website_news:2020280501

សម្តេច ស ខេង ស្នើសមត្ថកិច្ចទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនច្រករបៀងព្រោះអ្នកនាំទៅករណីជួញដូរមនុស្ស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១១:១០ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យសមត្ថកិច្ចនៅច្រកព្រំដែនទាំងអស់ ធ្វើការទប់ស្កាត់ការលួចឆ្លងកាត់របស់ពលករខ្មែរចូលទឹកប្រទេសថៃព្រោះវាជាអំពើខុសច្បាប់ ហើយជាករណីជួញដូរមនុស្សផងដែរ ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង យ៉ាងដូច្នេះថា៖ «ការលួចឆ្លងកាត់ព្រំដែនត្រឡប់ទៅថៃវិញអាហ្នឹងសុំឲ្យបណ្តា សមត្ថកិច្ចនៅជាប់ព្រំដែនខិតខំប្រមូលកម្លាំង ដើម្បីជួយទប់ស្កាត់ ពិសេស គឺថានៅតាមច្រកព្រំដែនផ្លូវការយើងបិទហើយ ប៉ុន្តែតាមច្រកតាមរបៀងគាត់ទៅបាន ។ រឿងនេះច្បាស់លាស់ណាស់ ហើយនៅពេលចាប់បាន គឺមេក្លោងពិតជាអ្នកជួញដូរហើយ» ។

សម្តេច ស ខេង ក៏បានស្នើដល់សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ចំពោះនាំពលករលួចចូលតាមច្រករបៀង ព្រោះថា នៅពេលនាំចូលដល់ប្រទេសថៃជាអំពើខុសច្បាប់ ។ សម្តេចថា ៖«អ្នកទៅក៏ខុសច្បាប់ អ្នកដែលនាំគេទៅក៏រឹតតែខុសច្បាប់ ហើយឃុបឃិតជាមួយក្រុមហ៊ុនឯកជននៅថៃក៏ខុសច្បាប់ អីញ្ចឹងហើយខ្ញុំស្នើសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់មិនថា សមត្ថកិច្ចណានោះទេ គឺទាំងកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដ៏ទៀតទេ ដែលពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងស្កាត់ខុសច្បាប់ទៅប្រទេសថៃជាពិសេស» ។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់គ្រប់វិធានការណ៍ទាំងវិធានការណ៍ផ្សព្វផ្សាយអប់រំ ធ្វើតាមគ្រប់ទម្រង់ ដោយផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល និងវិធានការជំនាញ ។

សម្តេចបញ្ជាក់ថា៖«យើងបានធ្វើសកម្មភាពជាច្រើនជួយប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងធ្វើការនៅប្រទេសគោលដៅតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថានទូត ឬស្ថានដំណាងជាមួយពលកររស់នៅ និងធ្វើការនៅទីនោះព្រមទាំងបានជួយដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងភាពរងគ្រោះ និងភាពងាយរងគ្រោះរបស់ពលករផងដែរ» ។ ចំពោះការអនុវត្តច្បាប់វិញ អគ្គស្នងការនគបាលជាតិស្នងការដ្ឋាននគបាលរាជធានី ខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានតាមដានស្រាវជ្រាវអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មជួញដូរ ផ្លូវភេទបានច្រើនករណី ។ ប្រតិបតិ្តការណ៍សង្គ្រោះជនរងគ្រោះបានជាច្រើនក្នុងនោះមានអ្នកមានអាយុក្រោម១៨ឆ្នាំ ហើយបានប្រគល់ទៅមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារវិញផងដែរ ។ សម្តេចក៏បានឲ្យដឹងពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានប្រមាណជាង១ម៉ឺននាក់ ហើយមកដល់ពេលនេះបានត្រឡប់មកស្រុកវិញប្រមាញ៩ពាន់នាក់ ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរចូលទៅប្រទេសថៃតាមមេខ្យល់ គឺជារលកថ្មីនៃការជួញដូរមនុស្សស្របពេលថៃបានបន្ដរឹតបន្ដឹងនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា នៅក្នុងស្ថានភាពកូវីដ-១៩ មានមេខ្យល់ពលករខ្មែរត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់ ។ លោកស្រីបន្ដថា បញ្ហាទាំងនេះធ្វើឲ្យពលករជាច្រើនខាត់បង់ថវិកាតាមរយៈឲ្យថវិកាទៅមេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេសក៏ខាត់ពេល វេលាដែលធ្វើដំណើរគេចវេសពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញត្រូវដាក់ដោយឡែករយៈ ពេល១៤ថ្ងៃផងដែរ ។ លោកស្រីថា «នេះជារលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែនដែលនាងខ្ញុំក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសូមអំពាវនាវទៅដល់ក្រុម ការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តជាមួយរាជរដ្ឋាភិបាល»៕

website_news/2020280501.txt · Last modified: 2020/05/28 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki