website_news:2020270401

សម្តេចតេជោ អនុញ្ញាតអោយពលរដ្ឋខ្មែរ ដែលជាពលករនេសាទ និងជាអ្នកទោស នៅម៉ាឡេស៊ី ត្រឡប់មកខ្មែរវិញ តែតម្រូវអោយធ្វើតេស្តរកជំងឺកូវីដ១៩ នៅម៉ាឡេស៊ី សិន

https://khmernote.com.kh/ កូវីដ-១៩ April 27, 2020 Khmernote

យោងតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះបានអោយដឹងថា ក្រុមការងារអន្តរក្រសួងបានប្រជុំគ្នា និងលើកស្នើទៅកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះពលរដ្ឋខ្មែរដែលជាពលករនេសាទនិងអ្នកទោសនៅម៉ាឡេស៊ី ត្រូវបានរួចទោសអោយត្រឡប់ចូលមកកម្ពុជាវិញ។

ក្នុងសំណើររបស់ក្រុមការងារអន្តរក្រសួងផងដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានអនុញ្ញាតអោយពលករនេសាទ និងអ្នករួចទោសទាំងនោះអោយត្រឡប់ចូលមកកម្ពុជាវិញ ដោយមានលក្ខខណ្ឌមួយគឺតម្រូវអោយមានការធ្វើតេស្តរកមេរោគ កូវីដ-១៩ នៅប្រទេសម៉ាឡេស៊ីជាមុនសិន ហើយប្រសិនបើមានវិជ្ជមានគឺត្រូវព្យាបាលអោយជាសះស្បើយជាមុនសិន ទើបអនុញ្ញាតអោយត្រឡប់មកកម្ពុជាវិញ ហើយពេលដែលមកដល់កម្ពុជាក៏តម្រូវអោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័កបន្តទៀតនៅផ្ទះ។ គួរបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរដែលជា អ្នកទោស ដែលរួចទោសមានចំនួន៧៣នាក់ និងពលករនេសាទ ១៤៩នាក់ កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល៕

website_news/2020270401.txt · Last modified: 2020/04/27 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki