website_news:2020280205

យូនីសេហ្វៈ បណ្តាញសង្គមផ្តល់ឱកាសដល់កុមារ ប៉ុន្តែវាក៏ផ្តល់នូវហានិភ័យដែរ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 28 February 2020 | 10:12 ICT

ភ្នំពេញៈ អង្គការយូនីសេហ្វបានរកឃើញថា កុមារអាយុចាប់ពី ១១ ដល់ ១៨ ឆ្នាំ ដែលបានប្រើប្រាស់បណ្ដាញសង្គមដូចជា Instagram, Facebook, YouTube, WhatsApp, PubG និង Mobile Legends ទាំងក្មេងប្រុស និងក្មេងស្រីត្រូវបានរាយការណ៍ថា ពួកគេបានផ្ញើ និងត្រូវបានស្នើសុំឲ្យផ្ញើរូបភាពអាក្រាត ខណៈនាយិកាអង្គការនេះមើលឃើញថា បណ្តាញសង្គមផ្តល់នូវឱកាសធំធេងដល់កុមារ ប៉ុន្តែវាក៏ផ្តល់ឱ្យពួកគេនូវហានិភ័យផងដែរ ហើយហានិភ័យទាំងនេះកំពុងកើនឡើង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យអង្គការយូនីសេហ្វដែលដាក់នៅលើរបាយការណ៍របស់អង្គការនេះប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្តីអំពីឧក្រិដ្ឋកម្មលើការសិក្សាពីការប្រើប្រាស់បណ្ដាញសង្គមនៅក្នុងតំបន់អាស៊ីបូព៌ាក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដោយបានប្រមូលព័ត៌មានពីការយល់ឃើញរបស់កុមារអាយុចាប់ពី ១១ ដល់ ១៨ ឆ្នាំចំនួន ៣០១ នាក់ និងការពិនិត្យលើឯកសារស្រាវជ្រាវដែលមានស្រាប់ និងការប្រមូលទិន្នន័យក្នុងប្រទេសទាំង ៤ នេះ។ សេចក្ដីប្រកាសព័ត៌មាននេះដាក់ចំណងជើងធំៗថា៖ «កសាងភាពធន់សម្រាប់កុមារ ដើម្បីជួយពួកគេឲ្យមានសុវត្ថិភាពនៅលើបណ្ដាញសង្គម» និងចំណងជើងទី ២ សរសេរថា «ជីវិតយើងនៅលើអ៊ីនធឺណិត៖ ការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ និងមនុស្សវ័យជំទង់នៅអាស៊ីបូព៌ា៖ ឱកាសហានិភ័យ និងគ្រោះថ្នាក់»។

ការសិក្សានេះក៏ប្រមូលទស្សនៈយល់ឃើញរបស់ក្រុមកុមារដែលជាធម្មតាមិនត្រូវបានគេបញ្ចូលនៅក្នុងការសិក្សាប្រភេទនេះ ដូចជាកុមារមកពីគ្រួសារមានប្រាក់ចំណូលទាប កុមារជួបការលំបាក កុមារមានពិការភាព កុមារអនាថា និងកុមារជាជនភៀសខ្លួនជាដើម។ ក្នុងប្រទេសដែលត្រូវបានសិក្សាទាំងនេះ ប្រធានបទចំនួន ៣ បានលេចឡើងក្នុងនោះរួមមាន ការខ្វះខាតចំណេះដឹងឌីជីថលក្នុងចំណោមឪពុក ម្ដាយ និងអ្នកថែទាំកុមារ ការឆ្លើយតបបែបរឹតត្បិតពីសំណាក់មនុស្សពេញវ័យ ចំពោះការយល់ឃើញពីការប្រព្រឹត្ដអំពើឆ្គាំឆ្គងរបស់កុមារពេលប្រើប្រាស់បណ្ដាញសង្គម និងការខ្វះវិធីសាស្ដ្រផ្អែកលើភ័ស្តុតាងសម្រាប់ជួយឲ្យកុមារមានសុវត្ថិភាពនៅលើអ៊ីនធឺណិត។ របាយការណ៍នេះបានផ្ដោតលើហានិភ័យនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារនៅលើអ៊ីនធឺណិត ហើយបានផ្ដល់វិធីសាស្ដ្រការពារកុមារឲ្យទៅយូនីសេហ្វ និងដៃគូផងដែរ។

លោកស្រី ខារិន ហ៊ុលហ្ស៊ុប នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានថ្លែងថា បណ្តាញសង្គមផ្តល់នូវឱកាសធំធេងដល់កុមារ ប៉ុន្តែវាក៏ផ្តល់ឱ្យពួកគេនូវហានិភ័យផងដែរ ហើយហានិភ័យទាំងនេះកំពុងកើនឡើង។ ការហាមមិនឱ្យពួកគេប្រើបណ្តាញសង្គម មិនមែនជាការឆ្លើយតបដើម្បីការពារកុមារពីហានិភ័យ និងគ្រោះថ្នាក់នោះទេ។ លោកស្រីបន្ដថា៖ «យើងចាំបាច់ត្រូវស្វែងយល់ពីហានិភ័យដែលកុមារកំពុងប្រឈមលើអ៊ីនធឺណិត របៀបដែលពួកគេប្រើបណ្តាញសង្គមរបៀបដែលពួកគេយល់ពីហានិភ័យដែលពួកគេប្រឈម និងជំហាន (ប្រសិនបើមាន) ដែលពួកគេអាចអនុវត្តដើម្បីការពារខ្លួន។ ខ្ញុំជឿជាក់ថា របាយការណ៍នេះនឹងចូលរួមចំណែកក្នុងការសម្រួចការពិភាក្សា និងរៀបចំកម្មវិធីផ្តោតលើការការពារកុមារតាមអ៊ីនធឺណិតក្នុងតំបន់ និងរក្សាសុវត្ថិភាពកុមារ»។

របាយការណ៍ខ្លីនេះបានរកឃើញថា កុមារនៅតំបន់អាស៊ីបូព៌ាប្រើវិធីសាស្ត្រដូចគ្នាទៅនឹងអ្វីដែលគេបានឃើញនៅទូទាំងពិភពលោក ដើម្បីការពារខ្លួននៅតាមអ៊ីនធឺណិតដូចជា ការកំណត់គណនី និងព័ត៌មានផ្ទាល់ខ្លួន (Profile) ជាឯកជន និងបិទមិនឲ្យផ្ញើសារ និងរូបភាពចូលដោយមិនបានស្នើសុំពីមនុស្សចម្លែកៗ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ប៉ុន្តែកុមារព្រមទទួលយកសំណើសុំជជែក (chat) និងសំណើសុំធ្វើមិត្តភក្តិ (friend request) ពីមនុស្សចម្លែកៗ ជាពិសេសអ្នកដែលអះអាងថា ខ្លួនជាមនុស្សស្រី ព្រោះកុមារមិនសូវចាត់ទុកមនុស្សស្រីជាជនចម្លែកនៅក្នុងបរិបទអ៊ីនធឺណិតឡើយ។ កុមារនឹងបិទទំនាក់ទំនងជាមួយអ្នកទាំងនោះ នៅពេលណាដែលការសន្ទនាខុសពីចិត្តរបស់ពួកគេតែប៉ុណ្ណោះ។

របាយការណ៍នេះបញ្ជាក់ថា៖ «ទាំងក្មេងប្រុស និងក្មេងស្រីត្រូវបានរាយការណ៍ថា ពួកគេបានផ្ញើ និងត្រូវបានស្នើសុំឲ្យផ្ញើរូបភាពអាក្រាត។ កុមារ ២ នាក់ក្នុងចំណោម ៥ នាក់នៅក្នុងក្រុមពិភាក្សា (focus group) សម្រាប់ការស្រាវជ្រាវនេះបានរាយការណ៍ថា ពួកគេមានបទពិសោធមិនល្អទាល់តែសោះ ហើយពួកគេមិនចង់ប្រាប់នរណាម្នាក់អំពីរឿងនោះឡើយ។ ជាងពាក់កណ្តាលនៃចំនួនកុមារបានជួបអ្នកដែលគេស្គាល់តាមអ៊ីនធឺណិតជាលើកដំបូងក្នុងជីវិតពិត ហើយភាគច្រើននៃកុមារសង្ឃឹមថាពួកគេអាចបង្កើតទំនាក់ទំនងស្នេហា។ ក្នុងករណីភាគច្រើនពួកគេមិនបានរាយការណ៍អំពីគ្រោះថ្នាក់ពីការជួបគ្នានោះទេ ប៉ុន្តែបែរជាលើកឡើងពីការខកចិត្តទៅវិញ»។ របាយការណ៍នេះបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ក្រុមគ្រួសារ សាលារៀន សហគមន៍ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតដែលក្នុងនោះមានធ្វើឱ្យប្រសើរឡើងនូវការគាំទ្រសម្រាប់ការចិញ្ចឹមកូនតាមប្រព័ន្ធឌីជីថល និងការចិញ្ចឹមកូនក្នុងយុគសម័យឌីជីថលដូចជាការគ្រប់គ្រងកូនតាមបែបឌីជីថលគួរតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីចិញ្ចឹមកូនដែលផ្អែកលើភ័ស្តុតាង ហើយគួរពិចារណាបែងចែកកម្រិតខុសគ្នានៃចំណេះដឹងឌីជីថលក្នុងចំណោមអ្នកមើលថែទាំកុមារដែលជាស្ត្រី និងបុរសក៏ដូចជាកំណត់ពីកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

កាលពីថ្ងៃទី ១១ ខែកុម្ភៈនេះអង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រសួងពាក់ព័ន្ធបានសហការគ្នាធ្វើយុទ្ធនាការស្ដីពីការ «ការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតសីលធម៌សង្គម និងតម្លៃគ្រួសារ» ដើម្បីលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិតបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពពិសេសក្នុងចំណោមកុមារ និងយុវវ័យនៅកម្ពុជាផងដែរក្នុងនោះមានកុមារប្រមាណ ៦០០ នាក់បានចូលរួម។

អង្គការសកម្មភាពដើម្បីកុមារបានចេញសេចក្ដីប្រកាសព័ត៌មានថា ឪពុកម្ដាយ អ្នកមើលថែកុមារ និងគ្រូបង្រៀនគួរតែណែនាំកុមារឲ្យឆ្ពោះទៅរកការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ដោយផ្ដល់ឲ្យពួកគេនូវឧបករណ៍ និងចំណេះដឹង ដើម្បីមានជម្រើសកាន់តែល្អប្រសើរជាងមុន ខណៈក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតអាចជួយបង្កើតសុវត្ថិភាពអ៊ីនធឺណិតតាមរយៈការផ្សព្វផ្សាយនូវមាតិកាល្អៗ និងសេវាកម្មប្រកបដោយសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិតដោយភាពទទួលខុសត្រូវដល់សង្គម៕

website_news/2020280205.txt · Last modified: 2020/02/28 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki