website_news:2020270407

ពលករចំណាករស្រុកពីប្រទេសថៃ ចំនួន ១៧ នាក់ទៀត បានវិលត្រឡប់មកដល់ស្រុកកំណើតនៅខេត្តតាកែវ

https://www.cen.com.kh/ April 27, 2020

តាកែវ៖ ពលករចំណាកស្រុកចំនួន ១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តតាកែវ ធ្វើការពិនិត្យ និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ នៅទីតាំងចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យខេត្តតាកែវ ក្រោយពីពួកគាត់ត្រូវបានរថយន្តរបស់កងកម្លាំង ដឹកជញ្ជូនពួកគាត់ពីទល់ដែនប្រទេសថៃ ត្រឡប់មកស្រុកកំណើត នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ។ នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញឲ្យក្រុមគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់លើការតាមដានសុខភាពរបស់ពលករចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ ហើយអាជ្ញាធរពាក់ព័ន្ធគ្រប់ស្រុកក្រុងទាំងអស់ត្រូវតែ ចុះជាប់ជាប្រចាំលើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងគ្នាក្នុងការរក្សានិងការពារសុខភាពរបស់ខ្លួន ជាមួយនិងការចេះសម្អាតអនាម័យលើខ្លួនឯងចេះលាងដៃជាមួយអាល់កុល ឬសាប៊ូ ។

ចំពោះការវិលត្រឡប់របស់ពលករចំណាកស្រុកពីប្រទេសថៃនេះដែរ ពួកគាត់បាននិយាយថា ការវិលត្រឡប់មកនេះមិនមែនកន្លែងធ្វើការរបស់គាត់បិទនោះទេ តែរោងចក្រដែលពួកគាត់ធ្វើនៅក្រៅប្រទេសនោះ មិនបានលើកទឹកចិត្តអោយកម្មករនោះទេ ដោយពីមុនមានបុគ្គលិកចំនួន ២០នាក់ធ្វើការងារ តែលុះផ្ទុះនៅជំងឺកូវីដ១៩ បុគ្គលិកត្រូវបានកាត់បន្ថយ និងឈប់ជាបន្តបន្ទាប់ ហើយទំហំនិងបរិមាណនៃការងារ នៅតែប៉ុណ្ណឹងដដែល បើទោះបីជាបុគ្គលិកថយចុះជាង ៥០%ក៏ដោយ ។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា មកទល់ពេលនេះនៅក្នុងទឹកដីខេត្តតាកែវ នៅមិនទាន់មានវត្តមាន នៃជំងឺកូវីដ១៩ ទេ ហើយក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុកជាប្រចាំ ៕ ដោយ៖ តាកែវ

website_news/2020270407.txt · Last modified: 2020/04/27 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki