website_news:2020270406

អភិបាលខេត្តតាកែវ អំពាវនាវឱ្យក្រុមពលករមកពីក្រៅប្រទេស បន្តស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ

http://btv.com.kh/nation-news/ 24/04/2020

តាកែវ ៖ បន្ទាប់ពីមានពលករ ធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ បន្តសម្រុកចូលមកកាន់ខេត្តតាកែវ ជារៀងរាល់ថ្ងៃនោះ អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់ពួកគេ ឱ្យស្នាក់នៅដាច់ដោយឡែក១៤ ថ្ងៃសិន មុននឹងចូលទៅរួមរស់ជុំក្រុមគ្រួសារ។ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវដល់ក្រុមគ្រួសារ ដែលមានបងប្អូនមក ពីក្រៅប្រទេស ត្រូវរៀបចំដាក់ពួកគេឲ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន ជាពិសេស ត្រូវបន្តតាមដានសុខ ភាពឲ្យបានជាប់ជាប្រចាំ ដើម្បីធនាថាពួកគេ គ្មានផ្ទុកមេរោគកូវីដ១៩ ដែលនាំឱ្យឆ្លងរីករាលដាលដល់ សហគមន៍នោះទេ។ ឯកឧត្តម អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែមេសា នេះ ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ៩០គ្រួសារ នៅក្នុងស្រុកគីរីវង់។ ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរ មកពីក្រៅប្រទេស ចូលមកដល់ ខេត្តតាកែវ ចំនួនជាង៣ពាន់នាក់ហើយ។ ពួកគេទាំងនោះ ត្រូវបានពិនិត្យសុខភាពជាមុន ដោយមន្ត្រីសុខា ភិបាល នៅព្រំដែន និងបន្តឆែកសុខភាព លើកទី២ ពេលមកដល់ខេត្តតាកែវ ទើបអនុញ្ញាតឲ្យទៅផ្ទះ។ ប៉ុន្តែពេលមកដល់ស្រុកកំណើត ត្រូវបន្តស្នាក់នៅដាច់ដោយឡែកពីគេ១៤ថ្ងៃសិន ដើម្បីបន្តតាមដានសុខ ភាព ព្រោះជំងឺកូវីដ១៩ វាអាចនៅក្នុងខ្លួនមនុស្ស១៤ថ្ងៃ ទើបចេញរោគសញ្ញា។

ឯកឧត្តម អភិបាលខេត្តតាកែវ បានបន្តថា កន្លងមក អាជ្ញាធរខេត្ត បានរៀបចំបន្ទប់ប្រមាណជាង បីរយ សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ឬអ្នកមានរោគសញ្ញាសង្ស័យ នៅក្នុងក្រុងដូនកែវ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះ ខេត្តតាកែវ មិនទាន់មានអ្នកផ្ទុកជំងឺកូវីដ–១៩ ដែលត្រូវដាក់ឱ្យព្យាបាលនៅឡើយទេ បើទោះបីជា បានបញ្ជូនសំណាកជនសង្ស័យចំនួនជាង៤០នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែលទ្ធផលចេញមក គឺអវិជ្ជមានទាំងអស់។ ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ថា បើទោះបីជាខេត្តតាកែវ មិនទាន់អ្នកផ្ទុកមេរោគកូវីដ១៩យ៉ាង ណាក៏ដោយ ក៏អាជ្ញាធរខេត្ត បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយពីវិធានការអប់រំ របស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ ឲ្យបានជាប់ប្រចាំ ជាពិសេសតាមដានសុខភាពរបស់ពលករ ដែលមកពីក្រៅប្រទេស បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍៕

website_news/2020270406.txt · Last modified: 2020/04/27 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki