website_news:2020271101

អាជ្ញាធរខណ្ឌដូនពេញ បិទទីតាំងហាងម៉ាស្សា DIAMOND MASSAGE សង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម និងនាំខ្លួនបុរសម្នាក់ទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ

https://www.cen.com.kh/archives/ November 26, 2020

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចេញរបាយការណ៍លំអិត ស្ដីពីករណីចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២ ភូមិ៤ ក្រុម១៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដូចខាងក្រោម÷ 1-លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ 2-លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ 3-លោក ចាន់ កន្ថេត អភិបាលរងខណ្ឌដូនពេញ 4-លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ 5- លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងនគរបាលខណ្ឌដូនពេញ 6-លោក ហឿន ប្រសើរ ប្រធានការិយាល័យសេដ្ឋកិច្ច 7-លោក កាន់ វរ: ក្រឡាបញ្ជីនៃអយ្អយការអមសាលាដំបូងរាជធានីភ្នំពេញ ជា 8-លោក មាស បូរិន ចៅរងទី1 សាលាសង្កាត់បឹងរាំង 9-លោក វរសេនីយ៍ត្រី ប៊ុន ប្រុស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង។ 10-លោក ភោគ សោភ័ណ្ឌ មេភូមិ4 សង្កាត់បឹងរាំង ។

ពេលចុះមកដល់ទីតាំងខាងលើនេះក្រុមការងារបានពិនិត្យឃើញជាក់ស្ដែងដូចខាងក្រោម: ទីតាំងបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើ ពេលនោះ ឈ្មោះ សេង ហុកសុខរស្មី បានសហការជាមួយកម្លាំងចំម្រុះ ឲ្យចូលពិនិត្យក្នុងទីតាំងខាងលើ រកឃើញវត្ថុតាងមួយចំនួន រួមមាន÷ 1- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន 2- កុំព្យូទ័រ Desktop ម៉ាកDell ពណ៌ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer 3- DVR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង 4-Tablet ម៉ាក Samsung 01គ្រឿង 5-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ខ្មៅ 01គ្រឿង និង កាបូបដៃ ពណ៌ខ្មៅចំនួន (របស់ឈ្មោះ សេង ហុកសុខរស្មី) 6- បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន 7-រូបថតសរសេរថា “វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2020។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ 167សជណ.អរហ ចុះថ្ងៃទី 07 ខែមេសា ឆ្នាំ2020របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ(ពិសេសស្រោមអនាម័យនិងទឹករំអិល)មានតម្រូវសង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ហេតុនេះក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន។ ក្រៅពីវត្ថុចាប់យកខាងលើ ក្រុមការងារចម្រុះពុំបានដកហូត ឬធ្វើឲ្យខូចខាតសម្ភារណាមួយនៅក្នុងទីតាំងខាងលើឡើយ និង បាននាំឈ្មោះ សេង ហុងសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ បន្ត ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020271101.txt · Last modified: 2020/11/27 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki