website_news:2020270307

ពលករ១៨០នាក់ត្រូវរស់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូវីដ១៩

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ១៦:៤៤ យ៉ាន់ ចាន់ថេត

ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយបានធ្វើឡើងនៅសាលាស្រុកបាធាយ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្នុងនោះអាជ្ញាធរខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលនៅមូលដ្ឋានត្រូវសហការជាមួយមេឃុំ ដើម្បីធ្វើការតាមដានពលករចំនួន១៨០នាក់ ដែលទើបនឹងត្រឡប់មកពីធ្វើការនៅបរទេស ។ ពោលគឺឲ្យរស់នៅដាច់ដោយឡែកពីសមាជិកក្រុមគ្រួសារ ដើម្បីតាមដានរកមើលអ្នកផ្ទុក Covid-19។

លោក ផេន សុផល អភិបាល ស្រុកបាធាយ បានលើកឡើងថា ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រសាសន៍ណែនាំពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្រុកបានខិតខំធ្វើការប្រជុំផ្សព្វផ្សាយ និងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋចំណូលស្រុកទាំងក្នុងប្រទេស និងក្រៅប្រទេស ជាប់ជាប្រចាំ ជាក់ស្ដែងគិតមកត្រឹមថ្ងៃទី២៥ មីនា ចំណូលស្រុកសរុបមានចំនួន២២៥នាក់ ក្នុងនោះចំណូលស្រុកក្នុងប្រទេសមានចំនួន៤៥នាក់ និងចំណូលស្រុកមកពីក្រៅប្រទេសមានចំនួន១៨០នាក់ ។ ប៉ុន្តែមិនទាន់មានមុខសញ្ញាសង្ស័យណាមួយនៅឡើយទេ។

លោក កែវ នាឬទ្ធិ អភិបល រងខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រសិនណាបើមានការសង្ស័យទៅលើពលករចំណូលស្រុកមកពីបរទេសណាម្នាក់ ត្រូវតែយកចេញពីសហគមន៍មកកាន់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកស្រុក ដោយដាក់នៅដាច់ដោយឡែកពីគេ ដើម្បីចៀសវាងកុំឲ្យមានការចម្លងជំងឺ។ ជាមួយនោះដែរ មន្ត្រីឃុំ និងមន្ត្រីបម្រើការងារនៅតាមមណ្ឌលសុខភាព ត្រូវតែបង្កើនការប្រុងប្រយ័ត្នត្រូវពាក់ម៉ាសការពារ ដើម្បីកុំឱ្យឆ្លងជំងឺCovid-19 ប្រយោជន៍ជៀសវាងកុំឲ្យឆ្លងនៅក្នុងសហគមន៍។ លោកកែវ នាឬទ្ធិ អភិបាលរងខេត្ត មានប្រសាសន៍បន្តឲ្យដឹងទៀតថា ដោយសារតែកត្តាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ក្តៅ ហើយមេរោគនេះឆាប់ងាប់ តែក៏មិនត្រូវធ្វេសប្រហែសដែរ បើតំបន់ត្រជាក់នៅអឺរ៉ុបវិញ មេរោគនេះរស់នៅបានជាច្រើនម៉ោង។ ហើយដោយទទួលបានការណែនាំពីសំណាក់លោកអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំ ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយពីវិធានការការពាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះត្រូវណែនាំដល់ពលករទាំង១៨០នាក់ ដែលត្រឡប់មកពីធ្វើការនៅបរទេសធ្វើយ៉ាងណាឧស្សាហ៍លាងដៃនឹងសាប៊ូ ឬជែល និងពាក់ម៉ាស់ ដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។

ជាមួយនោះ តាមរយៈការចាក់ស្ពតជាសំឡេង អប់រំដោយបានធ្វើឡើងគ្រប់ឃុំនៅក្នុងស្រុកបាធាយ ហើយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនឡើងៗ។ សព្វថ្ងៃបើក្រឡេកទៅមើលប្រទេសអ៊ីតាលី ប្រជាពលរដ្ឋបាត់បង់ជីវិតច្រើន ដោយសារតែពលរដ្ឋរបស់ខ្លួនមិនគោរពតាមការណែនាំរបស់អាជ្ញាធរដូចជា មានការបំពានជួបជុំគ្នាផឹកស៊ីជាដើម ចំណែកនៅសហរដ្ឋអាមេរិកវិញ ក៏មានអត្រាការឆ្លងជំងឺ Covid-19 ច្រើន និងបណ្ដាលឱ្យបាត់បង់ជីវិតជាបន្តបន្ទាប់ ហើយមេរោគនេះបន្សំខ្លួនទៅនឹងអាកាសធាតុត្រជាក់ដោយរស់នៅបានជាច្រើនម៉ោងថែមទៀត។លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ប្រសិនណាបើមានប្រជាពលរដ្ឋរស់នៅតាមភូមិ-ឃុំណាមួយក្នុងស្រុកបាធាយ មានបញ្ហាសុខភាពមិនស្រួលត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ដែលអាចនឹងត្រូវបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។សព្វថ្ងៃម៉ាសលក់នៅលើទីផ្សារថ្លៃហើយ ប្រសិនបើយើងមិនមានម៉ាសប្រើអាចប្រើក្រមាខ្មែរជំនួសក៏បានដែរ។

រូបលោកសូមស្នើសុំឲ្យលោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយ ត្រូវតាមដានពិនិត្យមើលនាយប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំ ត្រូវរួមសហការជាមួយលោកមេភូមិមេឃុំ ដោយចុះអប់រំពលករដែលមកពីបរទេស មិនឲ្យមានការជួបជុំគ្នាផឹកស៊ី ដើម្បីបញ្ចៀសកុំឲ្យមានការឆ្លងជំងឺនៅក្នុងសហគមន៍។ ដោយឡែកសហជីពវិញ ក៏បានចូលរួមផ្សព្វផ្សាយអប់រំទៅដល់កម្មករ កម្មការិនីបម្រើការងារនៅតាមរោងចក្រនៅក្នុងស្រុកបាធាយ បានគ្រប់កន្លែង ប្រសិនណាបើយើងសហការគ្នាធ្វើបានល្អយ៉ាងម៉ត់ចត់រំពឹងថា នៅក្នុងខែមេសាខាងមុខនេះ នឹងកាត់បន្ថយជំងឺ Covid-19 ឲ្យមានការថមថយ។ ហើយការិយាល័យសុខាភិបាលស្រុកបាធាយ ត្រូវតែដោះស្រាយជាបន្ទាន់ដោយទិញអាកុល ឬជែល មកប្រើប្រាស់នៅតាមការិយាល័យ និងដាក់នៅតាមមណ្ឌលសុខភាព ដើម្បីឲ្យប្រជាពលរដ្ឋមករកសេវាសុខាភិបាល បានប្រើលាងដៃសម្អាតសម្លាប់មេរោគ ហើយសូមឱ្យអាជ្ញាធរភូមិ-ឃុំ-ស្រុក រួមទាំងខេត្ត ត្រូវសហការគ្នាឲ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2020270307.txt · Last modified: 2020/03/27 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki