពីប្រទេសកម្ពុជា មានដំណើរល្អ និងកាន់តែកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

ថ្លែងបិទកម្មវិធីសិក្ខាសាលានេះ ឯកឧត្តមប្រធានអង្គសិក្ខាសាលា បានថ្លែងអំណរគុណដល់តំណាងភាគីក្រសួងនៃប្រទេសជប៉ុន ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្នើសុំឱ្យមានការសហការពីអ្នកចូលរួមទាំងអស់ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ពេលអនុវត្តគម្រោងបញ្ជូនកម្មសិក្សាការី និងពលករជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ឱ្យបានកាន់ល្អប្រសើរថែមទៀត។

website_news/2020270102.txt · Last modified: 2020/01/27 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki