website_news:2020270403

ពលករខ្មែរមួយក្រុមប្រថុយឆ្លងដែនទៅរកការងារធ្វើនៅថៃអំឡុងជំងឺកូវីដ១៩រាតត្បាត

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2020-04-26

ពលករខ្មែរមួយក្រុមមានគ្នាប្រមាណ៧០នាក់ ប្រថុយឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ អំឡុងពេលជំងឺកូវីដ១៩កំពុងរាតត្បាត។ ពលករមួយចំនួនធំមិនបានទៅដល់គោលដៅនោះទេ ដោយប៉ូលិសថៃដេញបាញ់ស្ទាក់ចាប់បានក្នុងពេលកំពុងធ្វើដំណើរ។ ជាមួយគ្នានោះក៏មានមនុស្ស៣នាក់ប៉ុណ្ណោះ បានរត់គេចខ្លួនរួចធ្វើដំណើរទៅដល់ទីក្រុងបាងកក។ តើក្រុមពលករខ្មែរទាំងនោះជួបការលំបាកយ៉ាងណាទើបនាំគ្នាឆ្លងដែនទៅប្រទេសថៃ។

លោក សេក បណ្ឌិត អំពីដំណើរផ្សងព្រេងរបស់ពលករខ្មែរឆ្លងដែនទៅប្រទេសថៃអំឡុងពេលដែលថៃដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចតទៅ។ ពលរដ្ឋខ្មែរទាំង៣នាក់ដែលរត់គេចខ្លួនទៅដល់គោលដៅលើកឡើងស្រដៀងគ្នាថា ការឆ្លងដែនអំឡុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតនេះ ប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងមិនធ្លាប់ជួបប្រទះឡើយ។ ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោក ឈឿម រស្មី រៀបរាប់ថា ពួកគេឆ្លងទៅប្រទេសថៃតាមអូរព្រំដែនក្នុងស្រុកម៉ាឡៃតាមរយៈមេខ្យល់ ដោយបង់ប្រាក់ចំនួន ៣ពាន់បាត ឬប្រមាណ៩៥ដុល្លារអាមេរិកក្នុងម្នាក់។ ពលកររូបនេះ បន្តថា មេខ្យល់ជនជាតិខ្មែរ៣នាក់បាននាំពលករខ្មែរម្ដងជាង២០នាក់ដើរកាត់ព្រៃ និងចម្ការដំឡូងមីរបស់ជនជាតិថៃ តាំងពីម៉ោង៦កន្លះល្ងាចរហូតដល់ម៉ោង ២រំលងអធ្រាត្រទើបដល់កន្លែងជិះរថយន្ត។ លោកបញ្ជាក់ថា ក្នុងពេលធ្វើដំណើរតាមផ្លូវនោះលោកមិនសង្ឃឹមថា នឹងមានជីវិតបានត្រឡប់ទៅខ្មែរវិញឡើយ ពីព្រោះប្រឈមនឹងទាហានថៃបាញ់ស្លាប់ និងភ័យខ្លាចប៉ូលិសថៃចាប់តាមផ្លូវ។លោកបន្តថា ពួកគេបានឡើងជិះរថយន្តចម្ងាយប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះ ស្រាប់តែជួបប៉ូលិសថៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ក៏ប៉ុន្តែអ្នកបើករថយន្តជនជាតិថៃមិនបានឈប់ឱ្យប៉ូលិសត្រួតពិនិត្យនោះទេ ហើយបានបន្ថែមល្បឿនរថយន្តយ៉ាងលឿនដូចអ្នកបើករថយន្តក្នុងក្នុងរឿងកុន បណ្ដាលឱ្យប៉ូលិសថៃបាញ់បែកកង់ឡាន។ លោកបន្ថែមថា ពេលនោះពួកលោកមានគ្នា ៣នាក់បានលោតចេញពីរថយន្តហើយនាំគ្នាស្ទុះរត់ចូលព្រៃ៖ «ប្រថុយណាស់ដូចយកជីវិតមកលេងសើចអីចឹងឯង ជិះឡាន់លឿនក៏លឿន បើសិនជាតម្រួតថៃបាញ់បែកកង់ឡានក្រឡាប់អាចគ្រោះថ្នាក់ដល់ជីវិតទៀត។ ខ្ញុំប្រាប់គេដែរឱ្យគេឈប់ឱ្យប៉ូលិសចាប់ទៅ វាមិនអីទេ វាអត់ឈប់។ខ្ញុំឡើងឡានបានមិនដល់៥នាទីផង ប៉ះគេអស់ជាច្រើនគ្រាប់ចំកង់ឡាន ហើយឡានបើករត់រហូតដល់អស់ខ្យល់បានឈប់ខ្ញុំក៏រត់ចូលព្រៃ។ រត់ដូចមនុស្សផ្អើលអ្វីម្យ៉ាងអីចឹង រត់ចោលខោអាវខ្លះក៏យំខ្លះក៏ស្រែកពេញព្រៃ»។

លោកបន្តថា ពលករផ្សេងទៀតអាចត្រូវប៉ូលិសចាប់ខ្លួន ក៏ប៉ុន្តែពុំដឹងថា ប៉ូលិសថៃបញ្ជូនពលករទាំងនោះទៅកន្លែងណានោះទេ ហើយលោកក៏បន្តដំណើរទៅកន្លែងធ្វើការនៅទីក្រុងបាងកកនៅថ្ងៃទី២៤ មេសា។ លោកបន្ថែមថា ពលករខ្មែរទាំងនោះភាគច្រើនជាពលករធ្វើការស្របច្បាប់ ដែលបានឆ្លងដែនតាមច្រករបៀងត្រឡប់ទៅផ្ទះកាលពីខែមីនា។ លោកថា មូលហេតុដែលលោកសម្រេចចិត្តឆ្លងដែលទៅប្រទេសថៃ ដោយសារនៅផ្ទះពុំមានការងារធ្វើ ហើយថៅកែជនជាតិថៃបានទូរស័ព្ទឱ្យលោកត្រឡប់ទៅធ្វើការវិញ ពីព្រោះនៅកន្លែងធ្វើការពលករបានត្រឡប់ទៅផ្ទះអស់ហើយ ដោយភ័យខ្លាចឆ្លងជំងឺកូវីដ១៩ ទើបបណ្ដាលឱ្យមិនមានអ្នកធ្វើការ។ ទោះជាយ៉ាងណាលោកថា នេះជាលើកទីមួយដែលលោកប្រថុយនឹងគ្រោះថ្នាក់ក្នុងពេលឆ្លងដែនទៅប្រទេសថៃ៖ «ខ្ញុំឈប់ឆ្លងដែនបែបនេះទៀតហើយខ្លាចណាស់ ខ្ញុំមករាល់ដងមានលិខិតឆ្លងដែន (ប៉ាស្ព័រ) ត្រឹមត្រូវ បើមកបែបនេះវេទនាណាស់ ដើរកាត់ព្រៃរហូត ព្រោះពេលនេះថៃគេមិនឱ្យចូលប្រទេសគេ មានតែនាំគ្នាដើរកាត់ព្រៃ។ ខ្ញុំនៅផ្ទះអត់ការងារធ្វើផងណាមួយនៅផ្ទះគ្មានលុយចាយ និងគ្មានប្រាក់សងធនាគារ ហើយទៅធ្វើការសំណង់ក៏គេមិនយក អីចឹងហើយបានសម្រេចចិត្តឡើងទៅថៃវិញបណ្ដោយទៅ»។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលបានរួមដំណើរជាមួយពលករ លោក ទុំ ប៊ុនថន ថ្លែងថា ក្នុងពេលឆ្លងដែននោះលោកស្ទើរស្រក់ទឹកភ្នែក ពីព្រោះក្នុងចំណោលពលករទាំង៧០នាក់នោះ មានស្ត្រីដែលមានកូនខ្ចីអាយុ ៦ខែម្នាក់ផងបានបីកូនឆ្លងដែនក្នុងព្រៃទាំងកណ្ដាលយប់។ លោកបន្ថែមថា នៅពេលនោះលោកឃើញវេទនាភ្នែកខ្លាំងពេកគាត់ក៏បានជួយលីការ៉ុងដាក់ខោអាវរបស់ស្ត្រីកូនខ្ចីម្នាក់នោះរហូតដល់កន្លែងជិះឡាន៖ «បីកូនបណ្ដើរទឹកដោះគោកូនបៅបណ្ដើរ ហើយមានប្អូនថ្លៃមួយហ្នឹងយកបើកកូនកង្ហារឱ្យកូនដេក ដើម្បីកុំឱ្យគាត់យំ គាត់ត្រូវការដេក ដល់ពេលយើងបីគាត់ទាំងយប់កាត់ព្រៃអីចឹងទៅ ដល់ពេលក្មេងយំម្ដងៗខ្ញុំភ័យណាស់ ភ័យខ្លាចប៉ូលិសមកចាប់។ អីចឹងសង្គមនេះឯងធ្វើឱ្យអ្វីបាត់បង់ជាពិសេសធ្វើឱ្យពលករបង្ខំចិត្តឆ្លងដែនទៅប្រទេសថៃ។ ខ្ញុំបានសួរប្អូនស្រីដែលមានកូនខ្ចីហ្នឹងដែរ គាត់ថា បើមិនមកបានអីហូប បើផ្ទះអត់អីហូប ការងារអត់មាន ហើយគ្រួសារសង្ឃឹមលើគាត់ គាត់ថាមួយជំហានស្លាប់ក៏គាត់ត្រូវតែមកថៃដែរ»។

រហូតមកទល់ពេលនេះអាជ្ញាធរថៃនៅតែបន្តដាក់ប្រទេសក្នុងភាពអាសន្នដដែល ដោយហាមឃាត់ប្រជាពលរដ្ឋធ្វើដំណើរចាប់ពីម៉ោង ១០យប់ ដល់ម៉ោង៤ទៀបភ្លឺ ដើម្បីការពារកុំឱ្យរាតត្បាតជំងឺកូវីដ១៩ ។ ប្រសិនបើជនណាល្មើសបម្រាមនេះនឹងមានទោសជាប់ពន្ធនាការ១ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៤ម៉ឺនបាត(៤០,០០០) ឬប្រហែល ១ពាន់ ៣០០ដុល្លា។

ថ្មីៗនេះស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលស្នាក់នៅប្រទេសថៃ ត្រូវសហការជាមួយអាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃបានឃាត់ពលករខ្មែរ១៣នាក់ ដែលឆ្លងដែនទៅធ្វើការងារខុសច្បាប់នៅស្រុកអារញ្ញយ៉ាប្រាថេត (Aranyaprathet) ខេត្តស្រះកែវ (Sra Kao) នៅព្រឹកថ្ងៃទី២៦ មេសា។ អាជ្ញាធរថៃបានបញ្ជូនក្រុមពលករទាំងនោះត្រឡប់ទៅកម្ពុជាវិញនៅរសៀលថ្ងៃដដែល។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករដែលឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតផង និងប្រឈមនឹងថៃចាប់ដាក់គុកផង ព្រោះសព្វថ្ងៃថៃបានដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងរឿងហ្នឹង ហើយក៏សង្វេគយ៉ាងខ្លាំង ដោយសារតែពួកគាត់ប្រថុយជីវិតយ៉ាងនេះ។ នេះជាសារមួយដល់អ្នកដឹកនាំរដ្ឋ ដល់រដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យទៅលើភាពដែលគ្មានការងារធ្វើទាក់ទងទៅលើទីផ្សារលក់កសិផលរបស់កសិករ ហើយនិងការដោះសារបស់មន្ត្រីថ្នាក់ក្រោមមិនបានផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ»។

របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា ពលករខ្មែរប្រមាណ២លាននាក់(២,០០០,០០០)ទៅធ្វើការនៅប្រទេសថៃ ហើយចាប់ពីផ្ទុះជំងឺកូវីដ១៩មក មានពលករខ្មែរជិត១០ម៉ឺននាក់(១០០,០០០)បានត្រឡប់ទៅស្រុកកំណើតវិញដោយសារនៅប្រទេសថៃអត់ការងារធ្វើ។ លោក សុំ ច័ន្ទគា ថ្លែងថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ចេញកញ្ចប់ថវិកាបម្រុងរបស់រដ្ឋដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា មានប្រាក់ជិត ៣ពាន់លានដុល្លារអាមេរិក(៣,០០០)នោះ ជួយដល់ពលរដ្ឋឱ្យបានឆាប់ ជាពិសេសពលរដ្ឋដែលមានជីវភាពក្រីក្រខ្លាំង ដើម្បីឱ្យពួកគាត់មានប្រាក់ទិញស្បៀងអាហារហូបចុក បណ្ដោះអាសន្ន ដោយមិនបាច់ឆ្លងដែនទៅប្រទេសថៃ អំឡុងពេលជំងឺកូវីដ១៩កំពុងតែរាតត្បាត៕

website_news/2020270403.txt · Last modified: 2020/04/27 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki