website_news:2020280202

របាយការណ៍របស់ CPU បង្ហាញពីការធ្លាក់ចុះករណីឃាតកម្មលើកុមារកម្ពុជា

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 28 February 2020 | 10:39 ICT

ភ្នំពេញៈ របាយការណ៍ប្រចាំឆ្នាំរបស់អង្គភាពការពារកុមារ (CPU) បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ កន្លងទៅ CPU បានសហការជាមួយនគរបាលជាតិកម្ពុជា ធ្វើការស៊ើបអង្កេតបទល្មើសដែលកើតមានលើកុមារចំនួន ២៧៤ ករណីនៅទូទាំងប្រទេសក្នុងនោះករណីឃាតកម្មមានការថយចុះពីឆ្នាំ ២០១៨ ខណៈអត្រាឃាត់ខ្លួនជនល្មើសមានកម្រិតខ្ពស់ដល់ ៨៧%។អង្គភាពការពារកុមារបានចាត់ទុកថា ឆ្នាំ ២០១៩ កន្លងទៅនេះគឺជាឆ្នាំដ៏មមាញឹកមួយក្នុងការបង្ក្រាបបទល្មើសទៅលើកុមារ ហើយក៏ជាការបង្ក្រាបមួយដែលឈានដល់មានការចាប់ខ្លួនជនដៃដល់បានខ្ពស់បំផុតរហូតដល់ទៅ ៨៧ ភាគរយ ដែលនេះជាលទ្ធផលមួយគួរឲ្យមោទនភាព។ នេះបើតាមរបាយការណ៍របស់អង្គការនេះដែលបានបង្ហោះនៅទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ២៤ កុម្ភៈ។

CPU បានអះអាងបន្ថែមថាចំនួនបទល្មើសឃាតកម្មទៅលើកុមារបានធ្លាក់ចុះដល់ ២៤ ករណី ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានដល់ទៅ ៣៣ ករណី។ ជាងនេះទៀតក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាតក៏បានស៊ើបអង្កេតលើគ្រប់ករណីឃាតកម្មទៅលើអនីតិជនក្រោមអាយុ ១៥ ឆ្នាំទូទាំងកម្ពុជាផងដែរ។ តាមរបាយការណ៍នេះ CPU ក៏បានថ្លែងអំណរគុណដល់អ្នកផ្តល់ជំនួយដល់អង្គភាពការពារកុមារផងដែរក្នុងនោះរាប់ទាំងអ្នកឧបត្ថម្ភ អ្នកគាំទ្រ ក្រុមការងារស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលជាដៃគូនៅក្រៅប្រទេសជាដើម។ «យើងមិនអាចទទួលលទ្ធផលដ៏ល្អនេះបានទេប្រសិនបើគ្មានការគាំទ្រ ការប្តេជ្ញា និងការខិតខំប្រឹងប្រែងពីអ្នកទាំងអស់គ្នា»។ បើតាមរបាយការណ៍ដដែលក្នុងឆ្នាំ ២០១៩ CPU បានកសាងក្រុមការងារជំនាញបច្ចេកទេសវិទ្យាសាស្ត្រដែលមានលោក Ray KIRWAN មន្ត្រីជំនាញកោសល្យវិច័យមកពីអូស្ត្រាលីជាប្រធានក្រុម។ បន្ថែមពីនេះក៏បានបង្កើតក្រុមការងារស៊ើបអង្កេតបទល្មើសទៅលើកុមារតាមបណ្តាញអ៊ីនធឺណិត (ICAC) ដែលជាក្រុមការងារដំបូងប្រភេទនេះក្នុងប្រទេសកម្ពុជាផងដែរ។

លោក James McCabe Director of Operations CPU បានលើកឡើងនៅលើទំព័រហ្វេសប៊ុកកន្លងទៅថា លោកបានបង្កើតអង្គភាពការពារកុមារដោយចាប់ដៃគូជាមួយអង្គការ Cambodian Children's Fund និងនគរបាលជាតិកម្ពុជា តាំងពីឆ្នាំ ២០១៣ មក។ លោក បន្តថាការបង្កើតអង្គការនេះឡើងក៏ដើម្បីការពារកុមារកម្ពុជា ដែលមិនអាចការពារខ្លួនរបស់ពួកគេបានខ្លួនឯងក្នុងន័យធានាបានថា ជនល្មើសដែលប្រព្រឹត្តសកម្មភាពរំលោភបំពានលើកុមារ ត្រូវបានទទួលទោសទៅតាមច្បាប់។ លោកបញ្ជាក់ថា៖ «ខ្ញុំនឹងមិនបង្ហាញរូបភាព (កុមារ) ដែលធ្វើឲ្យតក់ស្លុតដែលខ្ញុំបានជួបប្រទះនៅពេលចុះបំពេញការងារជារៀងរាល់ថ្ងៃនោះទេ។ ស្ថានភាពទាំងនោះគឺជាសោកនាដកម្មដែលមិនត្រូវបន្តធ្វើការចែករំលែក បើទោះជារូបភាពសោកនាដកម្មទាំងនេះបានផ្តល់ចំណេះដឹងខ្លះ នាំឲ្យមានការភ័យខ្លាចទៅនឹងការរំលោភបំពានទាំងនោះក៏ដោយ»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលស្វាគមន៍ចំពោះកិច្ចសហការដោយស្មោះត្រង់របស់អង្គការសង្គមស៊ីវិលទាំងអស់ ដូចជា អង្គភាពការពារកុមារនេះជាដើម។ លោកស្រីក៏បានលើកឡើងដែរថា ការសហការបង្ក្រាបបទល្មើសដែលកើតមានលើកុមារនេះគឺអាទិភាពបំផុតដែលរដ្ឋាភិបាលតែងតែដាក់គោលដៅ និងផ្តល់ការសហការជាមួយអង្គការជាដៃគូ ខណៈបទល្មើសកើតមានលើកុមារទាំងនេះកំពុងបន្តកើតមាននៅឡើយមិនថាតែនៅកម្ពុជានោះទេ។លោកស្រីបន្ថែមថា៖ «ចាប់ផ្តើមមានកត្តាជាច្រើនដែលក្នុងនោះក៏មានការទាក់ទាញតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យកុមារ មានភាពរងគ្រោះច្រើនជាងមុន។ តាមពិតទៅរដ្ឋាភិបាលកម្ពុជាយើងមិនអាចធ្វើបានតែម្នាក់ឯងទេ គឺត្រូវការការចូលរួមពីពលរដ្ឋ គ្រប់ទីកន្លែង និងអង្គការជាដៃគូ»។ ជាមួយនឹងការលើកឡើងនេះលោកស្រី ជូ ប៊ុនអេង បានប្រកាសទទួលការសហការជាមួយបណ្តាអង្គការសង្គមស៊ីវិលដទៃទៀតដែលមានគោលដៅរួមគ្នា ដើម្បីទប់ស្កាត់អំពើហិង្សា ការរំលោភបំពានលើកុមារ ជាពិសេសឃាតកម្មមកលើកុមារកម្ពុជាដែលនៅតែបន្តកើតមានក្នុងពេលបច្ចុប្បន្ន៕

website_news/2020280202.txt · Last modified: 2020/02/28 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki