website_news:2020270509

ក្រសួងសម្រេចយកសាលារៀនខ្លះដាក់ពលករខ្មែរមកពីក្រៅប្រទេសនៅដាច់ដោយឡែក២សប្តាហ៍

http://kampucheathmey.com/ 26/5/2020 11:38 Am

ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកទីតាំងសាលារៀនជម្ពូវ័ន និងសាលារៀនមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ ធ្វើជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីក្រៅប្រទេសវិញ។ លោកស្រីបានបន្តថា ពលករខ្មែរដែលមកពីក្រៅប្រទេសនឹងទទួលបានការធ្វើតេស្ត ស្នាក់នៅ ការហូបចុកនិងការព្យាបាលពីរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ។ លោកស្រីបានបន្ថែមទៀតថា ចំពោះជនបរទេស ដែលចូលមកប្រទេសកម្ពុជាក្រសួងនឹងយកទៅធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ដែលក្រសួងបានរៀបចំ។ ប៉ុន្តែក្នុងករណីពួកគាត់មានលទ្ធភាព ការបង់ថ្លៃអាចមានជម្រើសធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារណាមួយនៅពេលសាមីខ្លួនស្នើសុំ តែត្រូវមានការពិនិត្យតាមដានយ៉ាងតឹងរ៉ឹងពីមន្ត្រីសុខាភិបាល។

លោកស្រីបានបញ្ជាក់ទៀតថា«ក្នុងករណីជនបរទេសណា ដែលមិនព្រមសហការមិនគោរពតាមគោលការណ៍របស់ប្រទេសកម្ពុជា យើងមានអនុក្រឹត្យមួយចែង ហើយពាក់ព័ន្ធនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់នឹងឆ្លើយតបការឆ្លងរាលដាលអន្តរជាតិជំងឺឆ្លង នៅតាមច្រកព្រំដែន ដែលអនុក្រឹត្យនេះ យើងបានអនុវត្តតាំងពីឆ្នាំ២០១៥មកម្លេះដូច្នេះអនុក្រឹត្យនេះ នៅមានសុពលភាព នៅឡើយក្នុងនោះអាចមានជាទណ្ឌកម្មជាព្រហ្មទណ្ឌនិងស្អីៗជាហូហែរដែលមានចែងនៅក្នុងហ្នឹង»។ លោកស្រីបានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ នៅមិនទាន់មានជនបរទេសណាម្នាក់ ទទួលរងនូវទណ្ឌកម្មនៅឡើយដែរពោលគឺ ពួកគាត់បានសហការជាមួយសមត្ថកិច្ចកម្ពុជាបានល្អ៕ អត្ថបទ៖ សំអឿន

website_news/2020270509.txt · Last modified: 2020/05/27 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki