website_news:2020270105

ពលករខ្មែរចំណាកស្រុកមកពីខេត្តកំពង់ចាមជិត ២០នាក់ ត្រូវថៅកែថៃមិនបើកប្រាក់ឈ្នួលឲ្យ

https://www.facebook.com/LabourOfficial/ 26-01-2020

ប្រភពពីខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០នេះ បានអោយដឹងថា ពលករខ្មែរប្រុសស្រី ជិត២០នាក់ ធ្វើការសំណង់នៅក្នុងតំបន់ប៉ាតាយ៉ា ស្ថិតក្នុងស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ ត្រូវថៅកែម៉ៅការសំណង់ជាជនជាតិថៃ មិនព្រមបើកប្រាក់ឈ្នួលជូនពួកគាត់អស់រយៈពេលជាង ៣ខែមកហើយ ។តាមការកញ្ចក់ពីស្ដ្រី ពលករខ្មែរម្នាក់ឈ្មោះ ជ័យ ស្រូយ អាយុ ៥៣ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិអណ្ដូងពេជ្យ ឃុំព្រែកកក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបរាប់អោយដឹងថា គាត់បានចំណាកស្រុកមកធ្វើការជាមួយថៅកែម៉ៅការសំណង់ខាងលើអស់រយៈពេលជាង ២ឆ្នាំមកហើយ ដោយទទួលបានប្រាក់ឈ្នួលធ្វើការ ជាង៣០០បាត ក្នុងមួយថ្ងៃ ។ ចាប់តាំងពីចុងឆ្នាំ២០១៩ មកថៅកែគាត់មិនបានបើកប្រាក់ឈ្នួលធ្វើការអោយគាត់នៅទេ ថៅកែបើកត្រឹមប្រាក់ខ្ចីសម្រាប់ទិញអាហារហូបចុកបណ្ដោះអាសន្នប៉ុណ្ណោះ។

បច្ចុប្បន្នថៅកែម៉ៅការខាងលើបានប្ដូរទីតាំងទៅធ្វើការនៅកន្លែងផ្សេង ដោយទុកគាត់អោយដេករងចាំនៅទីនេះទាំងស៊ីអត់ស៊ីឃ្លាន។ គាត់បានបន្ថែមទៀតថា ថៅកែនោះបានប្រាប់គាត់ថាគេមិនបានបោកពួកគាត់ទេ ប៉ុន្ដែមិនដឹងបើកប្រាក់ឈ្នួលអោយនៅពេលណា គាត់ប្រាប់ថា ចាំថៅកែរកប្រាក់បានសិននឹងយកមកបើកជូន។ បច្ចុប្បន្នពលករខ្មែរដែលមិនបានទទួលប្រាក់ឈ្នួលទាំងអស់ បាននាំគ្នាវិលត្រឡប់ទៅស្រុកកំណើតវិញអស់មួយចំនួនធំហើយ នៅសល់តែគាត់ប្រមាណ ៧,៨នាក់ប៉ុណ្ណោះ។ ចំពោះរឿងប្ដឹងផ្ដល់ទាមទារអោយថៅកែបើកប្រាក់ឈ្នួលជូនគាត់ ធ្លាប់គិតថាទៅប្ដឹងសមត្ថកិច្ចថៃដែរតែមិនហ៊ានប្រឈមនឹងថៅកែណាមួយអ្នករងគ្រោះផ្សេងទៀតមិនចូលរួមសហការប្ដឹងថៅកែនេះ ដូច្នេះហើយទើបបណ្ដោយឲ្យថៅកែនោះរត់គេចទៅធ្វើការកន្លែងផ្សេងទៀតបាត់ទៅ។

ក្នុងករណីនេះដែរបណ្ដាញពលករខ្មែរនៅប្រទេសថៃ បានណែនាំនីតិវិធីច្បាប់ជម្រុញអោយពួកគាត់រួមសហការគ្នាដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចថៃ ដើម្បីទាមទារប្រាក់ឈ្នួលដែលគាត់ធ្វើការតាមចំនួន ប៉ុន្តែពួកគាត់មួយចំនួនមិនហ៊ានប្រឈម ដូច្នេះហើយក្រុមការងារបានផ្ដល់លេខទូរស័ព្ទសម្រាប់គាត់ទំនាក់ទំនង នៅពេលណាមួយដែលគាត់ត្រូវការអោយក្រុមការងារជួយអន្តរាគមន៍ក្នុងការនាំទៅប្ដឹងទាមទារប្រាក់ឈ្នួលតាមផ្លូវច្បាប់។ ក្រុមការងារបណ្ដាញពលករខ្មែរនៅប្រទេសថៃ 26.01.2020

website_news/2020270105.txt · Last modified: 2020/01/27 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki