website_news:2020270507

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពីបទនាំឆ្លងដែនដោយខុសច្បាប់

http://cambodiapolice.com/policekh/ 11:53 am 27 ឧសភា 2020

ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅ ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុ្សឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា៖ តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះ ផន មុត បានសារភាពថា៖ខ្លួន និងបក្សពួកចំនួន០៣នាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។ មនុស្សទាំង១៥នាក់នេះ គឺមានឈ្មោះ ជាង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យកំរ៉ៃក្នុងម្នាក់៣០០បាត(បីរយបាត) ។ លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖តាមការបំភ្លឺរបស់ពលករទាំងនោះ បានឲ្យថា ពួកគាត់ត្រូវបានគេនាំមកទម្លាក់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីចេញទៅប្រទេសថៃ ដោយគេយកម្នាក់ក្នុងតម្លៃ៣,០០០បាត (បីពាន់បាត)ទៅដល់កន្លែងធ្វើការ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងចម្លើយបំភ្លឺរបស់ប្រជាពលរដ្ឋ ។ជនសង្ស័យឈ្ម៉ ផន មុត ត្រូវបាននគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ ៕

website_news/2020270507.txt · Last modified: 2020/05/27 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki