website_news:2020270308

ស្ថានទូតកម្ពុជា៖ ក្នុងពេលដាក់ប្រទេសក្នុងភាពអាសន្ន ថៃអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅលើសពេលកំណត់

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 26/03/2020 - 12:50 ដោយ៖វណ្ណ សុគន្ធា

នៅថ្ងៃទី២៦ ខែមីនានេះ ថៃបានដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែការវាយលុករបស់ជំងឺកូវីដ-១៩។ ការដាក់ប្រទេសក្នុងភាពអាសន្ននេះ ថៃមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឡើយដែលធ្វើឱ្យពលករខ្មែរមួយចំនួនជាប់នៅថៃ។ ប្រឈមនឹងបញ្ហានេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានជូនដំណឹងដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃកុំឱ្យមានការព្រួយបារម្ភពីការស្នាក់នៅព្រោះថៃអនុញ្ញាតឱ្យស្នាក់លើសពេលកំណត់បាន។

តាមរយៈសេចក្តីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រកាសប្រាប់ដល់ពលករខ្មែរដែលទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់សុពលភាពថា ក្រសួងការងារថៃនឹងបន្តឱ្យស្នាក់នៅជាបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោល គឺលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីពលករខ្មែរត្រូវការធ្វើការងារបន្ត ត្រូវឱ្យនិយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបជូនថា រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។ ការដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺអាជ្ញាធរថៃមិនអនុញ្ញាតឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃឡើយ។ ហេតុដូច្នេះហើយ ទាំងពលករខ្មែរ និងជនជាតិខ្មែរដែលទៅទេសចរណ៍នៅប្រទេសថៃពុំអាចចាកចេញមកកម្ពុជាបានទេ។ ចំពោះអ្នកទេសចរខ្មែរ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានមានចំណាត់ការជួយដល់ពួកគេផងដែរ។

តាមរយៈសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ស្ថានទូតកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលចូលទៅប្រទេសថៃជាប្រភេទទេសចរណ៍ អាចស្នើសុំបន្តការស្នាក់នៅនៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ។ បើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ប្រជាពលរដ្ឋខ្មែរដែលមានបំណងបន្តការស្នាក់នៅនៅថៃត្រូវស្នើសុំលិខិតបញ្ជាក់ពីស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឫស្ថានអគ្គកុងស៊ុលនៅខេត្តសាកែវបាន។

គួរបញ្ជាក់ឱ្យដឹងថា មុនថៃប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ ពលករខ្មែរនៅថៃជាច្រើនពាន់នាក់បានសម្រុកចូលមកប្រទេសកម្ពុជាវិញ។ គិតមកដល់ថ្ងៃទី២៦ ខែមីនានេះ ពលករខ្មែរចំនួនជាង៤ម៉ឺននាក់ហើយបានចូលមកដល់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា៕

website_news/2020270308.txt · Last modified: 2020/03/27 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki